ស្តេច​អា​រ៉ា​ប៊ី​សា​អូឌីត​យល់ព្រម​ឱ្យ​កងទ័ព​អាម៉េរិក​ឈរជើង​នៅក្នុង​ប្រទេស​របស់​ព្រះអង្គ​ដើម្បី​ពង្រឹង​សន្តិសុខ​ក្នុង​តំបន់​

266
ចែករម្លែក

​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ SPA បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ទី​១៩​កក្កដា​ថា ព្រះមហាក្សត្រ​របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​យល់ព្រម​ឱ្យ​កងទ័ព​អាម៉េរិក​ឈរជើង​នៅក្នុង​ប្រទេស​របស់​ព្រះអង្គ​ដើម្បី​ពង្រឹង​សន្តិសុខ​និង​ស្ថិរភាព​នៅក្នុង​តំបន់​។​

​កាយវិការ​នេះ​បាន​កើតឡើង​ចំពេល​មាន​ភាព​តានតឹង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​ក្រុង​តេ​ហេ​រ៉ង់​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស​ដែល​បាន​ប៉ះពាល់​ដល់ទី​ផ្សារ​ប្រេង​ពិភពលោក​។​

​កាលពី​ថ្ងៃ​សុក្រ អ៊ីរ៉ង់​បាន​និយាយថា​ខ្លួន​បាន​រឹបអូស​យក​នាវា​ដឹក​ប្រេង​របស់​អង់គ្លេស​មួយគ្រឿង​នៅ​ច្រក​សមុទ្រ​ហ័​រ​មូស ប៉ុន្ដែ​បាន​បដិសេធ​ការអះអាង​របស់​វ៉ាស៊ីនតោន​ថា កងទ័ពជើងទឹក​អាម៉េរិក​បាន​បាញ់​ទម្លាក់​ដ្រូ​ន​របស់​អ៊ីរ៉ង់​កាលពីដើម​សប្ដាហ៍​នេះ​។​

SPA ដកស្រង់​សម្តី​មន្ត្រី​ក្រសួងការពារជាតិ​ម្នាក់ ដោយ​និយាយថា ការសម្រេចចិត្ត​នេះ​មានបំណង​បង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ការពារ​សន្តិសុខ​និង​ស្ថិរភាព​ក្នុង​តំបន់​និង​ដើម្បី​រក្សា​សន្តិភាព​របស់​តំបន់ ដោយ​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​លើសពីនេះ​ទេ​។

​ទំនាក់ទំនង​រវាង​វ៉ាស៊ីនតោន​និង​តេ​ហេ​រ៉ង់​ចាប់ផ្តើម​យ៉ាប់យ៉ឺន​កាលពី​ឆ្នាំមុន នៅពេល​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​បោះបង់ចោល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ រវាង​មហាអំណាច​ពិភពលោក​និង​អ៊ីរ៉ង់​។​

​នៅក្រោម​កិច្ចព្រមព្រៀង​នេះ ប្រទេស​អ៊ីរ៉ង់​បាន​យល់ព្រម​រឹតបន្តឹង​លើ​ការងារ​នុយក្លេអ៊ែរ ដែល​ក្រុម​ប្រទេស​លោកខាងលិច​មើលឃើញ​ជា​យូរ​មកហើយ​ថា​ជាការ​ងា​រស​ម្ងា​ប់​សម្រាប់​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​។ ប៉ុន្តែ​ចាប់តាំងពី​នោះមក​ទណ្ឌកម្ម​ត្រូវ​បានដាក់​ឡើងវិញ ដោយ​ធ្វើឱ្យប៉ះពាល់​យ៉ាងខ្លាំង​ដល់​សេដ្ឋកិច្ច​របស់​អ៊ីរ៉ង់​។​

​លោក​ត្រាំ​បាន​និយាយថា លោក​ចាត់ទុក​អា​រ៉ា​ប៊ី​សា​អូឌីត​ជា​ដៃគូ​ដ៏​សំខាន់​មួយ​នៅ​មជ្ឈិមបូព៌ា​និង​ជាការ​ទប់ទល់​នឹង​ឥទ្ធិពល​របស់​អ៊ីរ៉ង់​៕ ដោយ៖ កញ្ញាដាលីស

ស្តេច​សាល់​ម៉ាន់​យល់ព្រម​ឱ្យ​អាម៉េរិក​បោះទីតាំង​កងទ័ព​នៅក្នុង​ប្រទេស​របស់​ទ្រង់