ស្ត្រី​ឆ្លងទន្លេ​​ដោយ​ឆ្មប​បុរាណ​ថយចុះ​៣​ឆ្នាំ​ជាប់ៗ​គ្នា​

1896
ចែករម្លែក

​ដោយៈ មេសា​/​ភ្នំពេញៈ របាយការណ៍​របស់​ក្រសួងសុខាភិបាល​បាន​អះអាងថា រយៈពេល ៣ ឆ្នាំ ចុងក្រោយ​នេះ ស្ត្រី​សម្រាលកូន​ដោយ​ឆ្មប​បុរាណ​បាន​ថយចុះ​ជា​រៀងរាល់ឆ្នាំ គឺ​ឆ្នាំ ២០១៥ មាន ២.៤៧២ នាក់ , ឆ្នាំ ២០១៦ ថយ​មក​នៅត្រឹម ១.៨៤៦ នាក់ និង ឆ្នាំ ២០១៧ ស្ត្រី​ឆ្លងទន្លេ​ដោយ​ឆ្មប​បុរាណ​ថយ​មក​នៅត្រឹម ១.១២៨ នាក់​ប៉ុណ្ណោះ ។

​របាយការណ៍​នេះ​ត្រូវបាន​ចេញផ្សាយ​នៅ ក្នុង​សន្និបាត​បូកសរុប​ការងារ​របស់​ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០១៨ នៅឯ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា ដែល​កម្មវិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខា​ភិ​បា ដោយមាន​ការចូលរួម​អ្នកពាក់ព័ន្ធ​ប្រមាណ​ជាជាង ៥០០ នាក់ ។​

​ទន្ទឹមនឹង​ការថយចុះ នៃ ស្ត្រី​ឆ្លងទន្លេ​ដោយ​ឆ្មប​បុរាណ​នេះ ស្ត្រី​ឆ្លងទន្លេ​ដោយ​បុគ្គលិក​សុខាភិបាល បាន​កើនឡើង គឺ​ស្ត្រី​មាន​ផ្ទៃពោះ ៨៥,៣៧ ភាគរយ​បាន​សម្រាលកូន​នៅ​មូល​ដ្ឋា​សុខាភិបាល ។ ស្ត្រី​មានគភ៌​បាន​ពិនិត្យ​ថៃ​ទាំ​គភ៌​លើក​ទី ៤ មុន​សម្រាល បាន​កើនឡើង​ពី ៧២,២៣ ភាគរយ​នៅ​ឆ្នាំ ២០១៦ ទៅដល់ ៧៦,៨៤ ភាគរយ​នៅ​ឆ្នាំ ២០១៧ ។ រីឯ​ស្ត្រី​សម្រាលកូន​ដែល​បានទទួល​ការពិនិត្យ​ថៃ​ទាំ​ក្រោយ​សម្រាល​ក្នុង​សប្តាហ៍​ទី ២ បាន​កើនឡើង​ពី ៥៥,២៥ ភាគរយ នៅ​ឆ្នាំ ២០១៦ ដល់ ៥៨,៧១ ភាគរយ នៅ​ឆ្នាំ ២០១៧ ។ កុមារ​អាយុ​ក្រោម ១ ឆ្នាំ​ចំនួន ៩០,៥៨ ភាគរយ ទទួលបាន​វ៉ាក់សាំង​ជាប្រចាំ​គ្រប់​ចំនួន​ដូ​ស ។ ស្ត្រី​ចំនួន ២៤,៨២ ភាគរយ នៃ ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ បាន​ប្រើប្រាស់​សេវ​ពន្យារកំណើត ។​

​គិត​ត្រឹម​ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៧ មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ទូទាំងប្រទេស​រួមមាន មណ្ឌល​សុខភាព​ចំនួន ១.១៩០ កន្លែង , ប៉ុ​ស្ត៍​សុខភាព ១១៩ និង មន្ទីរពេទ្យបង្អែក ១១៧ ក្នុងនោះ មាន​មន្ទីរពេទ្យ​ជាតិ​ចំនួន ៩ មន្ទីរពេទ្យបង្អែក​រាជ​ធានី ខេត្ត​ចំនួន ២៤ និង មន្ទីរពេទ្យបង្អែក​ស្រុក​ប្រតិបត្តិ​ចំនួន ៨៤ ។ ក្នុងចំណោម​នេះ​ការសាងសង់​ថ្មី​ចំនួន ៤០ កន្លែង ប៉ុ​ស្ត៍​សុខភាព ២ កន្លែង បន្ទប់​សម្រាក​ក្រោយ​សម្រាលកូន​នៅ​មណ្ឌល​សុខភាព ១៥ កន្លែង អាគារ​ក្នុង​មន្ទីរពេទ្យបង្អែក ១៣ អាគារ សំណង់​មជ្ឈមណ្ឌល​ជំងឺមហារីក ក្នុង​មន្ទីរពេទ្យ​កាល់ម៉ែត មន្ទីរពេទ្យ​កុមារ​ជាតិ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង អាគារ​ផ្តល់​ឈាម​ខេត្តបាត់ដំបង ។​

​ទិសដៅ​ចម្បង នៃ ឆ្នាំ ២០១៨ របស់​ក្រសួងសុខាភិបាល គឺ បង្កើន​ការ​គ្រប់​ដណ្តប់​សេវា និង សមធម៌​ក្នុងការ​ប្រើប្រាស់​សេវា​សុខាភិបាល​មានគុណ​ភាព និង ពង្រឹង​ប្រព័ន្ធ​បញ្ជូន​អ្នកជំងឺ ឬ ជនរងគ្រោះ មាន​ប្រសិទ្ធភាព និង ឆ្លើយតប​ទាន់ពេលវេលា ។ ពង្រីក​យន្តការ​នី​យ័​ត​កម្ម​ឱសថ ទាំង​ឱសថ​សម័យ និង ឱសថ​បុរាណ ផលិតផល​គ្រឿងសម្អាង និង អាហារ​បំប៉ន​សុខភាព ។ បង្កើន​ការបង្ការ​ហានិភ័យ​ហិរញ្ញវត្ថុ​ក្នុង​ការចូល​មករក​សេវា និង ប្រើប្រាស់​សេវា​សុខភាព​មានគុណ​ភាព​ដោយ​ប្រជាពលរដ្ឋ​គ្រប់រូប តាមរយៈ​មូលនិធិ​សមធម៌ និង របប​សន្តិសុខ​ផ្នែក​ថែទាំ​សុខភាព ។ បង្កើន​ប្រសិទ្ធភាព​ប្រព័ន្ធ​អង្កេត​តាមដាន និង ឆ្លើយតប ដើម្បី ឆ្លើយ​ធានាថា ការរាយការណ៍​ត្រឹមត្រូវ ទាន់ពេលវេលា និង ពេញលេញ ។


​នាឱកាស​នោះ ក៏មាន​ប្រកាស​ជ័យលាភី​មណ្ឌល​សុខភាព​ថ្នាក់ជាតិ​លំដាប់ថ្នាក់​លេខ​១-៥ និង​ចំណាត់ថ្នាក់​លេខ ១ ថ្នាក់​ខេត្ត​ចំនួន ១៧ ខេត្ត​ដែល​បាន​ចូលរួម​កែលម្អ​គុណភាព​សេវា​នៅ​មណ្ឌល​សុខភាព​បានល្អ​ប្រសើរ​ផងដែរ ៕