ស្ត្រី​ចាំបាច់​ត្រូវតែ​អភិវឌ្ឍ​ខ្លួន​ដើម្បី​ទទួល​ចំណែក​ភាគរយ​ខ្ពស់​ក្នុង​ការងារ​

427
ចែករម្លែក
  • 60
    Shares

​ដោយ​៖​បូកគោ​/​កំពត​៖​ស្ត្រី​គ្រប់រូប​ត្រូវ​អភិវឌ្ឍ​ខ្លួន​ឱ្យមាន​សមត្ថភាព​ពេញលេញ​ដើម្បី​ចាប់យក​ភាគរយ​ខ្ពស់​ក្នុង​កិច្ចការងារ​សង្គម​ទាំង​ស្ថាប័នរដ្ឋ​អង្គការ​សង្គម​ស៊ីវិល​ក៏ដូចជា​វិស័យ​ឯកជន​។​នេះ​ជាការ​ជំរុញ​លើកទឹកចិត្ត​របស់​ថ្នាក់ដឹកនាំ​ខេត្ត​ជា​ស្ត្រី​មួយរូប​ដែល​បាននិងកំពុង​បំពេញ​តួនាទី​ក្នុង​ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ​។​

ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៨ ទិវា​សិទ្ធិនារី​អន្តរជាតិ​៨​មីនា ប្រារព្ធ​ឡើង​នៅ​សាល​មហោស្រព​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៩ លោកស្រី យូ សុគន្ធ អភិបាលរង​ខេត្តកំពត​បាន​មានប្រសាសន៍ថា​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​បាន​យកចិត្តទុកដាក់​ដោយ​ផ្តល់​តួនាទី​ចំពោះ​ស្ត្រី​ឱ្យមាន​ឱកាស​ចូលរួម​ក្នុង​កិច្ចការ​សង្គម​។

​សម្តេច​តេ​ជោ​តែងតែ​គិតគូរ​អំពី​គោលនយោបាយ​នៃ​ការលើកកម្ពស់​សិទ្ធិនារី​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​ក្នុងនាម​តំណាងឱ្យ​នារី​ទូទាំង​ខេត្ត​លោកស្រី​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​បាន​ផ្តល់ឱកាស និង​តួនាទី​ភារកិច្ច​គ្រប់ផ្នែក ទាំង​សង្គម ក៏ដូចជា​កិច្ចការ​នយោបាយ​ដល់​នារី​។

​លោកស្រី​អភិបាលរង​បាន​បន្តថា​ផ្អែកលើ​ករណីនេះ​ស្ត្រី​គ្រប់​ត្រូវ​អភិវឌ្ឍ​ខ្លួន​ឱ្យមាន​សមត្ថភាព​ពេញលេញ​ដើម្បី​ទទួល​ភាគរយ​ខ្ពស់​ក្នុង​កិច្ចការ​សង្គម​។​មាន​ចំណាប់អារម្មណ៍​ពាក់ព័ន្ធ​នឹង​ស្មារតី​នៃ​ទិវា​សិទ្ធិនារី​អន្តរជាតិ​នេះ​នារី​ជា​និស្សិត​មកពី​សាកលវិទ្យាល័យ​អង្គរ​ខេមរា​បាន​រៀបរាប់ថា​ពីមុនមក​គ្រួសារ​មួយចំនួន​មិនបាន​ផ្តល់​សិទ្ធិ​ដល់​ប្រពន្ធ​ឬ​កូនស្រី​ទេ​។​ក្នុង​គ្រួសារ​តែងតែ​ឱ្យ​តម្លៃ​លើ​ឪពុក​ឬ​ស្វាមី​ជា​មេដឹកនាំ​ដោយ​មិនបាន​ផ្តល់​តួនាទី​ចំពោះ​ស្ត្រី​ជា​ប្រពន្ធ​ទេ​។ នេះ មកពី​ការអប់រំ​នៅមានកម្រិត​។

​និស្សិត​ដដែល​បាន​បន្តថា បច្ចុប្បន្ន​ស្ត្រី​មាន​សិទ្ធិ​ស្មើនឹង​បុរស​ដែរ ដោយ​ស្ត្រី​មាន​សិទ្ធិ​ចូលរៀន ចូលធ្វើការ​តាម​មន្ទីរ​អង្គភាព អង្គការ​សង្គម​ស៊ីវិល​។ ជាក់ស្តែង ផ្នែក​វិស័យ​អប់រំ បរិមាណ ស្ត្រី​មាន​ចំនួន​ច្រើន​លើសលប់ ហើយ​អ្វី​ដែលជា​មោទនភាព​នោះ ការប្រឡង​ទុតិយភូមិ​ឆ្នាំ​២០១៨​នេះ បេក្ខជន​ជានា​រី​ជាប់​ច្រើនជាង​បុរស​៕S/​