ស្ត្រី​វៀតណាម​ម្នាក់​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​៩​ឆ្នាំ​ពីបទ​ឃោសនា​ប្រឆាំង​រដ្ឋអំណាច​

1127
ចែករម្លែក

​តុលាការ​មួយ​នៅ​ខេត្ត​ហា​ណាំ ភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម កាលពី​ថ្ងៃ​អង្គារ បាន​កាត់ទោស​ស្ត្រី​វៀតណាម​ម្នាក់​ឱ្យ​ជាប់គុក​៩​ឆ្នាំ និង ជាប់ទោស​សាកល្បង​៥​ឆ្នាំ ពីបទ​ធ្វើ​សកម្មភាព​ឃោសនា​ប្រឆាំង​រដ្ឋអំណាច​។​

​យោងតាម​សាលក្រម​របស់​តុលាការ​នេះ លោកស្រី ត្រឹ​ន ធី ង៉ា អាយុ​៤០​ឆ្នាំ​រូបនេះ បានធ្វើ​និង​បង្ហោះ​វីដេអូ​ឃោសនា​ប្រឆាំង​រដ្ឋអំណាច​ចំនួន​១៣​វីដេអូ​នៅលើ​វេ​ប​សាយ​របស់​លោកស្រី និង នៅលើ​ហេ្វ​ស​ប៊ុ​ក​ព្រមទាំង​នៅ ប្រព័ន្ធ YouTube ពី​ខែមេសា​២០១៤ រហូតដល់​ការចាប់​ខ្លួន​របស់​លោកស្រី នៅ​ខែមករា​ឆ្នាំនេះ​។​

​វីដេអូ​ទាំងនេះ របស់លោក​ស្រី ត្រូវបាន​ចោទប្រកាន់​ពីបទ​និយាយ​ប​ង្ខូច​ឈ្មោះ​រដ្ឋាភិបាល និង​បកស្រាយ​ប​ង្ខូច​គោលនយោបាយ​បក្ស​កុម្មុយនីស្ត​និង​រដ្ឋ ដើម្បីឱ្យ​មានការ​យល់ច្រឡំ ការសង្ស័យ និង ភាព​ទោមនស្ស ។ នេះ​បើ​យោងតាម​ប៉ូលិស​ខេត្ត​ហា​ណាំ​។

​ក្រុម​រដ្ឋអាជ្ញា​ក៏បាន​ចោទប្រកាន់​លោកស្រី​ពីបទ​ផ្តល់ព័ត៌មាន​មិន​ពិត​អំពី​ក្រុម​មេដឹកនាំ​រដ្ឋាភិបាល​ក្នុងអំឡុង​ធ្វើ​បទសម្ភាសន៍​ជាមួយ​កាសែត​បរទេស​ផងដែរ​៕ ដោយ៖ សុខា

លោកស្រី ត្រឹ​ន ធី ង៉ា ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​៩​ឆ្នាំ​ពីបទ​ឃោសនា​ប្រឆាំង​រដ្ឋអំណាច