ស្ត្រី​ម្នាក់​ត្រូវ​ប្ដី​ទី​២​លែងលះ ខូចចិត្ត​ដើរ​ផឹកស្រា​រហូតដល់​ដេកស្លាប់​ក្នុង​បន្ទប់​ជួល​

171
ចែករម្លែក

​ដោយ​: សាវ​រក្ស​
​ភ្នំពេញ​:
បន្ទាប់ពី​លែងលះ​ជាមួយ​ប្ដី​ទី​២ ធ្វើ​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ខូចចិត្ត​ផឹកស្រា​រហូតដល់​ដេកស្លាប់​ចោល​កូនតូច​៥​ឆ្នាំ ក្នុង​បន្ទប់​ជួល​មួយកន្លែង ស្ថិតនៅ​ផ្លូវ​លេខ​២៧ ភូមិ​មានជ័យ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩​។​

​តាម​សម្តី​បុរស​ម្នាក់​ត្រូវ​ឪពុក​បាន​ប្រាប់ថា សព​ស្ត្រី​ខាងលើ​មានឈ្មោះ ពន្លក ចិន្តា អាយុ ៣៤​ឆ្នាំ ស្នាក់នៅ​ភូមិ​ស្រីស្នំ សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ​។ គាត់​បាន​បញ្ជាក់ថា កូនស្រី​របស់គាត់​មាន​ប្តី​ចំនួន​២​នាក់ ហើយ​បាន​លែងលះគ្នា​ទាំងពីរ ដោយបាន​បន្សល់ទុក​កូ​ន​ប្រុស​តូច​អាយុ​ក្រោម​៥​ឆ្នាំ​ចំនួន​ពីរ​នាក់ រស់នៅ​ជាមួយ​បន្ទាប់ពី​លែងលះគ្នា​ជាមួយ​ប្តី​ក្រោយ ហើយ​នាង​តែងតែ​ដើរ​ចេញពីផ្ទះ ដោយ​ទុក​កូន​ឲ្យ​នៅ​ជាមួយ​តា​និង​យាយ ហើយ​នាង​ខូចចិត្ត​នឹង​រស់នៅ​មាន​ភា​ព​អាម៉ាស់ ទើប​នាង​បានសម្រេច​មក​ជួល​បន្ទប់​ស្នាក់នៅ​ត្រង់ចំណុច​កើតហេតុ​នេះ រយៈពេល​ជាង​២​ខែ ក៏​កើត​មានរឿង​បែបនេះ​តែម្តងទៅ​។​

​ស្ត្រី​ជា​ម្ចាស់​បន្ទប់​ជួល​បាន​រៀបរាប់ថា សព​ខាងលើ​បានមក​ជួល​បន្ទប់​ស្នាក់នៅ​តែម្នាក់ឯង​បាន​ចំនួន​ជាង​២​ខែ​ហើយ ដោយ​នាង​តែងតែ​ទិញ​ស្រា​ទៅ​ផឹក​ក្នុង​បន្ទប់ និង​ចេញទៅ​ផឹក​នៅ​ខាងក្រៅ រហូត ដល់​ព្រឹក​ថ្ងៃកើតហេតុ​នេះ មិនបាន​ឃើញ​នាង​ចេញពី​បន្ទប់​ជួល​ជាន់​ទី​២ មក​ខាងក្រៅ ទើប​ស្ត្រី​ជា​ម្ចាស់ផ្ទះ​មានការ​សង្ស័យ​ឡើងទៅ​មើល និង​ហៅ តែ​មិនបាន​បើកទ្វារ ក៏​ឆ្ងល់​ហើយ​ហៅ​អ្នក​បន្ទប់​ក្បែរ​គ្នា មក​គាស់​ទ្វារ​មើលឃើញ​ស្ត្រី​រងគ្រោះ​ដេកស្លាប់​បាត់ទៅហើយ​។ ភ្លាមៗ​នោះ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ឲ្យ​ចុះមក​ពិនិត្យ​ទៅ​លើក​សាកសព​ខាងលើ​។​

​ក្រោយ​ទទួលបាន​សេចក្តីរាយការណ៍​ភ្លាម នគរបាល​មូលដ្ឋាន​សហការ​ជាមួយ​នគរបាល​ជំនាញ ចុះ​ដល់ទី​តាំង​កើតហេតុ និង​បាន​ពិនិត្យ​ទៅលើ​សព​ស្ត្រី​ខាងលើ​ពិតជា​ស្លាប់​ដោយសារ​ខ្យល់គរ​ប្រាកដ​មែន នៅលើ​ខ្លួនប្រាណ​សព​គ្មាន​ស្លាកស្នាម​អ្វី​ទេ ជាពិសេស​ពេល​នាង​ដេកស្លាប់ គឺ​ទ្វារ​ចាក់សោ​ពី​ខាងក្នុង​៕ ល​