ស្ត្រី​ម្នាក់​បើករថយន្ដ​ទៅបុក​រថយន្ដ​ស៊ីន​ទ្រី​ពីក្រោយ បណ្ដាល​ឲ្យ​អ្នកប្រមូល​សំរាម​ម្នាក់​រងរបួស​បាក់ជើង​

994
ចែករម្លែក

ដោយ​៖​ប្រុស​ម៉ៅ / រាជធានី​ភ្នំពេញ​៖ ស្ត្រី​ម្នាក់​ទំនងជា​ស្រវឹង បាន​បើករថយន្ដ​ហាយ​ឡែ​ន​ឌ័​រ ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​រថយន្ដ​ស៊ីន​ទ្រី​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​បុរស​ម្នាក់​ជា​កម្មករ​ប្រមូល​សំរាម រងរបួស​បាក់ជើង​ម្ខាង ដោយ​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជាខ្លាំង កាលពី​វេលា​ម៉ោង​១០​និង​២៥​នាទី​យប់ ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ខាងត្បូង​អង់​តែ​ន​ទួលគោក​ប្រហែល​១០០​ម៉ែត តាម​បណ្ដោយ​ផ្លូវ​លេខ​២៨៩ ក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​យោងតាម​សម្ដី​ប្រជាពលរដ្ឋ​ដែល​នៅ​កន្លែង​ហេតុការណ៍​ខាងលើ បានឃើញ រថយន្ដ​បង្ក​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2U 8315 បើកបរ​ដោយ​ស្ត្រី​ម្នាក់​វ័យ​ប្រហែល​៣០​ឆ្នាំ ហើយ​ទំនងជា​ស្រវឹងស្រា បានធ្វើ​ដំណើ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៨៩ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន ហើយ​មិន​ប្រយ័ត្ន ក៏​រេ​ចង្កូត​ជ្រុល​ទៅបុក​រថយន្ដ​រងគ្រោះ​ជា​រថយន្ដ​ក្រុមហ៊ុន​ស៊ីន​ទ្រី កំពុងតែ​ឈប់​ឲ្យ​កម្មករ​ប្រមូល​សំរាម​នៅ​ច​ញ្ចើ​ម​ផ្លូវ បណ្ដាល​ឲ្យ​ត្រូវ​បុរស​ម្នាក់​ជា​កម្មករ រងរបួស​បាក់ជើង​ម្ខាង (​ធ្ងន់​) ចំណែក​រថយន្ត​បង្ក​វិញ​រង​ការខូចខាត​ផ្នែក​ខាងមុខ​ទាំងស្រុង តែ​អ្នកបើកបរ​មិន​រងរបួស​នោះទេ ។​

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ដែលជា​កម្មករ​ប្រមូល​សំរាម ត្រូវបាន​រថយន្ដ​សង្គ្រោះបន្ទាន់​របស់​មន្ទីរ​ពេទ្យ​ឯកជន ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ រីឯ​អ្នកបើករថយន្ដ​បង្ក​អង្គុយ​ក្រាប​ក្នុង​រថយន្ដ ខ្លាច​អ្នកសារព័ត៌មាន​ថតរូប លុះ​មួយសន្ទុះ​ក្រោយមក​ទើប​មាន​បងប្អូន ឬ​មិត្តភក្តិ​បើករថយន្ត​លិច​ស៊ី​ស មក​ទទួលយក​ចេញពី​កន្លែងកើតហេតុ​បាត់​។

​បន្ទាប់មក ទើប​មាន​សមត្ថកិច្ច​មូលដ្ឋាន និង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ចុះទៅ​ធ្វើការ​វាស់វែង​រថ​យន្ដ​ទាំងពីរ​គ្រឿង យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕L​