ស្ត្រី​ម្នាក់​បើកឡាន​ច្រឡំ​ហ្គា​ថា​ហ្វ្រាំង​ជ្រុល​ទៅបុក​ឃឿន​របង​មន្ទីរ​ប្រៃសណីយ៍​ខេត្តកោះកុង​

457
ចែករម្លែក

ដោយ​: សុ​ផានី​តា​
​កោះកុង​៖
ស្ត្រី​វ័យ​កណ្តាល​ម្នាក់ បាន​បើកឡាន​គេច​ម៉ូត​ដែល​កំពុង​ធ្វើ​ចរាចរណ៍​ក្បែរ​រង្វង់​មូល​ធនាគារ​អេស៊ីលីដា ទៅបុក​ឃឿន​របង​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្តកោះកុង​។

​លោក អ៊ុំ សោ​ភ័​ណ្ឌ ប្រធានការិយាល័យ​ច​រា​រណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង បានឱ្យដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​ខ្លួនឯង​នេះ កើតឡើង​នៅវេលា​ម៉ោង​១១ ព្រឹក​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៩​នេះ ស្ថិតនៅ​ភូមិ​១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ​។​

មូលហេតុ ព្រោះតែ​ស្ត្រី​ឈ្មោះ ជាំ​ង មុន្នី​រ័ត្ន អាយុ​៥២​ឆ្នាំ បើកបរ​រថយន្ត​ពាក់​ស្លាក​លេខ​2A-1084 លុះដល់​ត្រង់ចំណុច​រង្វង់​មូល​ធនាគារ​អេស៊ីលីដា គេច​ពី​ម៉ូតូ​មួយគ្រឿង​ដែល​ដួល​លើ​ថ្នល់ ដោយមាន​ការ​ភិន​ភ័យ​ច្រឡំ​ហ្វា​ថា​ជា​ហ្វ្រាំង​ជ្រុល​ទៅបុក​កា​បី​ន​ខ្សែ​កាបូ​ទូរទស្សន៍ ទូរស័ព្ទ និង​ឃឿន​របង​មន្ទីរ​ប្រៃសណីយ​ខេត្តកោះកុង​តែម្តង​។​

​បើតាម​ប្រធានការិយាល័យ​ចរាចរណ៍​ខេត្ត ភាគី​ជនបង្ក មាន​បណ្ណ​បើកបរ​ឡាន​ត្រឹមត្រូវ ហើយ​ក៏បាន​ព្រមព្រៀង​មិនអោយ​មានរឿង​វែងឆ្ងាយ​ទេ ពោល​ភាគី​បង្ក​ធានា​ចេញ​សំណង​ទូទាត់​ទាំងអស់​លើ​ការខូចខាត​កា​បី​ន​ខ្សែ​កាបិ៍​ទូរទស្សន៍ និង​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​ទូរគមនាគមន៍​កម្ពុជា​។ ចំណែកឯ​ក៏ត្រូវ​ភាគី​ជនបង្ក​ហៅ​រថយន្តស្ទូច​ដឹក​ទៅ​ជួសជុល​នៅ​រាជធានី​ភ្នំពេញ​ផងដែរ​។ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ មិន​បង្ក​ឱ្យ​នរណាម្នាក់​ស្លាប់ ឬ​រងរបួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ឡើយ​។

​លោក សុភ័ក្ត្រ តំណាង​ក្រុមហ៊ុន​ទូរគមនាគមន៍​កម្ពុជា លើកឡើងថា ប្រជាពលរដ្ឋ​ដែលជា​អតិថិជន​ប្រើប្រាស់​សេវា​ខ្សែ​កាបិ និង Internet ប្រមាណ​១០​ទៅ​២០​គ្រួសារ រង​ផលប៉ះពាល់​ដោយសារតែ​រថយន្តបុក​កា​បី​ន​បណ្តាញ​ខ្សែ​កាបិ​នេះ​។ បច្ចុប្បន្ន លោក​កំពុង​ធ្វើ​កំណត់ហេតុ​ពី​ការខូចខាត​ជាក់ស្តែង​បញ្ចូនទៅ​ថ្នាក់លើ​របស់ខ្លួន ថា​តើ​តម្រូវអោយ​ស្ត្រី​ជនបង្ក​សង​ថ្លៃ​កម្រិតណា​។​

​តំណាង​ក្រុមហ៊ុន​ទូរគមនាគមន៍ ស្នើ​ដល់​ម្ចាស់​រថយន្ត​ទាំងអស់ ចាំបាច់​បើកបរ​យានយន្ត​មានការ​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងពេល​បើកបរ​តាម​ដងផ្លូវ​សាធារណៈ តាមរយៈ​ពង្រឹងស្មារតី និង​គោរព​ច្បាប់​ច​រា​រណ៍ ជៀសវាង​បង្ក​ការ​គ្រោះ ថ្នាក់​អ្នកបើកបរ​ផ្សេងទៀត និង​ទ្រ​ព្ប​សម្បត្តិ​អ្នក​រដ្ឋ​ឯកជន​៕ ល​