ជើងម្ខាង​ទម្ងន់៦០ គីឡូក្រាម​ ស្មើទម្ងន់មនុស្សម្នាក់

1327
ចែករម្លែក

​ជើង​របស់​ស្ត្រី​ម្នាក់​បាន​ហើម​ដល់​កម្រិត​ធំ​សម្បើម ក្នុងស្ថានភាព​ដែល​អាច​បណ្ដាល​ឱ្យស្លាប់​បាន​។ លោកស្រី រី​ស្យា បេ​ហ្គាំ (Rezia Begum) អាយុ ៤០ ឆ្នាំមាន​ជើង​ស្តាំ​ទម្ងន់​ប្រមាណ ៦០ គីឡូក្រាម​ដោយ​សង្ស័យ​កើតរោគ​ហើមជើង​ដំរី​។​

​ម្តាយកូន​ពីរ​មកពី​ប្រទេស​បង់​ក្លា​ដេ​សរូប​នេះ​បាន​រង​ការឈឺចាប់​ដោយសារ​ជំងឺ​នេះ​តាំងពី​កំណើត​កូន​ទី ២ របស់គាត់​កាលពី ១៨ ឆ្នាំមុន​។​

​ទោះបី​គេ​មិន​ច្បាស់​ថា​តើ​ជំងឺ​នេះ​ប៉ះពាល់​លោកស្រី​បេ​ហ្គាំ​របៀប​ណាក៏ដោយ ក៏ប៉ុន្តែ​លោកស្រី​និយាយថា​ពេលនេះ​គាត់​ពឹង​ផ្អែកលើ​ការគាំទ្រ​ពី​សាច់ញាតិ​។​

​លោកស្រី​បេ​ហ្គាំ​និយាយថា “​ខ្ញុំ​គឺ​ដូចជា​ស្ត្រី​ធម្មតា​ដទៃទៀត​ដែរ​ប៉ុន្តែ​ឥឡូវនេះ​ខ្ញុំ​គឺជា​បន្ទុក​ដ៏​លំបាក​ដល់​គ្រួសារ​ក្រីក្រ​របស់ខ្ញុំ​” ។​

​ទោះបីជា​លោកស្រី​ត្រូវបាន​យកចិត្តទុកដាក់​នៅ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ក្រុង​ដា​ក្កា​នៅ​ប្រទេស​បង់​ក្លា​ដេ​ស​ក៏ដោយ ក៏​លោកស្រី​នៅ​មិនទាន់​ចាប់ផ្តើម​ទទួលបាន​ព្យាបាល​នៅឡើយ​ទេ​។​

​ការវះកាត់​និង​ការធ្វើ​តេស្ត​បន្ថែម​ចាំបាច់​ត្រូវតែមាន មុនពេល​ការព្យាបាល​អាច​ចាប់ផ្តើមបាន​។​

​ទោះយ៉ាងណា មូលហេតុ​នៃ​ជំងឺ​របស់លោក​ស្រី​បេ​ហ្គាំ គឺ​មិនទាន់​ច្បាស់លាស់​នៅឡើយ​ទេ ប៉ុន្តែ​របាយការណ៍​មុនៗ នៃ​ករណី​ដទៃទៀត​បាន​បង្ហាញថា​ជំងឺ​នេះ​អាច​បណ្តាលមកពី​ព្រូន​ចូលក្នុង​ខ្លួន​តាមរយៈ​សត្វ​មូស​។​

​ប្រសិនបើ​ការ​ហើម​រីក​រាលដាល​ពី​ជើង​ទៅ​ពោះ នោះ​ស្ថានភាព​នេះ​អាច​បណ្តាល​ឱ្យស្លាប់​បាន​។​

​រោគ​ហើម​ជើងដំរី​ប៉ះពាល់​ដល់​មនុស្ស​ប្រមាណ ១២០ លាន​នាក់​នៅ​ទូទាំង​ពិភពលោក​៕ ដោយ៖ កញ្ញាដាលីស

លោកស្រី រី​ស្យា បេ​ហ្គាំ អាច​នឹង​ស្លាប់ ប្រសិនបើ​ការ​ហើម​រីក​រាលដាល​ពី​ជើង​ទៅ​ពោះ