ដោយ: ចាន់តូ / ភ្នំពេញ: រឿងវិប្បដិសេរីក្នុងគ្រួសារ គួរឲ្យសង្វេគ បន្ទាប់ពីស្ត្រីជាម្តាយ ជាមនុស្សមានបញ្ហាប្រព័ន្ធសរសៃប្រសាទ បានវាយសម្លាប់កូនប្រុសខ្លួនឯងជាមនុស្សវិកលចរឹត កាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨កន្លងមកនៅបន្ទប់ជួលលេខ២៣ ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនស្ត្រីសរសៃប្រសាទជាម្តាយ មកអនុវត្តន៍តាមនីតិវិធី រហូតមកដល់ព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨នេះ ស្ត្រីខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ ខណ្ឌពោធិសែនជ័យ បញ្ជូននាំខ្លួនទៅតុលាកា ដើម្បីចាត់ការបន្ត រួមជាមួយជនសង្ស័យ ចំនួន៨នាក់ផ្សេងទៀត។
គួររំលឹកផងដែរថា ស្ត្រីមានបញ្ហា សរសៃប្រសាទ ខាងលើ ឈ្មោះ ស អ៊ាង អាយុ ៤០ឆ្នាំ មុខរបរនៅផ្ទះ មានជំងឺប្រព័ន្ធប្រសាទ មានប្តីឈ្មោះ វ័ន្ត រួន អាយុ ៤៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានកូនប្រុស២នាក់ ក្នុងបន្ទុក កូនដែលវាយស្លាប់ មានឈ្មោះ វ័ន្ត ភារុណ ភេទប្រុស អាយុ១៤ឆ្នាំ មានជំងឺវិកលចរឹត ជាកូនទី១ រស់នៅបន្ទប់ជួលខាងលើ មានស្រុកកំណើត ភូមិស្ទឹងជ័យ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ដោយសារម្តាយក៏មានបញ្ហាសរសៃប្រសាទ កូនប្រុសរងគ្រោះក៏មានបញ្ហា វិកលចរឹត នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨កន្លងមក ២នាក់ម្តាយកូនឈ្លោះគ្នា ហើយត្រូវបានម្តាយ ប្រដាប់ដោយអង្រែបុកគ្រឿងវាយ កូនរហូតដល់ស្លាប់ ហើយយកកាំបិតបុ័ងតោ អារក ស្លាប់ក្នុងបន្ទប់ទឹក ហើយស្ត្រីខាងលើ ដើរទៅប្តឹងប៉ុស្តិ៍ចោមចៅ៣ និយាយគ្មានអ្នកណាជឿ ស្ត្រីខាងលើ ដឹកអូសដៃប៉ូលិសនាំឲ្យទៅមើល កូនដែលខ្លួនបានសម្លាប់ ដល់បន្ទប់ជួលទៀត ទើបបង្កឲ្យភ្ញាក់ផ្អើល រកសឹងតែមិនជឿ។
តាមនគរបាលបានឲ្យដឹងថា ស្ត្រីខាងលើ ទោះជាក្រុមគ្រួសារ មិនប្តឹង មានទាំងសំបុត្រពេទ្យ បញ្ជាក់ថាមានជម្ងឺសរសៃប្រសាទ បងប្អូនប្រជាពលរដ្ឋក្នុងភូមិ ក៏សង្វេគជួស ដោយសារ ទាំង២នាក់ម្តាយកូនសុទ្ធតែជាមនុស្សសតិមិនប្រក្រតីដូចគ្នា យ៉ាងណាក្តី សមត្ថកិច្ចបានអនុវត្តន៍ទៅតាមនីតិវិធី ហើយបញ្ជូនទៅតុលាកា នាព្រឹកថ្ងៃទី៦ ខែកក្កដានេះហើយ ចំពោះផ្លូវច្បាប់ តុលាកាយល់ឃើញយ៉ាងណាទៅលើស្ត្រីសរសៃប្រសាទ វាយសម្លាប់កូនប្រុសវិកលចរឹកនោះ អាស្រ័យទៅលើតុលាកាទេ ជាអ្នកសម្រេច។
នគរបាលបន្តទៀតថា សម្រាប់ព្រឹកថ្ងៃទី៦ ខែកក្កដា នេះ ជនសង្ស័យចំនួន៩នាក់ ត្រូវបាននាំខ្លួនទៅកាន់តុលាកា ក្នុងោះ មានស្ត្រី មានសតិមិនប្រក្រតី វាយស្លាប់កូន ប្រុសសរសៃប្រសាទ ម្នាក់ រំលោភលើទំនុកចិត្ត២នាក់ ចែកចាយនិងប្រើប្រាស់ គ្រឿងញៀនចំនួន៦នាក់ សរុបចំនួន៩នាក់៕ ល