ស្ត្រី​ជនជាតិ​ជប៉ុន​ម្នាក់​ស្ម័គ្រចិត្ត​យល់ព្រម​ប្រគល់​វត្ថុ​បុរាណ​ខ្មែរ​៨៥​មុខ​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​

467
ចែករម្លែក

ដោយៈមុនី​រ័ត្ន​/ភ្នំពេញ ៖ ស្ត្រី​ជនជាតិ​ជប៉ុន​ម្នាក់​បាន​ស្ម័គ្រចិត្ត​យល់ព្រម​ប្រគល់​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ៨៥​មុខ​/​បំណែក ជូន​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រជាជន​កម្ពុជា​វិញ​។ ពិធី​ប្រគល់​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៩​។ ស្ត្រី​រូបនោះ​ឈ្មោះ ហ្វូ​មី​កូ តា​កា​កុ​វ៉ា (Fumiko Takakuwa)​។​

យោងតាម​សេចក្តីប្រកាស​ព័​ត៍​មាន​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កាលពី​ថ្ងៃទី​០៣ ខែកក្កដា បាន​ឲ្យ​ដឹង​ដា នៅ​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៩ ក្រសួង​នឹង​រៀបចំ​ពិធី​ទទួល​អំណោយ​វត្ថ​បុរាណ​ខ្មែរ​ចំនួន​៨៥​មុខ​/​បំណែក ពី​លោកស្រី​បណ្ឌិត ហ្វូ​មី​កូ តា​កា​កុ​វ៉ា Fumiko Takakuwa ជនជាតិ​ជប៉ុន ដែល​បាន​ស្ម័គ្រចិត្ត​ប្រគល់ជូន​មក​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​វិញ ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណ​ខ័​ន្ធ​ស្វាមី​របស់លោក​ស្រី គឺ​លោក​បណ្ឌិត្យ​សាស្ត្រាចារ្យ ម៉ូ​រី​ហ្វូ​មី តា​កា​កុ​វ៉ា​។

​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​បញ្ជាក់ថា វត្ថុ​បុរាណ​ទាំងនេះ ជា​បដិមា​ព្រហ្មញ្ញសាសនា ព្រះពុទ្ធសាសនា គ្រឿង​លំអ ត្រា​មាន​លំអរូប​សត្វ​ធ្វើ​ពី​សំរិទ្ធ បំណែក​តុបតែង ខ្សែក​ធ្វើ​ពី​មាស កុលាលភាជន៍ និង​អកកំបោរ​ធ្វើ​ពី​ស្ពាន់ ដែលមាន​អាយុកាល​ក្នុងសម័យ​បុរេប្រវត្តិសាស្ត្រ សម័យមុន​អង្គរ សម័យអង្គរ និង​សម័យ​ក្រោយ​អង្គរ​។ អំណោយ​វត្ថុ​បុរាណ​ទាំង​៨៥​មុខ​នេះ ត្រូវបាន​នាំ យកមក​តាមរយៈ​លោក ម៉ាសា​ម៉ូតូ ហូ​ស៊ី​ណូ និង​ភរិយា កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៩​។​

​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​បន្តថា ក្នុងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា សូម​សំដែង​ការកោតសរសើរ​និង​សម្ដែង ការ​អរគុណ​ចំពោះ​លោកស្រី​បណ្ឌិត តា​កា​កុ​វ៉ា ដែលមាន​ចិត្តសប្បុរស​ប្រគល់​វត្ថុ​បុរាណ​ទាំងនេះ ជូន​មក​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​វិញ ។ សុំ​លើកទឹកចិត្ត​ដល់​បុគ្គល​ឯកជន​សារមន្ទីរ ក្រុមហ៊ុន ក៏ដូចជា​ស្ថាប័ន​នានា​លើ​សកលលោក ដែល​កំពុង​តាំង​បង្ហាញ​និង​រក្សាទុក​វត្ថុ​បុរាណ​របស់​កម្ពុជា សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុ​ជាតា​មរយៈ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ក៏ដូចជា​តាមរយៈ​ស្ថានទូត​កម្ពុជា​នៅ​ប្រទេស​នីមួយៗ ក្នុងការ​ស្ម័គ្រចិត្ត​ប្រគល់​វត្ថុ​បុរាណ​ទាំង​នោះមក​កម្ពុជា​វិញ ។ កម្ពុជា​ចាត់ទុកថា ទង្វើ​ដ៏​ថ្លៃថ្លា​នេះ មិន​ត្រឹមតែ​បង្ហាញ​ពី​ការចូលរួម​លើកកម្ពស់​ដល់​វប្បធម៌​នៃ​ជាតិ​សាសន៍ មួយ​ប៉ុណ្ណោះ​ទេ តែ​ក៏បាន​ចូលរួមចំណែក​ដ៏​ឧត្តុង្គឧត្តម​ក្នុងការ​ផ្សះផ្សារ​និង​ព្យាបាល​របួស​ផ្លូវចិត្ត​របស់​ប្រជាជន​កម្ពុជា​ដែល​ឆ្លងកាត់​សង្គ្រាមស៊ីវិល​រ៉ាំរ៉ៃ​និង​រងគ្រោះ​ពី​សន្ធានកម្ម​និង​ទារុណកម្ម​នៃ​អំពើ​ប្រល័យពូជសាសន៍​ប៉ុលពត ។​

​ចំណែក​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​លើកឡើងថា គ្រប់ពេលវេលា ការប្រគល់​ត្រឡប់មកវិញ​នូវ​រតនវត្ថុ​របស់​ជាតិ គឺជា​ការវិល​ត្រឡប់មក​វិញ​នូវ​ព្រលឹង​របស់​បុព្វបុរស​ខ្មែរ ជា​មង្គល​ដ៏​ឧ​ត្ត​ម​របស់​ជាតិ​។ ការស្ម័គ្រចិត្ត​ប្រគល់​នូវ​វត្ថុ​បុរាណ​មកកាន់​ប្រទេស​កំណើត​វិញ បង្ហាញឱ្យឃើញ​ពី​ការលើកតម្លៃ​សម្បត្តិ​វប្បធម៌​នៃ​មនុស្សជាតិ និង​ការ​ប្រសើរឡើង​នូវ​ក្រមសីលធម៌​នៃ​អ្នកធ្វើ​សមុច្ច័យ​វត្ថុ​បុរាណ​៕​B/