ស្ត្រី​ពីរ​នាក់​យក​ដុល្លារ​ក្លែងក្លាយ​មក​ចាយ​នៅផ្ទះ​សំណាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

159

(​ភ្នំពេញ​)៖ ប៉ូលិស​ប៉ុស្តិ៍​ទឹកល្អក់​ទី​៣ បាន​ឃាត់ខ្លួន​ស្ត្រី​ពីរ​នាក់ បន្ទាប់ពី​ពួកគាត់​យកលុយ​ដុល្លារ​ក្លែងក្លាយ​ទៅ​ចាយ​នៅក្នុង​ផ្ទះសំណាក់​យីហោ ឌី​ឌី មាន​ទៅ​តាំង​លេខ​៥៧ ផ្លូវ​លេខ​២៣០ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក កាលពី​វេលា​ម៉ោងជាង​១១​យប់​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៨​។​

​មន្ត្រីប៉ូលិស​ព្រហ្មទណ្ឌ​ខណ្ឌ​បានឱ្យដឹងថា​ស្ត្រី​ឈ្មោះ ស្រី​ពៅ អាយុ​៣៦​ឆ្នាំ មុ​របរ​លក់​ផ្លែឈើ​នៅ​ខេត្តកំពង់ចាម មាន​ស្រុកកំណើត ភូមិ​ស្តៅ ស្រុក​កងមាស ខេត្តកំពង់ចាម និង​ឈ្មោះ ចាន់ សារ៉េត អាយុ​៥៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​ម្តុំ​លូ​ប្រាំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវ​ម្ចាស់​ផ្ទះសំណាក់​យីហោ ឌី​ឌី ប្តឹង​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន បន្ទាប់ពី​ពិនិត្យឃើញថា​លុយ​ក្រដាស់​៥០​ដុល្លារ​ដែល​ជនសង្ស័យ​បង់ថ្លៃ​បន្ទប់​ជា​លុយ​ក្លែងក្លាយ​។​នៅក្នុង​ខ្លួន​ជនសង្ស័យ​សមត្ថកិច្ច​បា​នរក​ឃើញ​លុយ​ដុល្លារ​ក្លែងក្លាយ​ចំនួន​៧៤០​ដុល្លារ​ថែមទៀត​។​

​ម្ចាស់​ផ្ទះសំណាក់​បានឱ្យដឹង​ថា​ប៉ុន្មាន​ថ្ងៃមុន​នេះ​មាន​បុរស​ម្នាក់​បានមក​ស្នាក់នៅ​ផ្ទះសំណាក់​របស់គាត់ ដោយបាន​ឱ្យ​លុយ​ក្លែងក្លាយ​ម្តង​រួចមកហើយ ទើប​ថ្ងៃនេះ​គាត់​មានការ​ប្រុងប្រយ័ត្ន​ក៏​ត្រួត​ពិនិត្យមើល​ម្តងនេះ​ស្រាប់តែ​ប៉ះចំ​លុយ​ក្លែងក្លាយ​ទៀត​ក៏​ប្តឹង​សមត្ថកិច្ច​តែម្តង ។​

​ចំណែក​ស្ត្រី​សង្ស័យ​ឈ្មោះ ស្រី ពៅ ដែល​ត្រូវជា​ម្ចាស់​លុយ បាន​ប្រាប់​សមត្ថកិច្ច​ថា​ប៉ុន្មាន​ថ្ងៃមុន​រូបគាត់​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​។​លុយ​ក្លែងក្លាយ​នេះ​អ្នកបង្ក​គ្រោះថ្នាក់​ចរាចរណ៍​បានចេញ​សំណង​មកឱ្យ​គាត់ តែ​ពេលនោះ គាត់​មិនដឹងថា​លុយ​នេះ​ជា​លុយ​ក្លែងក្លាយ​នោះទេ​។​

​មកដល់​ល្ងាច​ថ្ងៃទី​៨ ខែកុម្ភៈ ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក​៕L ដោយៈ​កា​ម៉ាច​