ស្ត្រី​មាន​ចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គមជាតិ​

860
ចែករម្លែក

ដោយ:បូកគោ​/កែប ៖ ស្ត្រី​ជា​ចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមជាតិ​ដែល​ព្រមទាំង​មាន​ភាពចាំបាច់​រាល់​កិច្ចការងារ​លើ​គ្រប់​វិស័យ​។ តួនាទី និង​ភារកិច្ច​ប្រកបដោយ​ភាព​មោទនៈ​នេះ​បានចែង​ច្បាស់​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​គោលនយោបាយ​ជាតិ​ផ្សេងៗ​ទៀត​។​

ថ្លែង​នៅ​សាលប្រជុំ​សណ្ឋាគារ​សង្គហ​មិត្ត​ខេត្ត​កែប នា​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ទម្រង់​របាយការណ៍​លទ្ធ​ផល​ការងារ​អនុវត្ត​គោលនយោបាយ​ជាតិ​ពាក់ព័ន្ធ​នឹង​ស្ត្រី ព្រមទាំង​អនុសាសន៍​១១​ចំណុច​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ក៏ដូចជា​ការចែករំលែក​ចំណេះដឹង​ក្នុងការ​ពង្រឹងសមត្ថភាព​ស្ត្រី​ជា​អ្នកដឹកនាំ​តាម​បណ្តា​ប្រទេស​មួយចំនួន លោកស្រី​កែវ ចរិយា អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​មានប្រសាសន៍ថា​រាជរដ្ឋាភិបាល​កម្ពុជា​បានចាត់ទុក​ស្ត្រី​មាន​តួនាទី និង​ចំណែក​ដ៏​សំខាន់ ហើយ​ចាំ​ចាច់​បំផុត​ក្នុងការ​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមជាតិ​។

អត្ថន័យ​នេះ​ក៏បាន​បញ្ជាក់​ច្បាស់​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​បួន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​ប្រាំមួយ​នៃ​រដ្ឋសភា​ផងដែរ​។ លោកស្រី​អនុរដ្ឋលេខាធិការ​បាន​ញ្ជា​ក់​ទៀតថា​ជាមួយនឹង​អាទិភាព​ទាំងនេះ រាជរដ្ឋាភិបាល​បានចាត់ទុក​ស្ត្រី​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចជាតិ និង​បាន​ដាក់ចេញ​នូវ​វិធានការ ក៏ដូចជា​គោលនយោបាយ​ថ្មីៗ​សំដៅ​លើកកម្ពស់​ជីវភាព​រស់នៅ ព្រមទាំង​ដាក់ចេញ​នូវ​គោលនយោបាយ​គាំពារ​សង្គម​ដោយ​ផ្តោតលើ​សុខុមាលភាព​ថែមទៀត​។

លើសពីនោះ រាជរដ្ឋាភិបាល​ក៏បាន​លើកកម្ពស់​សមត្ថភាព កម្រិតយល់ដឹង ព្រមទាំង​ផ្តល់ឱកាស​ឱ្យ​ស្ត្រី​ចូលរួម​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមជាតិ ការផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​លុបបំបាត់​ទម្រង់​នៃ​ការរើសអើង​ប្រឆាំង​នារី​ភេទ ជាពិសេស​ដាក់ចេញ​នូវ​គោលនយោបាយ​បញ្ជ្រាប​យេនឌ័រ​នៅ​គ្រប់​វិស័យ​ទាំងអស់​។ លោកស្រី​កែវ ចរិយា​បាន​បញ្ជាក់ថា​ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ​ទាំងនេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​នានា ព្រមទាំង​អង្គការ​អន្តរជាតិ​ដែលជា​ដៃគូ​ពាក់ព័ន្ធ​ក្នុងការ​អនុវត្តតាម​អនុសាសន៍​១១​ចំណុច​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។

ក្នុងនោះ​មានការ​បញ្ជូន​មន្ត្រី​ជានា​រី​ឱ្យចូល​រួម​វគ្គ​បណ្តុះបណ្តាល និង​ការធ្វើ​ទស្សនកិច្ច​ឈ្វេងយល់​បទពិសោធន៍​នូវ​ការបញ្ជ្រាប​យេនឌ័រ​ទាំង​ក្នុង និង​ក្រៅប្រទេស​។ កន្លងមក ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ចាត់​បញ្ជូន​មន្ត្រីរាជការ​ជានា​រី​ឱ្យចូល​រួម​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការពង្រឹង​សមត្ថភាព​ស្ត្រី​ជា​ថ្នាក់ដឹកនាំ​នៅ​ប្រទេស​វៀតណាម ប្រទេស​សឹ​ង្ហា​បូរី និង​ប្រទេស​ជប៉ុន​ថែម​ទៀតផង​៕​B/