ស្ត្រី​ពោះធំ​ម្នាក់​ត្រូវបាន​ចោរប្លន់​ម៉ូតូ

546
ចែករម្លែក

ដោយ:​បាយ័ន​/​សៀមរាប ៖ ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​ត្រូវបាន​ក្រុមចោរប្លន់ ប្លន់​យក​ម៉ូតូ​បានសម្រេច​។ ​ករណី​ប្លន់​នេះ កើតឡើង​នៅវេលា​ម៉ោង​២២​និង​៣០​នាទី ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​គោក​ត្នោត ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

ស្ត្រី​រងគ្រោះ​ដោយសារ​ចោរប្លន់ និង​ម៉ូតូ​ដែល​ចោរ​កាក់​ប្លន់​ (រូបថត ៖ បាយ័ន)

ស្ត្រី​រងគ្រោះ​មានឈ្មោះ សាន់ ស៊ុន​ធា​រី អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជ្រៃ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​ករណី​ប្លន់​នេះ​កើតឡើង​ខណៈពេលដែល​ស្ត្រី​មាន​ផ្ទៃពោះ បាន​បើក​ម៉ូតូ​ដោយ​ខ្លួនឯង​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​ត្រូវបាន​ចោរប្លន់​តែម្តង​។​

ប្រភពពី​ស្ត្រី​រងគ្រោះ បាន​និយាយថា គាត់​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី ពណ៌​ស ជិះ​មកដល់​កន្លែងកើតហេតុ ក៏មាន​ម៉ូតូ​១​គ្រឿង​ជិះ​គ្នា​២​នាក់ ដោយ​ជិះ​មក​ស្ទាក់​ពីមុខ​ហើយ​ម្នា​ក់បាន​ចុះ​ច្រាន​គាត់​ទំលាក់​ពី​ម៉ូតូ ហើយក៏​យក​ម៉ូតូ​របស់គាត់​ជិះ​ចេញទៅ​បាត់ទៅ​។​

ស្ត្រី​រងគ្រោះ​បាន​និយាយថា រូបនាង​មាន​ផ្ទៃពោះ​ចំនួន​៤​ខែ ហើយ​មិនអាច​តតាំង​ជាមួយ​ក្រុមចោរ បានឡើយ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ​យក​ម៉ូតូ​ទៅ​បាត់​ដោយ​សុវត្ថិភាព​។ ស្រី្ត​រងគ្រោះ​បាន​ឲ្យ​ដឹងថា នៅក្នុង​កែបម៉ូតូ​របស់គាត់​មាន​ផ្ទុក​ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង គឺ​អាយ​​ហ្វូ​ន​​មួយគ្រឿង ម៉ាក​ណូគា​មួយគ្រឿង ប្រាក់​ចំនួន​១០០​ដុល្លារ និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​១​សន្លឹក​។

សូម​បញ្ជាក់ដែរថា នៅ​យប់នោះ​ក៏មាន​ករណី​កាច់​សោរ​ម៉ូតូ​មួយគ្រឿង​ផងដែរ ដែល​កើតឡើង​នៅ ចំណុច​ជិត​សាលា​ស្វាយ​ធំ ក្នុងភូមិ​ជ្រៃ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដែល​ម៉ូតូ​នោះ​ជា កម្មសិទ្ធិ​របស់​ឈ្មោះ សំបូរ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​គុយ ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​៕B/