ស្ត្រី​ម្នាក់​ដែល​កាត់​ច្រមុះ​ចោល​ដោយសារ​ជំងឺ​ប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំង​ខ្លួនឯង ចំណាយ​ជាង​៣​ពាន់​ដុល្លារ​ទិញ​ច្រមុះ​សិប្បនិម្មិត​មក​ពាក់​

553
ចែករម្លែក

ម្តាយកូន​ពីរ​នាក់ ដែល​បាន​បាត់បង់​ច្រមុះ​របស់គាត់​ដោយសារ​ជំងឺ​ប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំង​ខ្លួនឯង​ដ៏​កម្រ បាន​លាតត្រដាង​ពី​របៀប​ដែល​លោកស្រី​បាន​ចំណាយលុយ ៣.០០០ ផោន (៣.៧៦១ ដុល្លារ​) លើ​ការទិញ​ច្រមុះ​សិប្បនិម្មិត​ដែលមាន​ដែក​ឆក់​។​

​លោកស្រី ជេន ហាដ​មែន (Jayne Hardman) មកពី​ទីក្រុង​រ៉េត​ឌី​ត ខេត្ត​វ៉ូ​សេ​ស្ទើ​សាយ​អឺ​នៃ​ចក្រភព​អង់គ្លេស គ្មាន​ជម្រើស​អ្វី​ឡើយ​ក្រៅតែពី​ត្រូវ​កាត់​ច្រមុះ​ចោល បន្ទាប់ពី​លោកស្រី​ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ឃើញ​មាន​ជំងឺ​ប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំង​ខ្លួនឯង​ហៅថា Wegener’s granulomatosis ដែល​បណ្តាលឱ្យ​ច្រមុះ​របស់លោក​ស្រីខូច និង អាច​ស្លាប់ ប្រសិនបើ​មិន​ព្យាបាល​។​

​បច្ចុប្បន្ន លោកស្រី​ប្រើ​ច្រមុះ​សិប្បនិម្មិត​ស្រដៀង​នឹង​ច្រមុះ​ពិត ដែល​ត្រូវ​នឹង​ពណ៌​សម្បុរ​របស់លោក​ស្រី​នៅ​គ្រប់​កាលៈទេសៈ ហើយ​ថ្មីៗ​នេះ​លោកស្រី​បានដាក់​ឈ្មោះ​ច្រមុះ​ទាំងនោះ​ថា ច្រមុះ “​ស្រវឹង​” និង ច្រមុះ “​រដូវក្តៅ​” ដើម្បីឱ្យ​ត្រូវ​នឹង​ស្បែក​របស់​លោកស្រី នៅពេល​លោកស្រី​មាន​អារម្មណ៍​ថា​មុខ​ឡើង​ក្រហម​។​

​ដោយ​បកស្រាយ​ពី​របៀប​ដែល​ច្រមុះ​ទាំងនោះ​ត្រូវបាន​ផលិតឡើង លោកស្រី​ជេន​និយាយថា “​គេ​ប្រើ​ឧបករណ៍​តូច​មួយ​ដែល​គេ​ដាក់​នៅលើ​មុខ​របស់​អ្នក ដែល​ត្រូវ​គ្នា​នឹង​ពណ៌​សម្បុរស្បែក​ត្រូវការ​ចាំបាច់​សម្រាប់​ច្រមុះ​សិប្បនិម្មិត​។ គេ​ធ្វើឱ្យ​វា​មើលទៅ​ដូចជា​ច្រមុះ​ពិតៗ​យ៉ាង​អ៊ីចឹង ហើយ​ជាមួយនឹង​ច្រមុះ​ស្រវឹង​ថ្មី​នេះ ខ្ញុំ​ទុក​វា​នៅក្នុង​កាបូប​របស់ខ្ញុំ ហើយ​ពាក់​វា បន្ទាប់ពី​ផឹកស្រា​តិចតួច ដែល​វា​ត្រូវ​គ្នា​នឹង​ស្បែក​យ៉ាង​ល្អឥតខ្ចោះ​តែម្តង​”​។​

​លោកស្រី​ជេន​បាន​កាត់​ច្រមុះ​ចោល​ក្នុង​ឆ្នាំ ២០១៧ គឺ​៣​ឆ្នាំ​បន្ទាប់ពី​លោកស្រី​ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ជំងឺ​ប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំង​ខ្លួនឯង បន្ទាប់ពី​ប៉ះទង្គិច​គ្នា​ជាមួយ​សត្វ​ឆ្កែ​ចិញ្ចឹម​ឈ្មោះ CeCe ដែល​បណ្តាលឱ្យ​ច្រមុះ​របស់លោក​ស្រី​ហើម​និង​ហូរឈាម និង​ធ្វើឱ្យ​លោកស្រី​មិនអាច​ហិតក្លិន​ដឹង​។ ជំងឺ​នេះ​អាច​បណ្តាល​ឱ្យស្លាប់ ប្រសិនបើ​ទុកចោល​មិន​ព្យាបាល​៕ ដោយ៖ កញ្ញាដាលីស