ស្ត្រីបង្ហាម៉ូតជនជាតិបេឡារុសម្នាក់ដែលបានអះអាងកាលពីឆ្នាំមុនថាលោកស្រីមានភស្តុតាងនៃការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតរបស់លោកដូណាល់ ត្រាំ ដែលបានជាប់ជាប្រធានាធិបតីអាមេរិកទាំងប្រទាំងប្រទើសនោះ ត្រូវបានចាប់ខ្លួនភ្លាមៗនៅពេលនាងបានទៅដល់ក្រុងម៉ូស្គូកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីបានចាកចេញពីប្រទេសថៃ។
ប៉ូលិសក្រុងម៉ូស្គូបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាAnastasia Vashukevich អ្នកបង្ហាម៉ូតជនជាតិបេឡារុសនេះត្រូវបានចាប់ឃុំខ្លួននៅក្នុងអាកាសយានដ្ឋានSheremetyevo នៅក្រុងម៉ូស្គូពីបទបញ្ចុះបញ្ចូលធ្វើពេស្យាចាររួមគ្នាជាមួយមនុស្ស៣នាក់ដែលត្រូវបាននិរទេសចេញជាមួយនាង។
Anastasia Vashukevich ដែលបានជាប់ពន្ធនាគារនៅថៃតាំងពីខែកុម្ភៈឆ្នាំមុននោះត្រូវបានកាត់ទោស ដោយព្យួរទោស កាលពីថ្ងៃអង្គារ ហើយត្រូវបានបញ្ជាឱ្យចេញពីប្រទេសថៃក្រោយពីនាងបានសារភាពថាលួចលាក់និងធ្វើការបញ្ចុះបញ្ចូលដោយឃុបឃិតរួមជាមួយចុងចម្លើយជាច្រើននាក់ក្នុងការប្រព្រឹត្តករណីមួយដែលពាក់ព័ន្ធនឹងសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការរួមភេទ នៅប្រទេសថៃ។
Anastasia Vashukevich ឬហៅថា Nastya Rybka កាលពីពេលមុនបានអះអាងថាមានសម្លេងថតនៃការនិយាយគ្នារបស់លោក Oleg Deripaska ជនដ៏មានឥទ្ធិពលរុស្ស៊ីដែលបាននិយាយគ្នាអំពីការជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតអាមេរិកឆ្នាំ២០១៦ប៉ុន្តែ មិនដែលបានបញ្ចេញព័ត៌មានសម្ងាត់នេះទេ។
លោក Oleg Deripaska ជាមនុស្សដ៏ជិតស្និទជាមួយ ប្រធានាធិបតីរុស្ស៊ី លោកVladimir Putin ហើយក៏មានទំនាក់ទំនងការងារជាមួយ លោក Paul Manafort អតីតអ្នកគ្រប់គ្រងយុទ្ធនាការបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ ។ លោក Paul Manafortត្រូវបានស៊ើបអង្កេតហើយត្រូវបានកាត់ទោសឱ្យជាប់ទោសកាលពីឆ្នាំមុនពីបទលួចបន្លំពន្ធនិងឆបោកធនាគា។
ទីភ្នាក់ងារព័ត៌មានរុស្ស៊ីបាននិយាយថាមនុស្ស៤នាក់ក្នុងចំណោម៧នាក់ដែលត្រូវបាននិរទេសចេញពីប្រទេសថៃដែលបានមកដល់ទីក្រុងម៉ូស្គូកាលពីថ្ងៃព្រហស្បតិ៍នោះត្រូវបានចាប់ខ្លួន៕ដោយ:សុខា/SN
Anastasia Vashukevich ត្រូវបាននាំខ្លួនដោយក្រុមមន្ត្រីអន្តោប្រវេសន៍ថៃទៅកាន់អាកាសយានដ្ឋានក្រុងបាងកក សម្រាប់ការនិរទេសចេញពីប្រទេសថៃកាលពីថ្ងៃព្រហស្បតិ៍