ស្ត្រី​ម្នាក់​វង្វេង​ក្នុងព្រៃ​២​យប់​៣​ថ្ងៃ​រួច​ផុតពី​គ្រោះថ្នាក់​ដោយបាន​ជួប​អ្នក​ឃ្វៀលក្របី​

665
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ពិតជា​មានសំណាង​ណាស់​កាលពី​ថ្ងៃទី​៧​ខែសីហា​ឆ្នាំ​២០១៩​ស្ត្រី​ម្នាក់​បាន​វង្វេង​ក្នុងព្រៃ​ពេល​ចូល​ព្រៃ​ដក​ផ្សិត​ជាមួយ​អ្នកភូមិ​ជាច្រើន​នាក់​។​ការ​វង្វេង​បាត់​នៅក្នុង​ព្រៃ​អស់​រយៈពេល​២​យប់​៣​ថ្ងៃ​ដោយបាន​រួច​ផុតពី​គ្រោះថ្នាក់​អាច​ថា​រួច​ផុតពី​សេចក្តីស្លាប់​ក្រោយពី​បាន​ជួប​អ្នក​ឃ្វៀលក្របី​។​គឺ​អ្នក​ឃ្វៀលក្របី​នោះបាន​នាំ​នាង​មកដល់​ផ្ទះ​ដោយ​សុវត្ថិភាព​។​

​លោក​វរសេនីយ៍ទោ​រិ​ទ្ធ​សូ​ណា​អធិការនគរបាល​ស្រុក​ត្បែងមានជ័យ​បាន​ប្រាប់​អ្នកព័ត៌មាន​ដឹងថា​មុនពេល​កើតហេតុ​ស្ត្រី​រងគ្រោះ​រួមជាមួយ​អ្នកភូមិ​ប្រមាណ​១៩​នាក់​បាន​ជិះ​រថយន្ត​មួយគ្រឿង​ចេញពី​ភូមិ​បាក់​កាំ​ឃុំ​ឈានមុខ​ស្រុក​ត្បែងមានជ័យ​។​ពួកគាត់​នាំគ្នា​ចូល​ព្រៃ​ដើម្បី​ទៅ​ដក​ផ្សិត​នៅ​ចំណុច​សាលា​ដំណាក់​ផ្លូវ​ទៅ​ប្រាសាទព្រះវិហារ​។​

​លោក​អធិការ​ស្រុក​បាន​បន្តថា​ស្រប​ពេលដែល​ការចូល​ព្រៃ​ដក​ផ្សិត​បាន​រយៈពេល​ប្រហែល​២​ឬ​៣​ម៉ោង​អ្នកបើកបរ​រថយន្ត​ក៏បាន​ទូរស័ព្ទ​ហៅ​អ្នក​មកជា​មួយ​ដែល​កំពុង​ដក​ផ្សិត​ក្នុងព្រៃ​ឱ្យ​ត្រឡប់មកវិញ​។​ប៉ុន្តែ​ពេលនោះ​បាត់​ស្ត្រី​ម្នាក់​មិនឃើញ​ត្រឡប់មកវិញ​។​ឯ​ទូរស័ព្ទ​ក៏​តេ​មិន​ចូល​អ្នក​មកជា​មួយ​ចូល​ព្រៃ​ដើររក​ស្រែកហៅ​ក៏​មិនឮ​នាំគ្នា​ត្រឡប់ទៅផ្ទះ​វិញ​ប្រាប់​អ្នកភូមិ​និង​សមត្ថកិច្ច​ឱ្យជួយ​ដើររក​។​

​លោក​រិ​ទ្ធ​សូ​ណា​បាន​បន្តថា​ក្រោយ​ទទួលបាន​ដំណឹង​ពី​អ្នកស្រុក​និង​ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ​ភ្លាម​សមត្ថកិច្ច​និង​អ្នកភូមិ​ប្រមាណ​ជិត​១០០​នាក់​បាននាំគ្នា​ចូលក្នុង​ព្រៃ​ដើររក​នាង​តែ​រក​មិនឃើញ​សោះ​។​លុះ​វេលា​ម៉ោងជាង​១១​យប់​ថ្ងៃទី​៩​ខែសីហា​ឆ្នាំ​២០១៩​កម្លាំង​នគរបាល​ស្រុក​រួម​និង​ពលរដ្ឋ​បាន​ទៅដល់​តំបន់​ព្រៃ​ជា​ភ្លើង​ស្ថិតក្នុង​ឃុំ​យាង​ស្រុក​ជាំ​ក្សាន្ត​ក៏បាន​ជួប​នារី​ដែលរ​ង្វេ​ង​ក្នុងព្រៃ​។​ក៏បាន​នាំ​នាង​ត្រឡប់មក​ភូមិ​វិញ​ជួបជុំ​គ្រួសារ​ដោយ​សុវត្ថិភាព​។​

​លោក​បញ្ជាក់ថា​នារី​រងគ្រោះ​មានឈ្មោះ​គង់​ស្រីមុំ​ហៅ​ត្រែ​ត​អាយុ​២៩​ឆ្នាំ​រស់នៅ​ភូមិ​បាក់​កាំ​ឃុំ​ឈានមុខ​ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ​។​លោក​បន្តថា​នារី​រងគ្រោះ​ដែលរ​ង្វេ​ង​នៅ​ក្នុងព្រៃ​អស់​រយៈពេល​២​យប់​៣​ថ្ងៃនោះ​នាង​សំណាងល្អ​ណាស់​បាន​រួច​ពី​គ្រោះថ្នាក់​ដោយបាន​ជួប​យាយ​តា​ជា​អ្នក​ឃ្វាលក្របី​ក្នុងព្រៃ​។​ទីស្នាក់អាស្រ័យ​របស់​យា​យ​តា​មាន​ចម្ងាយ​ប្រហែល​១០​គីឡូម៉ែត្រ​ពី​ភូមិ​។​

​ស្នាក់នៅ​ក្នុង​ខ្ទម​ជាមួយ​យាយ​តា​រហូត​។​លុះ​កូន​របស់​យាយ​តា​បើក​គោយន្ត​ត្រឡប់មក​ភូមិ​វិញ​នារី​រងគ្រោះ​ក៏​មកជា​មួយ​ហើយ​ស្នាក់នៅ​ស្នាក់ការ​បរិស្ថាន​ទូរស័ព្ទ​ប្រាប់​ក្រុមគ្រួសារ​ទើប​សមត្ថកិច្ច​និង​ក្រុមគ្រួសារ​ទៅ​ទទួល​៕S/​