ស្ត្រី​ម្នាក់​ជាប់គុក ១៨​ខែ ពីបទប្រមាថ​សាសនា​អ៊ិ​ស្លាម ដោយ​គ្រាន់តែ​ប្រាប់​ឱ្យ​វិហារបន្ថយ​សំឡេង​មេក្រូ

1009
ចែករម្លែក

​ស្ត្រី​ម្នាក់ នៅ​ប្រទេស​ឥណ្ឌូណេស៊ី ដែល​ប្រជាជន​ភាគច្រើន ជា​មូស្លីម (​អ៊ិ​ស្លាម​សាសនិក​) ត្រូវបាន​តុលាការ​ផ្តន្ទាទោស ក្រោម​ច្បាប់​ពិសិដ្ឋ​ប្រមាថ​ដ៏​ចម្រូងចម្រាស​ឱ្យ​ជាប់ពន្ធនាគារ រយៈពេល ១៨ ខែ ដោយសារ​រអ៊ូ​ថា ថ្លង់​សំឡេង​មេក្រូ​ចេញពី វិហារ​អ៊ិ​ស្លាម ដែល​ប្រកាស​ហៅ បរិស័ទ​ទៅ​ថ្វាយបង្គំ​។

​ស្ត្រី​ឈ្មោះ មេ​លី​អេ​ណា (Meiliana) អាយុ ៤៤ ឆ្នាំ ដែលមាន​ដើមកំណើត​ចិន និង​ជា ពុទ្ធសាសនា​និក ត្រូវបាន​តុលាការក្រុង​មេ​ដាន (Medan) កោះ​ស៊ូ​ម៉ា​ត្រា ផ្តន្ទាទោស​ពីបទ ប្រមាថ​សាសនា​អ៊ិ​ស្លាម កាលពី​ថ្ងៃ​អង្គារ ទី​២១ ខែសីហា ក្រោយពី​សុំឱ្យ​វិហារ​អ៊ិ​ស្លាម ក្បែរ​ផ្ទះ​របស់គាត់ បន្ថយ​សំឡេង​មេក្រូ​បន្តិច ពីព្រោះ​វា​ឮ​ខ្លាំងពេក ដែល​ធ្វើឱ្យ​គាត់​ឈឺ​ត្រចៀក​។

​នៅ​ប្រទេស​ដែន​កោះ​នេះ មាន​វិហារ​អ៊ិ​ស្លាម រហូតដល់​ទៅ ៨០០.០០០ ដែល​ត្រូវបាន​ការពារ ក្រោម​ច្បាប់​ពិសិដ្ឋ​ប្រមាថ​។ សូមបញ្ជាក់ថា ក្នុង​មួយថ្ងៃ វិហារ​អ៊ិ​ស្លាម​ត្រូវ​ប្រកាស​ហៅ​បរិស័ទ ទៅ​ថ្វាយបង្គំ​ព្រះ ៥ ដង ឮ​ទ្រហឹងអឺងកង​គ្រប់​ទីកន្លែង មិន​ថា​ទីក្រុង​តូចធំ ឬ​ទីជនបទ​ឡើយ​៕ ដោយ​: សុខុម​