ស្ត្រី​មេម៉ាយ​បារាំង​ម្នាក់​ប្តឹង​ក្រុមហ៊ុន Boeing ទារ​សំណង ២៧៦ លាន​ដុល្លារ ​ជុំវិញ​ការធ្លាក់​យន្តហោះ​នៅ​អេ​ត្យូ​ពី​

719
ចែករម្លែក

​ស្ត្រី​ជនជាតិ​បារាំង​ម្នាក់ ដែល​ប្តី​របស់គាត់​បាន​ស្លាប់​នៅក្នុង​ការធ្លាក់​យន្តហោះ Boeing 737 Max នៅ​ប្រទេស​អេ​ត្យូ​ពី បានដាក់​ពាក្យ​ប្តឹង​នៅ​អាម៉េរិក ​ប្រឆាំងនឹង​ក្រុមហ៊ុន​ផលិត​យន្តហោះ Boeing ដោយ​ទារប្រាក់​សំណង​យ៉ាងហោចណាស់​ចំនួន ២៧៦ លាន​ដុល្លារ​អាម៉េរិក​។​

​ការធ្លាក់​យន្ដហោះ​ដឹក​អ្នកដំណើរ​អេ​ត្យូ​ពី​ ជើងហោះហើរ​លេខ ៣០២ កាលពី​ខែមីនា បានសម្លាប់​អ្នកដំណើរ​និង​អាកាសយានិក ១៥៧ នាក់​នៅលើ​យន្តហោះ បន្ទាប់ពី​ស្លាប់​មនុស្ស ១៨៩ នាក់​នៅលើ​យន្តហោះ Lion Air 737 Max ដែល​បាន​ធ្លាក់​ចូលក្នុង​សមុទ្រ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ក្នុងស្ថានភាព​ស្រដៀង​គ្នា​នៅ​ប៉ុន្មាន​ខែ​មុន​នោះ​។​

​ក្រុមគ្រួសារ​ជាច្រើន​បាន​ប្តឹង​ក្រុមហ៊ុន Boeing ជុំវិញ​ការធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន Lion Air ហើយ​មាន​បណ្តឹង​ជាច្រើន​ត្រូវ​បានដាក់​ប្តឹង​ជុំវិញ​ការធ្លាក់​យន្តហោះ​នៅ​អេ​ត្យូ​ពី​នៅក្បែរ​រដ្ឋធានី​អា​ឌី​សអា​បេ​បា ដែលនាំឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​នៅ​ជុំវិញ​ពិភពលោក​ផ្អាក​យន្តហោះ Boeing 737 Max ។​

​ពាក្យបណ្តឹង​តាង​នាម​ឱ្យ​លោកស្រី ណា​ដេ​ច ដូ​បស់ ស៊ី​ច (Nadege Dubois-Seex) ដែល​ស្វាមី​របស់លោក​ស្រី​គឺ​លោក ចូ​ណា​ថា​ន ស៊ី​ច (Jonathan Seex) ជា​ជនជាតិ​ស៊ុយអែត​និង​ជា​ជនជាតិ​កេ​ន​យ៉ា និង​ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Tamarind Group ត្រូវ​បានដាក់​ប្តឹងទៅ​តុលាការ​នៅក្នុង​ទីក្រុង​ឈី​កា​ហ្គោ​។ នេះ​បើ​យោងតាម​សម្តី​មេធាវី​របស់លោក​ស្រី​កាលពី​ថ្ងៃ​អង្គារ​ទី ២១ ឧសភា​។​

​ពាក្យបណ្តឹង ដែល​ប្តឹង​កាលពី​ថ្ងៃ​ចន្ទ បាន​ចោទប្រកាន់ថា ក្រុមហ៊ុន Boeing មិនបាន​ជូនដំណឹង​ទៅ​អ្នកបើកបរ​ឱ្យបាន​ត្រឹមត្រូវ​អំពី​គ្រោះថ្នាក់ ដែល​បង្កឡើង​ដោយ​សូ​ហ្វ​វែ ដែល​ទុក​បង្ការ​កុំឱ្យ​យន្តហោះ 737 Max គាំង ដែល​ដាំ​ក្បាល​ចុះក្រោម​ជា​បន្តបន្ទាប់ ដោយសារតែ​ទិន្នន័យ​ឧបករណ៍​ចាប់​សញ្ញា​ខូច​។​

​មេធាវី​អាម៉េរិក​លោក ណូ​ម៉ា​អាន ហ៊ូ​សា​អ៊ី​ន (Nomaan Husain) បាន​ប្រាប់​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង​ប៉ារីស​ថា កូនក្តី​របស់លោក​កំពុង​ស្វែងរក​សំណង​ខូចខាត​យ៉ាងតិច​ចំនួន ២៧៦ លាន​ដុល្លារ​អាម៉េរិក​។​

​លោក​ហ៊ូ​សា​អ៊ី​ន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​យើង​បានដឹងថា ក្រុមហ៊ុន Boeing ពឹង​ផ្អែកលើ​ឧបករណ៍​ចាប់​សញ្ញា​តែមួយ ដែល​ធ្លាប់​ត្រូវបាន​ដាក់​ទង់​ព្រមាន​នៅក្នុង​របាយការណ៍​ឧបទ្ទវហេតុ​ជាង ២០០ ដែល​បានដាក់​ជូនទៅ​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​អាម៉េរិក (FAA)”​។​

​លោកស្រី​ដូ​បស់ ស៊ី​ច ពលរដ្ឋ​បារាំង បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា “​គ្រួសារ​របស់​យើង​បាន​បាត់បង់​អ្នកមាន​ស្នាដៃ​ត្រចះត្រចង់​របស់ខ្លួន ហើយ​ពិភពលោក​បាន​បាត់បង់​សហគ្រិន​ដ៏​អស្ចារ្យ​មួយរូប​”៕ ដោយ៖ កញ្ញាដាលីស/Ha

លោកស្រី ណា​ដេ​ច ដូ​បស់ ស៊ី​ច (​កណ្តាល​) និយាយ​នៅក្នុង​សន្និសីទកាសែត​នៅ​ប៉ារីស កាលពី​ថ្ងៃទី​២១​ឧសភា​អម​ជាមួយ​រូបថត​សព​ប្តី​លោកស្រី