ស្តេ​វិ​ន ចូ​វ លួច​រៀបការ​ស្ងាត់ៗ​?

637
ចែករម្លែក

​ថ្ងៃ​ណា​ក៏មាន​ពាក្យ​ចចាមអារ៉ាម​ដែរ គឺមាន​រហូត​តែម្តង​។ ត្បិត​ចូលចិត្ត​រក្សា​ឯកជន​ភាព ក៏ប៉ុន្តែ​អ្នកដឹកនាំ​រឿង​និង​ជា​តារា​សម្តែង លោក​ស្តេ​វិ​ន ចូ​វ មានរឿង​ចចាមអារ៉ាម​ច្រើនណាស់​និយាយ​ទាក់ទង​នឹង​រូបគាត់ ជាពិសេស​ជីវិត​ស្នេហា​។

​កាលពី​ខែមករា​ឆ្នាំ​២០១៩ មាន​ពាក្យ​ចចាមអារ៉ាម​ថា​គាត់​គឺជា​ឪពុក​អា​ថ៍កំ​បាំង​របស់​កូន​ទី​បី​របស់​តារា​ស្រី​ឈ្មោះ សេ​ស៊ី​ល​ឡា ជឿ​ង​។ ឥឡូវ មាន​ពាក្យ​ចចាមអារ៉ាម​ថា​គាត់​បាន​លួច​រៀបការ​ដោយ​សម្ងាត់​។

​ចាប់តាំងពី​គាត់​បែក​គ្នា​ពី​មិត្តស្រី​យូរ​ឆ្នាំ​របស់គាត់ គឺ​អ្នក​ស្នង​ក្រុមហ៊ុន​សំណង់ នាង​យូ វេ​ង​ហ្វេ​ង ក្នុង​ឆ្នាំ ២០១០ មក​នោះ ស្តេ​វិ​ន ចូ​វ អាយុ ៥៧ ឆ្នាំ​ទំនង​នៅ​លីវ​ទេ​សព្វថ្ងៃនេះ​។

​ប៉ុន្តែ ពាក្យ​ចចាមអារ៉ាម​បានចាប់ផ្តើម​ម្តងទៀត​កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន (១៥​កក្កដា​) នៅពេល​អតីត​អ្នករាយការណ៍​ព័ត៌មាន​កម្សាន្ត​ម្នា​ក់នៅ​ហុងកុង​បញ្ជាក់​អះអាងថា ស្តេ​វិ​ន ចូ​វ បាន​រៀបការ​ហើយ​។

​ក្នុងការ​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​អ្នកលេង​អ៊ីនធឺណិត​លើ​បណ្តាញ​សង្គម Weibo អំពី​របៀប​ដែល​ភាពយន្ត​ថ្មី​របស់​ស្តេ​វិ​ន ចូ​វ នឹង​លក់​សំបុត្រ​ដាច់​យ៉ាងម៉េច​នោះ អ្នករាយការណ៍​ព័ត៌មាន​ម្នាក់​នោះ​និយាយថា “​ជាមួយ​ការជំរុញ​ទឹកចិត្ត​ពី​ប្រពន្ធ​ថ្មី​របស់គាត់ ស្មារតី​តស៊ូ​របស់​ស្តេ​វិ​ន​នឹង​ស្ទុះ​ឡើងវិញ​សាជាថ្មី​។ បន្ទាប់ពី​ខាន​ទស្សនា​ភាពយន្ត​របស់​ស្តេ​វិ​ន​ជាច្រើន​ឆ្នាំ ទស្សនិកជន​ច្បាស់​ជា​រំភើបចិត្ត​។ ខ្ញុំ​ជឿថា ការលក់​សំបុត្រ​នឹង​ដាច់​ខ្លាំង​ជាក់​ជាមិនខាន​”​។

​ការឆ្លើយតប​នេះ​បានធ្វើឱ្យ​អ្នកលេង​អ៊ីនធឺណិត​មាន​ចម្ងល់​ជាខ្លាំង រហូត​ធ្វើឱ្យ​ពួកគេ​យល់ថា ស្តេច​កំប្លែង​រូបនេះ​ច្បាស់​ជា​បាន​រៀបការ​ដោយ​សម្ងាត់​។ ពួកគេ​បាន​ចូលទៅ​បណ្តាញ​សង្គម​ផ្ញើ​សារ​ជូនពរ​ល្អៗ​ដល់​គាត់​ទៀតផង​៕ ដោយ៖ កញ្ញាដាលីស

ស្តេ​វិ​ន ចូ​វ (​ទិន​ហ្វ៊ី​) និង អតីត​មិត្តស្រី​ឈ្មោះ កា​រ៉ែ​ន ម៉ុក