ស្តេច​អា​រ៉ា​ប៊ី​សា​អូឌីត​ អំពាវនាវ​ឱ្យ​បណ្តា​រដ្ឋ​ឈូង​សមុទ្រ​ពែ​ក្ស​ទប់​ទល់នឹង​អំពើ​ឧក្រិដ្ឋ​របស់​អ៊ីរ៉ង់​

444
ចែករម្លែក

​ព្រះមហាក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត សាល់​ម៉ាន់ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០​ឧសភា បាន​បង្កើន​វោហា​រសាស្ត្រ​ប្រឆាំងនឹង​ប្រទេស​អ៊ីរ៉ង់ ដោយបាន​អំពាវនាវ​ឱ្យ​បណ្តា​រដ្ឋ​ឈូង​សមុទ្រ​ពែ​ក្ស​ទប់​ទល់នឹង​សកម្មភាព “​ឧក្រិដ្ឋ​” របស់​អ៊ីរ៉ង់ បន្ទាប់ពី​ការវាយប្រហារ​ជា​បន្តបន្ទាប់​បាន​បង្កឱ្យមាន​ការបារ​ម្ភ​អំពី​ការប្រយុទ្ធ​គ្នា​នៅក្នុង​តំបន់​។​

​បន្ទូល​របស់​ទ្រង់​សាល់​ម៉ាន់​ នៅឯ​ការចាប់ផ្តើម​នៃ​កិច្ចប្រជុំ​កំពូល​ឈូង​សមុទ្រ​ពែ​ក្ស​ដ៏​បន្ទាន់​នៅក្នុង​ទីក្រុង​មេកា បាន​កើតឡើង​មួយថ្ងៃ ក្រោយពី​លោ​កច​ន បូល​តុ​ន ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាម៉េរិក បាន​និយាយថា អ៊ីរ៉ង់​ស្ទើរតែ​ច្បាស់ការ​ទៅហើយ​ថា​ជា​អ្នក​នៅ​ពីក្រោយ​ការបំផ្លិចបំផ្លាញ​នាវា​ចំនួន​បួន​គ្រឿង ​រួមទាំង​នាវា​ដឹក​ប្រេង​អា​រ៉ា​ប៊ី​សា​អូឌីត​ពីរ​គ្រឿង​នៅក្បែរ​ឆ្នេរ​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​។ រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​បាន​ទាត់ចោល​ការចោទប្រកាន់​នេះ​។​

​ទន្ទឹមនឹង​នោះដែរ ពួក​ឧទ្ទាម​នៅ​ប្រទេស​យេ​ម៉ែន​ដែលមាន​ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់ បាន​បង្កើន​ការវាយប្រហារ​ដោយ​យន្តហោះ​ដ្រូ​ន​មកលើ​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ការវាយប្រហារ​មួយ​ក្នុងចំណោម​នោះបាន​នាំឱ្យមាន​ការបិទ​បណ្តោះអាសន្ន​នូវ​បំពង់​បង្ហូរ​ប្រេង​ដ៏​សំខាន់​មួយ​។​

​ស្តេច​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​មានបន្ទូល​ប្រាប់​ទៅ​ក្រុម​មេដឹកនាំ​ឈូង​សមុទ្រ​ពែ​ក្ស​របស់​អារ៉ាប់​នៅ​ទីក្រុង​មេកា យ៉ាង​ដូច្នេះ “​ការជ្រៀតជ្រែក​របស់​អ៊ីរ៉ង់​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​បណ្តា​ប្រទេស​ក្នុង​តំបន់ ការអភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល និង​ការគំរាមកំហែង​ដល់​ការដឹកជញ្ជូន​តាមផ្លូវ​ទឹកជា​អន្ដរជាតិ គឺជា​ការគំរាមកំហែង​ដល់​ការផ្គត់ផ្គង់​ប្រេង​ពិភពលោក​”​។​

​ព្រះអង្គ​បាន​បន្ថែមថា “​អំពើ​ឧក្រិដ្ឋ​នាពេល​ថ្មីៗ​នេះ​របស់​អ៊ីរ៉ង់​…​ទាមទារ​ឱ្យ​យើង​ទាំងអស់គ្នា​ធ្វើការ​យ៉ាង​ហ្មត់ចត់​ដើម្បី​ការពារ​សន្តិសុខ​…​របស់​បណ្តា​ប្រទេស GCC (​ក្រុមប្រឹក្សា​កិច្ចសហប្រតិបត្តិការ​ឈូង​សមុទ្រ​ពែ​ក្ស​)” ពោលគឺ​សំដៅ​ទៅលើ​ការ​វាយប្រហារ​លើ​ទីតាំង​ប្រេង​នៅ​ឈូង​សមុទ្រ​ពែ​ក្ស​។​

​អារ៉ាប់​ប៊ី​សា​អូឌីត ដែលជា​សម្ព័ន្ធមិត្ត​រឹងមាំ​របស់​អាម៉េរិក កំពុង​ទទួល​ស្វាគមន៍​មេដឹកនាំ​មកពី​ទូទាំង​ពិភព​អារ៉ាប់​និង​មូស្លីម​សម្រាប់​កិច្ចប្រជុំ​បន្ទាន់​អំពី​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស​និង​អារ៉ាប់ និង​កិច្ចប្រជុំ​មួយទៀត​នៃ​ប្រមុខរដ្ឋ​មកពី​ប្រទេស​អ៊ីស្លាម​៕ ដោយ៖ កញ្ញាដាលីស/Ha

មេដឹកនាំ​នៃ​ពិភព​អារ៉ាប់​និង​មូស្លីម​កំពុងធ្វើដំណើរ​ឆ្ពោះ​មក​ទីក្រុង​មេកា