ស្ត្រី​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ម្នាក់​ស្លាប់ និង​៤​នាក់​ទៀត​រងរបួស ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​

519
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: យ៉ាងហោចណាស់​ក៏មាន​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​៩​ខែ​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ និង​មនុស្ស​ចំនួន​៤​នាក់​ផ្សេងទៀត បាន​រងរបួស​ធ្ងន់​និង​ស្រាល បន្ទាប់ពី​ជួប​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្កឡើង​ដោយ​រថយន្ត​ប្រភេទ​៤៥​កៅអី មួយគ្រឿង បាន​បើក​វ៉ា​ជែង រួច​បុក​នឹង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​មួយគ្រឿង ដែល​ដឹក​មនុស្ស​ចំនួន​២​នាក់ រួច​បន្ត​ទៅបុក​នឹង​ម៉ូតូ​ដែល​ឌុប​គ្នា​២​នាក់​មួយគ្រឿង​ទៀត​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បានកើត​ឡើង នៅត្រង់ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ ៣២០ និង ៣២១ កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិតក្នុង​ភូមិ​ប្រិ​យ៍​ថ្មី សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគ​តបាល​ក្រុង​សៀមរាប បាន​និយាយថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក Hyundai ប្រភេទ​៤៥​កៅអី ពណ៌​ឈាមជ្រូក គ្មាន​ស្លាក​លេខ​បើកបរ​ដោយ​ឈ្មោះ សួន គា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សេរី​សោ​ភ​ណ្ឌ័ ខេត្តបន្ទាយមានជ័យ ដោយ​បើកបរ​ពី​ទិស​ខាងលិច ទៅ​ទិសខាងកើត ដោយបាន​បើក​វ៉ា​ប្រជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ បាន​បុក​នឹង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​មួយគ្រឿង ម៉ាក​ហុងដា ធុន​C125 ពាក់​ស្លាក​លេខ សៀមរាប 1K 0618 ដែល​បើកបរ​ពី​ទិស​កើត​ទៅ​ទិស​លិច មាន​ដឹក​មនុស្ស​ចំនួន​២​នាក់​។​

​សមត្ថកិច្ច​បាន​បន្តថា ក្រោយពី​បុក​ម៉ូតូ​រ៉ឺម៉ក​ខាងលើ​ហើយ រថយន្ត​បង្ករ​បាន​ទៅ​បន្ត​បុក​ម៉ូតូ​១​គ្រឿង​ទៀត ម៉ាក ហុងដា ធុន C 125 ពាក់​ស្លាក​លេខ សៀមរាប 1S 0272 បើកបរ​ដោយ​ឈ្មោះ កេ​ន ប៊ុនថន ភេទ​ប្រុស អាយុ ២២​ឆ្នាំ ដោយ​ជិះ​ឌុប​គ្នា​ជាមួយ ឈ្មោះ គិ​ន ចាន់ធូ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ​។ អ្នក​ទាំង​២​នាក់​នេះ រស់នៅ​ភូមិ​ខ្វៀន សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​សមត្ថកិច្ច​បាន​បន្តថា ភាគី​ខាង​រ៉ឺម៉ក​ម៉ូតូ​បើកបរ​ឈ្មោះ រ័ត្ន ដា​រ៉ា នៅ​ភូមិ​គោក​ត្នោត សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប ចំណែក​អ្នករួមដំណើរ​ជាមួយ​មានឈ្មោះ ផាវ ឡែ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ បាន​រងរបួស​ធ្ងន់ និង​ឈ្មោះ លាក់ ព្រម ភេទ​ស្រី អាយុ ២៣​ឆ្នាំ បាន​ស្លាប់​នៅនឹងកន្លែង​ដោយមាន​ផ្ទៃពោះ​ចំនួន ៩​ខែ​ហើយ​។ ដែល​អ្នក​ទាំង​២​នាក់​នេះ រស់នៅ​ភូមិ​ព្រៃ​ដង្ហើម ឃុំ​កែវ​ពណ៌ ស្រុក​ពួក ខេត្តសៀមរាប​។​
​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​ពិនិត្យ​វាស់វែង ចំណែក​អ្នករងរបួស​បាន​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរ​បង្អែក​ខេត្តសៀមរាប រីឯ​អ្នកបើកបរ​រថយន្ត​បង្ក ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ កំពុង​អនុវត្ត​ទៅតាម​នីតិ​វី​ច្បាប់​។ ចំណែក​សាកសព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​