ស្ត្រី​ម្នាក់​ដើរ​ឆ្លងផ្លូវ​ទៅ​ទិញ​កំប៉ុង​ហ្គាស​ត្រូវ​ម៉ូតូ​បុក​ស្លាប់​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥

924

(​កំពង់ឆ្នាំង​)៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ​ដោយសារ​ម៉ូតូ​បុក​ក្នុង ខណៈដែល​ជនរងគ្រោះ​ដើរ​ឆ្លងផ្លូវ​ទៅ​​ទិញ​កំប៉ុង​ហ្គាស​។ ដោយឡែក​ខាង​ភាគី​ម៉ូតូ​ជា​ក្មេងស្រី​ជំ​ទង​​ជិះ​ឌុប​គ្នា​៤​នាក់ ​រងរបួស​ធ្ងន់​និង​ស្រាល​។ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោងជាង​៦​ល្ងាច​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៧ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ខាងមុខ​សាលាសង្កាត់​ខ្សា​ម ក្រុង​កំពង​ឆ្នាំង​។​

​នៅ​កន្លែងកើតហេតុ​ប៉ូលិស​ចរាចរណ៍ បាន​ឲ្យ​ដឹងថា ស្ត្រីជន​រងគ្រោះ​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ឈ្មោះ លឹម សុ​វណ្ណា អាយុ​៦២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​សង្កាត់​ន្លែ​ង​កើតហេតុ​ខាងលើ និង​ជា​អតីត​ជា​គ្រូបង្រៀន​ចូលនិវត្តន៍​។ រីឯ​ភាគី​ខាង​ម៉ូតូ ១.​ឈ្មោះ កុសល ភេទ​ស្រី អាយុ​១៧​ឆ្នាំ រងរបួស​ធ្ងន់ (អ្នកបើកបរ​) ២.​ឈ្មោះ អឹម ថា​រី ភេទ​ស្រី អាយុ​១៧​ឆ្នាំ រងរបួស​ស្រាល ៣.​ឈ្មោះ អេង ឈាង​ហុង ភេទ​ស្រី អាយ​១៨​ឆ្នាំ រងរបួស​ស្រាល និង ៤.​ឈ្មោះ ឆន ផល អាយុ​១៨​ឆ្នាំ រងរបួស​ស្រាល​។ ពួកគេ​ទាំង​៤​នាក់​ជា​សិស្ស និង​មាន​ស្រុកកំណើត នៅ​ឃុំ​ជលសារ ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង​។​

​ប៉ូលិស​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ស្ត្រី​រងគ្រោះ បាន​ដើរ​ឆ្លង​ផ្លូវជាតិ​លេខ​៥ ដើម្បី​ទៅ​ដូរ​កំប៉ុង​ហ្គាស់​។ ពេល​ដើរ​ដល់​ទ្រូងផ្លូវ​ស្រាប់​តែមាន​រថយន្ត​១​គ្រឿង បើក​ពី​កើ​តទៅ​លិច ខណៈនោះ​ស្រី​រងគ្រោះ​បាន​ថយក្រោយ​មកវិញ ក៏ត្រូវ​ម៉ូតូ​មួយគ្រឿង​ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1H 5479 ជិះ​ឌុប​គ្នា​៤​នាក់ បើក​ក្នុង​ល្បឿន​យ៉ាង​លឿន បាន​ជ្រុ​ក​ទៅបុក ស្ត្រី​រងគ្រោះ​ពេញ​មួយ​ទំហឹង បណ្តាល​ឲ្យ​ជន រងគ្រោះ​ដួល​បោក​ក្បាល​នឹង​ថ្នល់ជាតិ​ស្លាប់​នៅនឹងកន្លែង​តែម្តង​។ រីឯ​ភាគី​ខាង​ម៉ូតូ​ជា​ក្មេងស្រី​ជំទង់​ជិះ​ឌុប​គ្នា​៤​នាក់​បាន​រងរបួស​ធ្ងន់ និង​ស្រាល ត្រូវបាន​គេ​ដឹក​យកទៅ​សង្គ្រោះ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​៕L ដោយ​៖ សន សក្តា​