ស្ត្រី​ម្នាក់​ត្រូវ​ជនសង្ស័យ​ឆក់​កាបូប​បានសម្រេច​នៅ​ខណ្ឌ​សែន​សុខ​

1297
ចែករម្លែក

​ដោយ​: ចាន់តូ / ភ្នំពេញ​: ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​ឆក់ កាបូប​ពី​នារី​ម្នាក់​ធ្វើដំណើរ​តាមផ្លូវ​បានសម្រេច ហើយ​គេចខ្លួន​បាត់ស្រមោល​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​០៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​ហាង​មី​ហិ​រ តាមផ្លូវ​២០០៤ ភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ​។​

​សកម្មភាព ប្រព្រឹត្ត​បទល្មើស​ឆក់​ខាងលើ ត្រូវបាន​ប្រជាពលរដ្ឋ​រឹះ​គន់​ថា​សង្ស័យ មេ​ប៉ុស្តិ៍ មិន​នាំ​កូនចៅ​ដើរល្បាត​ហើយ​មើលទៅ ទើប​ជា​ឱកាស ជនល្មើស ដើរ​ធ្វើ​សកម្មភាព​ឆក់​កាបូប បាន​យ៉ាង​ងាយ​បែបនេះ​។​

​ស្ត្រីជន​រងគ្រោះ​មិនបាន​ប្រាប់​ពី​អត្តសញ្ញាណ​ទេ​គ្រាន់តែ​ប្រាប់ថា​ស្នាក់នៅ​សង្កាត់​ចោមចៅ​០៣ ខណ្ឌ​ពោធិ​សែន​ជ័យ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1H 7735 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២០០៤ ពី​កើ​តទៅ​លិច ដល់​ចំណុច​ខាងលើ ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ តាម​ពីក្រោយ មក​ធ្វើ​សកម្មភាព​ឆក់យក​កាបូប​ពាក់​នៅ​ពីមុខ​ខ្លួន ទៅ​បាត់ ក្នុង​កាបូប មាន ទូរស័ព្ទដៃ​សេរី​ទំនើប​មួយគ្រឿង កាត​ការងារ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​មួយ​សន្លឹក និង​ឯកសារ​មួយចំនួនទៀត​។

​ក្រោយ​កើតហេតុ បាន​ត្រឹម​ដើរ​គ្រវីក្បាល ហួសចិត្ត បទល្មើស​ដូចជា​ងាយៗ ស្រែក​ដង្ហោយ​ហៅរក​ប៉ូលិស តែ​គ្មាន​ឃើញ ទាល់តែ​ចោរ​ត់ទៅ​បាត់ស្រមោល បាត់ដាន មានតែ​ប៉ូលិស​ចរាចរណ៍​មកជួយ​សាកសួរ​នាំ ប្រាប់​ឲ្យ​ទៅប្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អូរ​បែកក្អម ឲ្យ​ជួយ​ស្រាវជ្រាវ​៕ ល​