ស្ត្រី​ចិន​ម្នាក់​វះកាត់​កែ​មុខមាត់​ដើម្បី​កុំឱ្យ​ម្ចាស់បំណុល​ស្គាល់ បន្ទាប់ពី​ជាប់បំណុល​ជាង​៣​លាន​ដុល្លារ​

311

​ស្ត្រី​ចិន​ម្នាក់ អាយុ​៥៩​ឆ្នាំ​មកពី​ទីក្រុង​វូ​ហាន នៅ​ភាគ​កណ្តាល​នៃ​ប្រទេស​ចិន បាន​ផ្លាស់ប្តូរ​ទម្រង់​មុខមាត់​ដោយ​វះកាត់​កែ​មុខមាត់​ថ្មី ដើម្បី​គេចចេញ​ពី​ការសង​បំណុល​ផ្ទាល់ខ្លួន ដែល​ជំពាក់​លុយ​គេ​ចំនួន​២៥​លាន​យ័ន (៣,៧១​លាន​ដុល្លារ​) ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​ស៊ិន​ហួ​។​

​មន្ត្រីប៉ូលិស មានការ​ភ្ញាក់ផ្អើល​ខ្លាំង បន្ទាប់ពី​ចាប់បាន​ស្ត្រី​នេះ ដែល​បាន​រត់គេចខ្លួន​ទៅ​ទីក្រុង​សិន​ចិន នៅ​ភាគ​អាគ្នេយ៍​នែ​ប្រទេស​ចិន បន្ទាប់ពី​តុលាការ​មួយ​នៅ​ទីក្រុង​វូ​ហាន​បាន​បញ្ជា​ឱ្យ​ស្ត្រី​នេះ​បង់ប្រាក់​សងបំណុល​រប​ស់​នាង​។​

​ទីភ្នាក់ងារសារព័ត៌មាន​ស៊ិន​ហួ​ដែល​បាន​ដកស្រង់​សម្តី​ប៉ូលិស​ម្នាក់ ដែល​បាន​និយាយថា “​យើង​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​នៅ​កន្លែង​ចាប់ខ្លួន​នោះ ។ ស្ត្រី​នេះ​មើលទៅ​ដូចជា​មាន​វ័យ​ជាង​៣០​ឆ្នាំ ហើយ​ខុសគ្នា​ពី​រូបថត ដែល​យើង​មាន​”​។​

​ទីភ្នាក់ងារសារព័ត៌មាន​នេះ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ស្ត្រី​នេះ ឈ្មោះ ជូ ណា​ជួន​។ ស្ត្រី​នេះ ក៏បាន​ឆ្លើយ​សារភាព​ផងដែរ​ថា បាន​ប្រើប្រាស់​អត្តសញ្ញាណ​បណ្ណ​របស់​អ្នកផ្សេងៗ​ទៀត ដើម្បី​ធ្វើដំណើរ​តាម​រថភ្លើង​នៅ​ទូទាំងប្រទេស​នេះ ។ ស្ត្រី​នេះ បាន​ចំណាយ​ប្រាក់​លើ​ការវះកាត់​កែ​មុខមាត់​នេះ ដោយ​ប្រើប្រាស់​កាត​ធនាគារ​សម្រាប់​ការខ្ចី​លុយ​៕ ដោយ៖ សុខា

​ស្ត្រី​ឈ្នោះ ជូ ណា​ជួន វះកាត់​កែ​មុខមាត់​ដើម្បី​កុំឱ្យ​ម្ចាស់បំណុល​ស្គាល់ បន្ទាប់ពី​ជាប់បំណុល ៣,៧១​លាន​ដុល្លារ