ស្ត្រី​ម្នាក់​រួម​ដៃ​ជាមួយ​ប្រុស​សា​ហាយ​បាញ់សម្លាប់​ប្តី​ជា​គ្រូបង្រៀន​ត្រូវ​តុលាការ​ឃុំខ្លួន

191
ចែករម្លែក

ដោយ​៖​ឆាយា​នាថ​/​ភ្នំពេញ​៖​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក​ធ្វាំ​ប៊ុណ្ណា​នៅ​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ​បានចេញ​ដីកាឃុំខ្លួន​ស្ត្រី​ម្នាក់​ជា​ប្រពន្ធ​ដែល​រួម​ដៃ​ជាមួយ​ប្រុស​សា​ហាយ​បាញ់សម្លាប់​ប្តី​ខ្លួនឯង​ជា​គ្រូបង្រៀន​នៅ​ខណ្ឌ​សែន​សុខ​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន​។​

​ស្ត្រី​រូបនេះ​ឈ្មោះ​ឃឿ​ង​ស៊ី​ហ៊​ន​អាយុ​២៦​ឆ្នាំ​ត្រូវបាន​ចោទប្រកាន់​ពីបទ​”​ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន​”​តាម​មាត្រា​២៨​និង​មាត្រា​២០០​នៃ​ក្រមព្រហ្មទណ្ឌ​ដែល​កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​អស់​មួយជីវិត​។​ប្រភពព័ត៌មាន​ច្បាស់​ការណ៍​មួយ​ថ្លែង​ប្រាប់ថា​ជនសង្ស័យ​បាន​សារភាព​ហើយ​ថា​នាង​ជា​អ្នករៀបចំ​ផែនការ​បាញ់សម្លាប់​ប្តី​របស់​ខ្លួនឯង​។​ដោយសារ​ជនរងគ្រោះ​ជា​ប្តី​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា​ទើប​នាង​សម្រេចចិត្ត​ដូច្នេះ​។​

​នាង​បាន​បញ្ជាក់ថា​កន្លងមក​ប្តី​របស់​នាង​មានទំនាស់​ជាមួយ​នាង​រស់នៅ​មិន​ចុះសម្រុង​គ្នា​ហើយក៏​ធ្លាប់បាន​ទំនាស់​ពាក្យសំដី​គ្នា​ជាមួយ​អតីត​មិត្ត​ប្រុស​របស់​នាង​ផងដែរ​។​ទើប​នៅ​ថ្ងៃទី​២៥​ខែសីហា​ឆ្នាំ​២០១៩​នាង​បាន​ទូរស័ព្ទ​ណាត់ជួប​គ្នា​រៀបចំ​ផែនការ​បាញ់សម្លាប់​ប្តី​ខ្លួន​ដោយ​ឱ្យ​បក្ខពួក​ជា​ប្រុស​សា​ហាយ​មាន​កាំភ្លើង​ជា​អ្នកធ្វើ​សកម្មភាព​សម្លាប់​។​

​ជនសង្ស័យ​បាន​បន្តថា​លុះ​ថ្ងៃទី​២៧​ខែសីហា​ឆ្នាំ​២០១៩​ខណៈដែល​ប្តី​នាង​បាន​ទៅ​បុណ្យ​នៅឯ​ស្រុកកំណើត​ភូមិ​ស្វាយជ្រុំ​ស្រុក​ខ្សាច់កណ្តាល​ខេត្តកណ្តាល​នាង​ក៏បាន​ទូរស័ព្ទ​ឱ្យ​សា​ហាយ​ត្រៀម​រៀបចំខ្លួន​ធ្វើ​សកម្មភាព​។​ដោយ​នាង​បាន​ទូរស័ព្ទ​បង្ខំ​ប្តី​ឱ្យប្រញាប់​មក​ផ្ទះ ហើយ​ប្តី​របស់​នាង (​បាន​ប្រាប់​នាង​ថា ម៉ោង​១១​យប់​ទៅដល់​ហើយ​។​

​នៅពេលនោះ​នាង​បាន​ទូរស័ព្ទ​ឱ្យ​សាហា​យមក​។​លុះ​ពេល​ជនរងគ្រោះ​មកដល់​កន្លែង​ស្ងាត់​ជិត​មណ្ឌល​ឱកាស​ខ្ញុំ​ក៏​បាញ់សម្លាប់​តែម្តង​រួច​ជិះ​គេចខ្លួន​។​ក្រោយពេល​បាញ់សម្លាប់​រួច​ឈ្មោះ​មករា​បាន​ទូរស័ព្ទ​មក​ប្រាប់​នាង​បាញ់សម្លាប់​រួចរាល់​បានសម្រេច​ហើយ​រួច​បិទ​ទូរស័ព្ទ​និង​គេចខ្លួនបាត់​រហូតមក​ដល់ពេលនេះ​។​

នៅ​កន្លែងកើតហេតុ​ប៉ូលិស​បានឃើញ​សំបក​គ្រាប់កាំភ្លើង​ខ្លីម៉ាក​K54​ចំនួន​១​គ្រាប់​។​នៅលើ​ដងខ្លួន​សាកសព​ជនរងគ្រោះ​មាន​ស្នាមរបួស​ចំនួន​២​កន្លែង​ចំ​ត្រង់​ក្រោម​ឆ្អឹងជំនី​សងខាង​ដួល​ស្លាប់​នៅលើ​ផ្លូវ​ក្បែរ​ម៉ូតូ​ម៉ាក​ស្កូ​ពី ដែល​ជនរងគ្រោះ​ជិះ​។​ទោះបីយ៉ាងណា ពេលនេះ សា​ហាយ​បាន​រត់គេចខ្លួន​ហើយ ៕S/

#