ស្តេច​ថ្នាំញៀន​ឡាវ ត្រូវ​ថៃ​កាត់ទោស​អោយ​ជាប់គុក​មួយជីវិត​

1324
ចែករម្លែក

​ស្តេច​ថ្នាំញៀន​ឡាវ​ដ៏​ល្បី​ម្នាក់ ដែលមាន​រហស្សនាម​ថា​Mr X ត្រូវបាន​តុលាការ​មួយ​ក្នុង​ក្រុង​បាងកក​កាត់ទោស​អោយ​ជាប់គុក​មួយជីវិត​​កាលពី​ថ្ងៃ​អង្គារ​ទី​២០​មីនា ខណៈពេល​ថៃ​តស៊ូ​នឹង​ការជួញដូរ​ថ្នាំញៀន​កាត់​ព្រំដែន​ដ៏​ច្រើន​មិន​ធ្លាប់មាន​។​

​សាយ​សា​ណា កែវ​ពី​ម​ផា ជនជាតិ​ឡាវ ដែល​មុន​ការចាប់ខ្លួន​បាន​អួតអាង​អំពី​ការ​មាន​ទំនាក់ទំនង​ជាមួយ​ពួក​តារា​និង​រថយន្ត​ស្ព័​រ​នៅ​​តាម​បណ្តាញ​សង្គម​នោះ ត្រូវបាន​ចាប់​ឃាត់ខ្លួន​នៅ​អាកាសយានដ្ឋាន​ក្រុង​បាងកក​កាលពី​ខែមករា​ឆ្នាំមុន​។​គាត់​ត្រូវបាន​ចោទប្រកាន់​​ថា​ជា​មេក្លោង​នៃ​ក្រុម​ជួញដូរ​ថ្នាំ​មេ​តំ​ហ្វេ​តា​មីន​រាប់​តោន​ពី​មី​យ៉ាន់​ម៉ា និង​ឡាវ​ចូលមកក្នុង​ប្រទេស​ថៃ​។​

​ភាគខាងត្បូង​ឡាវ ត្រូវបាន​ពួក​ឈ្មួញ​ថ្នាំញៀន​ប្រើប្រាស់​ជា​ច្រក​សំរាប់​ដឹកជញ្ជូន​ថ្នាំញៀន​ចូល​ទីផ្សារ​ថៃ ម៉ាឡេស៊ី​និង​រហូតដល់​អូស្ត្រាលី​​និង​ជប៉ុន​ថែមទៀត​។​

​តុលាការក្រុង​បាងកក​មួយ​កាលពី​ដំបូង បានសំរេច​ទោស​ប្រហារជីវិត​សាយ​សា​ណា​តែ​បាន​បន្ថយ​មក​នៅ​ជាប់គុក​មួយជីវិត​ក្រោយ​ជន​​នេះ​បានទទួល​ស្គាល់​ការចោទប្រកាន់​ជាច្រើន​ពាក់ព័ន្ធ​ការជួញដូរ​ថ្នា​ញៀន រួមមាន​ថ្នាំ​មេ​តំ​ហ្វេ​តា​មីន​១,២​លាន​គ្រាប់​ដែល​ប៉ូលិស​ចាប់​​បាន​កាលពី​ឆ្នាំ​២០១៦​ផង​៕​ដោយ​៖​វាសនា​