ស្តេច​អេ​ស្ប៉ា​ញ​ថ្កោលទោស​ការព្យាយាម​ប្រកាស​ឯករាជ្យ​របស់​ជន​ជាតិ​កាតា​ឡាន​

600

​ព្រះមហាក្សត្រ​អេ​ស្ប៉ា​ញ ហ្វេ​លី​ប៉េ ទី​៦ (Felipe VI) បានធ្វើ​អន្តរាគមន៍​យ៉ាងខ្លាំង​ក្លា​កាលពី​ថ្ងៃ​អង្គារ​ទី ៣ ខែតុលា​ក្នុង​វិបត្តិ ជុំវិញ​ការព្យាយាម​ប្រកាស​ឯករាជ្យ​ដោយ​មេដឹកនាំ​កាតា​ឡាន ដោយ​ចោទប្រកាន់​ពួកគេ​ថា​គំរាមកំហែង​ដល់​ស្ថិរភាព​របស់​ប្រទេស​និង​ជំរុញ​រដ្ឋាភិបាល​ឱ្យ​ការពារ “​សណ្តាប់ធ្នាប់​រដ្ឋធម្មនុញ្ញ​” ។​

​ស្តេច​ព្រះជន្ម ៤៩ វស្សា​អង្គ​នេះ​បាន​បោះបង់ចោល​សំឡេង​ទន់ភ្លន់​ពីមុន​របស់​ទ្រង់​ជុំវិញ​ភាព​តានតឹង​ជាមួយ​តំបន់​កាតា​ឡូ​ញ៉ា (Catalonia) ខណៈ​ការប្រឈមមុខ​ដាក់គ្នា​បាន​ទាញ​អេ​ស្ប៉ា​ញ​ធ្លាក់​ចូលទៅក្នុង​បញ្ហានយោបាយ​ដ៏​ជ្រៅ​របស់ខ្លួន​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​មកនេះ​។​

​ព្រះអង្គ​បាន​មានបន្ទូល បន្ទាប់ពី​ប្រជាជន​កាតា​ឡាន​រាប់សែន​នាក់​បាន​ប្រមូលផ្តុំ​គ្នា​ទាំង​កំហឹង​ក្នុង​អំពើហិង្សា​ដោយ​ក្រុមប៉ូលិស​ប្រឆាំងនឹង​អ្នកបោះឆ្នោត អំឡុង​ការបោះឆ្នោត​ប្រជាមតិ​ហាមឃាត់​មួយ​ដើម្បី​ទាមទារ​ឯករាជ្យ​សម្រាប់​តំបន់​របស់​ពួកគេ​កាលពី​ថ្ងៃអាទិត្យ ទី​១​តុលា​។​

​ក្រុម​មេដឹកនាំ​ក្នុង​តំបន់​កាតា​ឡាន​បានរៀបចំ​ការបោះឆ្នោត​ដោយ​ផ្គើន​នឹង​រដ្ឋាភិបាល​ជាតិ ដែល​ចាត់ទុកថា​វា​ខុសច្បាប់ ដូចដែល​ព្រះអង្គ​ហ្វេ​លី​ប៉េ​បាន​មានបន្ទូល​កាលពី​ថ្ងៃ​អង្គា​រដែរ​។​

​ស្តេច​អេ​ស្ប៉ា​ញ​មានបន្ទូល​អំពី​ភាពជា​អ្នកដឹកនាំ​របស់​កាតា​ឡាន​យ៉ាង​ដូច្នេះ “​ជាមួយនឹង​ការប្រព្រឹត្ត​មិន​ទទួលខុសត្រូវ​របស់​ពួកគេ ពួកគេ​អាចធ្វើ​ឱ្យមាន​ហានិភ័យ​អស្ថិរភាព​សេដ្ឋកិច្ច​និង​សង្គម​របស់​កាតា​ឡូ​ញ៉ា​និង​អេ​ស្ប៉ា​ញ​ទាំងមូល​”​។​

​ព្រះអង្គ​បន្តទៀតថា “​ពួកគេ​បានដាក់​ខ្លួនឯង​ទាំងស្រុង​នៅ​ខាងក្រៅ​ច្បាប់​និង​លទ្ធិប្រជាធិបតេយ្យ​។ វា​ជាការ​ទទួលខុសត្រូវរ​បស់​រដ្ឋអំណាច​ស្របច្បាប់​ដើម្បី​ធានាឱ្យមាន​សណ្តាប់ធ្នាប់រ​ដ្ឋ​ធម្មនុញ្ញ​”៕ ដោយ៖ កញ្ញាដាលីស

ស្តេច​អេ​ស្ប៉ា​ញ ហ្វេ​លី​ប៉េ ទី​៦