ស្តេច​ម៉ាឡេស៊ី​ផ្តល់​ការលើកលែងទោស​ដល់​មេ​បក្ស​ប្រឆាំង​អាន់​វ៉ា ដើម្បី​វិល​មក​កាន់​នយោបាយ​វិញ​

1067
ចែករម្លែក

នាយករដ្ឋមន្រ្តីទើបត្រូវបានតែងតាំង បានអះអាងកាលពីថ្ងៃសុក្រទី១១ឧសភាថា ស្តេចម៉ាឡេស៊ី បានយល់ព្រមលើកលែងទោសអោយលោកអាន់វ៉ា អ៊ីប្រាហ៊ីមដើម្បីបើកផ្លូវអោយមេដឹកនាំប្រឆាំងរូបនេះវិលមកកាន់នយោបាយវិញនិងក៏អាចក្លាយជានាយករដ្ឋមន្រ្តីផងដែរ។

វាជាការវិវត្តន៍សភាពការណ៍ដ៏គំហុកចុងក្រោយមួយបន្ទាប់ពីសម្ពន្ធភាពប្រឆាំងរបស់លោកមហាធៀ ម៉ូហាម៉ាត បានយកឈ្នះក្រុមចំរុះកាន់អំណាចBarisan Nasional (BN) គួរអោយភ្ញាក់ផ្អើល ដោយបញ្ចប់ការកាន់កាប់អំណាចអស់ពេល៦ទសវត្សរ៍នៃរបបដែលរុំព័ទ្ធដោយអំពើពុករលួយនេះ។

មហាធៀ បានស្បថចូលកាន់តំណែងកាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយក្លាយជានាយករដ្ឋមន្រ្តីវ័យចំណាស់បំផុតនៅអាយុ៩២ឆ្នាំ។លោកបានកាត់ផ្តាច់ទំនាក់ទំនងជាមួយBN ដោយសារតែការចោទប្រកាន់ថា មេបក្សនិងជនធ្លាប់ក្រោយការជួយទំនុកបំរុងរបស់លោកគឺ លោកណាជីប រ៉ាហ្សាក់ បានធ្វើអោយបាត់លុយរាប់ពាន់លាន
ដុល្លារពីមូលនិធិ 1MDB។

អ្នកនយោបាយវ័យចំណាស់នេះបានចូលរួមកម្លាំងជាមួយបណ្តាបក្សប្រឆាំង ដែលធ្លាប់ប្រឆាំងលោកកាលពីលោកកាន់អំណាច និងបានព្រមព្រៀងថា បើសិនជាជាប់ឆ្នោត លោកនឹងប្រគល់តំណែងនាយករដ្ឋមន្រ្តីទៅលោកអាន់វ៉ា ដែលធ្លាប់ជាអតីតគូសត្រូវរបស់លោក។

ទោះជាយ៉ាងណា កាលពីមុនលោកមហាធៀបាននិយាយថា លោកទំនងជាកាន់តំណែងនាយករដ្ឋមន្រ្តី២ទៅ៣ឆ្នាំមុនប្រគល់អោយលោកអាន់វ៉ា។

អាន់វ៉ា ដែលបច្ចុប្បន្នអាយុ៧០ឆ្នាំ ត្រូវបានកាត់ទោសដាក់គុកនៅឆ្នាំ២០១៥ ក្នុងអំឡុងពេលកាន់អំណាចរបស់លោកណាជីប ហើយត្រូវចេញពីគុកនៅខែក្រោយ។តែលោកមហាធៀ បានប្រាប់សន្និសីទកាសែតថា ស្តេចស៊ុលតង់ មូហាម៉ាតទី៥ ក្នុងជំនួបមួយជាមួយបណ្តាមេដឹកនាំប្រឆាំង បានបញ្ជាក់ថាព្រះអង្គមានបំណងលើកលែងទោស លោកអាន់វ៉ាក្នុងពេលឆាប់ៗ។

ការលើកលែងទោសមានន័យថា លោកអាន់វ៉ាអាចវិលមកកាន់នយោបាយភ្លាម ហើយបើគ្មានវាទេ លោកនៅជាប់បំរាមធ្វើនយោបាយ៥ឆ្នាំ។

ក្នុងសន្និសីទកាសែត លោកមហាធៀក៏បានប្រកាសថាតំណែងគណៈរដ្ឋមន្រ្តីចំនួន១០នឹងត្រូវបំពេញនៅថ្ងៃសៅរ៍ទី១២ឧសភា រួមមានហិរញ្ញវត្ថុការពារជាតិនិងការបរទេស។

នៅពេលត្រូវបានគេសួរអំពី1MDB លោកបានចោទប្រកាន់អគ្គរដ្ឋអាជ្ញា ម៉ូហាម៉េត អាលី អាប៉ាន់ឌី ដែលបានសំរេចអោយលោកណាជីបរួចផុតពីរឿងអាស្រូវនេះនោះថាបានធ្វើអោយខូចជំនឿទុកចិត្តរបស់ប្រទេសខ្លួនឯងផ្ទាល់។

នៅឆ្នាំ២០១៦ អាប៉ាន់ឌី បាននិយាយថា គ្រួសារស្តេចអារ៉ាប៊ីសាអូឌីតមួយគឺជាប្រភពនៃប្រាក់៦៨១លានដុល្លារដែលត្រូវបានគេរកឃើញនៅក្នុងគណនីរបស់លោកណាជីបនិងបានបិទការស៊ើបអង្កេតករណី1MDB៕ដោយ៖វាសនា