ស្ត្រី​មូស្លីម​២​នាក់​ដំបូង​គេ​ជាប់ឆ្នោត​ក្នុង​សភា​អាមេរិក​

157

​អតីតជន​ភៀសខ្លួន​សូ​ម៉ាលី​ម្នាក់​និង​កូនស្រី​របស់​ជនអន្តោប្រវេសន៍​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​បាន​ចែករំលែក​ប្រវត្តិសាស្ត្រ​ដ៏​ពិសេស​ជាមួយគ្នា​កាលពី​ថ្ងៃ​អង្គារ​ទី​៦​វិច្ឆិកា​ដែល​ក្លាយជា​ស្ត្រី​មូស្លីម​២​រូប​ដំបូង​គេ ដែល​ជាប់ឆ្នោត​ជា​សមាជិកសភា​សហរដ្ឋ​អាមេរិក​។​

​ស្ត្រី​ទាំងពីរ​នាក់​គឺ លោកស្រី អ៊ី​ល​ហាន អូ​ម៉ា (Ilhan Omar) អាយុ ៣៧ ឆ្នាំ និង លោកស្រី រ៉ាស៊ី​ដា ថា​យ​លី​ប (Rashida Tylib) អាយុ ៤២ ឆ្នាំ គឺជា​សមាជិក​បក្ស​ប្រជាធិបតេយ្យ​មកពី​តំបន់​ភាគ​កណ្តាល​ប្រទេស និង​ជា​អ្នកគាំទ្រ​ដ៏​មោះមុត​ដល់​សហគមន៍​ជនជាតិភាគតិច ដែល​មើលឃើញ​ឯង​ស្ថិតក្នុង​បញ្ហា​ក្រោម​គោលនយោបាយ​ប្រឆាំងនឹង​ជនអន្តោប្រវេសន៍​របស់​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ​។​

​លោកស្រី​អូ​ម៉ា​បានឈ្នះ​កៅអី​សភា​នៅក្នុង​សង្កាត់​ពោរពេញ​ទៅដោយ​អ្នកគាំទ្រ​បក្ស​ប្រជាធិបតេយ្យ​ដ៏​រឹងមាំ​មួយ​ក្នុង​ទីក្រុង​មីន​នី​ប៉ូលីស រដ្ឋ​មី​ណេ​សូ​តា ដោយ​ស្នង​តំណែង​ពី​លោក​ខេ​ត អែល​លី​សុន ដែលជា​អ្នក​កាន់សាសនា​អ៊ីស្លាម​ដំបូង​គេ​ជាប់ឆ្នោត​ក្នុង​សភា​ផងដែរ​។​

​ជ័យជម្នះ​របស់លោក​ស្រី​ថា​យ​លី​ប​មិនមាន​អ្វី​ភ្ញាក់ផ្អើល​នោះទេ​។ លោកស្រី​បាន​ឈរឈ្មោះ​ប្រណាំងប្រជែង​ដោយ​គ្មាន​ដៃគូ​ក្នុង​តំបន់​មួយ​ដែល​លាតសន្ធឹង​ពី​ក្រុង​ដេ​ត្រ​យ​ទៅដល់​ទីក្រុង​ឌា​ប៊​ន រដ្ឋ​មី​ស៊ី​ហ្គែ​ន​៕ ដោយ៖ កញ្ញាដាលីស

លោកស្រី អ៊ី​ល​ហាន អូ​ម៉ា ថ្លែង​ទៅកាន់​អ្នកគាំទ្រ​បន្ទាប់ពី​ក្លាយជា​ស្ត្រី​មូស្លីម​ទី​១​ដែល​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​អាមេរិក