ស្ត្រី​ដែល​បាន​រត់​ចេញពី​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ទៅដល់​កាណាដា​

429
ចែករម្លែក

​ហត់នឿយ​តែ​ញញឹម ស្ត្រី​អា​រ៉ា​ប៊ី​សា​អូឌីត​វ័យ​១៨​ឆ្នាំ ដែល​បាន​និយាយថា​នាង​ខ្លាច​ត្រូវគេ​សម្លាប់​បើសិនជា​ត្រូវបញ្ជូន​ត្រឡប់​ទៅកាន់​ប្រទេស​វិញ​នោះ កាលពី​ថ្ងៃ​សៅរ៍​​ទី​១២​មករា​បាន​ទៅដល់​ប្រទេស​កាណាដា ដែល​បានផ្តល់​សិទ្ធិ​ជ្រកកោន​ដល់​នាង ក្នុងករណី​មួយ​ដែល​បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ទូទាំង​សកលលោក​។​

​កាន់​ដៃ​ស្ត្រី​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​អាកាសយានដ្ឋាន​ក្រុង​តូ​រ៉ុ​ន​តូ រដ្ឋមន្ត្រីការបរទេស​កាណាដា​លោកស្រី​Chrystia Freelandn​បាន​និយាយថា «​នេះ​ជា​Rahaf Alqunun ពល​​រដ្ឋ​កាណាដា​ថ្មី​ដ៏​ក្លាហាន​»​។​

​នាង​Rahaf Mohammed Alqunun​បាន​ញញឹម​ពេល​ចេញពី​អាកាសយានដ្ឋាន​ដោយ​ពាក់អាវ​ស្ព័​រដាក់​អក្សរ Canada និង​ពាក់មួក​របស់​ស្នងការ​ជនភៀសខ្លួន​អង្គការ​សហ​​ប្រជាជាតិ​តែ​សុំ​មិន​ឆ្លើយ​សំណួរ​អ្នកកាសែត​។​

​សូមបញ្ជាក់ថា​នាង​Rahaf Mohammed Alqunun​បាន​ភៀសខ្លួន​ចេញពី​ក្រុមគ្រួសារ​ដែល​បាន​កំពុងធ្វើដំណើរ​ទៅ​គូ​វ៉ែត​និង​ជាប់​នៅក្នុង​បន្ទប់​សណ្ឋាគារ​ដូរ​ជើង​ហោះ​​ហើរ​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​នៅ​ក្រុង​បាងកក ដោយសារ​មន្ត្រី​អន្តោប្រវេសន៍​ថៃ​និង​មន្ត្រី​ស្ថានទូត​អា​រ៉ា​ប៊ី​សា​អូឌីត រារាំង​មិនអោយ​នាង​បន្តដំណើរ​ទៅកាន់​​អូស្ត្រាលី កន្លែង​ដែល​នាង​ចង់ទៅ​រស់នៅ​កាលពី​ដំបូង​។​

​ចេញពី​បន្ទប់​សណ្ឋាគារ នាង​បាន​បង្ហោះ​សារ​អង្វរ​សុំ​អន្តរាគមន៍ ដោយ​ថា​បើសិនជា​រូបនាង​ត្រូវបញ្ជូន​ត្រឡប់​ទៅកាន់​ប្រទេស​ដើម​វិញ​នោះ​នាង​នឹងត្រូវ​ជាប់គុក និង​​អាច​ត្រូវគេ​សម្លាប់​។​ប្រភពព័ត៌មាន​និយាយ​ថា នាង​រត់​គេ​ចេញពី​ឪពុក​ដែល​បង្ខាំង​នាង ឬ​បង្ខំ​នាង​អោយ​រៀបការ គឺ​គេច​ចេញពី​ការរំលោភ​ទាំង​រាងកាយ​និង​ផ្លូវចិត្ត​។​

​កាលពី​ថ្ងៃ​សុក្រ នាយករដ្ឋមន្ត្រី​កាណាដា​បានប្រកាសថា កាណាដា​នឹង​ទទួលយក Alqunun ជា​ជនភៀសខ្លួន​។​ស្ថានភាព​របស់​នាង​បាន​រំលេច​អំពី​បុព្វហេតុ​សិទ្ធិ​ស្ត្រី​នៅ​​អា​រ៉ា​ប៊ី​សា​អូឌីត ព្រះរាជាណាចក្រ​អភិរក្ស​ខ្លាំង​ដែល​ស្ត្រី​សូម្បីតែ​ចេញទៅ​ណា​ក៏​តំរូវអោយ​ស្វាមី ឬ​ឪពុក​តាម​ទៅជា​មួយ​៕​ដោយ​៖​វាសនា​

Rahaf Mohammed Alqunun បាន​ទៅដល់​កាណាដា ក្រោយ​បង្ខាំង​ខ្លួនឯង​នៅក្នុង​បន្ទប់​សណ្ឋាគារ​មួយ​នៅ​ក្រង​បាងកក​