ស្ត្រី​សង្ស័យ​ម្នាក់ និង​ថ្នាំញៀន​យ៉ាម៉ា​១០០​គ្រាប់ ត្រូវ​បញ្ជូនទៅ​តុលាការ​

410

(​បាត់ដំបង​)៖ នៅ​ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៧ កម្លាំង​ការិយាល័យ​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​បញ្ជូន​ស្ត្រី​សង្ស័យ​ម្នាក់ និង​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន ១០០​គ្រាប់ ទៅ​សាលាដំបូង​ពីបទ​ជួញដូរ​គ្រឿងញៀន​។​

​ស្ត្រី​រូបនេះ ត្រូវ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ពេជ្រ​ចិន្តា ធ្វើការ​បង្ក្រាប​ជាក់ស្តែង​ករណី​រក្សាទុក​ដឹកជញ្ជូន ឬ​ជួញដូរ​នូវ​សា​ធាតុ​ញៀន​ខុសច្បាប់ នៅ​ចំណុច​ភូមិ​អូរ ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក កាលពី​រសៀល​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៧​។​

​លោក សុង សុភ​ក្ត្រ អធិការនគរបាល​ស្រុក​ភ្នំព្រឹក បាន​ឲ្យ​ដឹងថា ស្ត្រី​សង្ស័យ​ឈ្មោះ ជរ ផេ​ន អាយុ ៤០​ឆ្នាំ មុខរបរ​ធ្វើ​ចំការ​មាន​ទីលំនៅ​ភូមិ ឃុំ​ខាងលើ​។ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​រួមមាន​ថ្នាំ​គ្រាប់ រាង​មូល​សំប៉ែត​ពណ៌​ស្លា​ទុំ មាន​អក្សរ​បរទេស​លើ​គ្រាប់​ថ្នាំ​សញ្ញា WY ចំនួន​១០០​គ្រាប់ និង​ទូរស័ព្ទដៃ​ម៉ាក​ណូគា​ចំនួន ១​គ្រឿង​។​

​ករណីនេះ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ និង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕L ដោយ​៖ គ្រញូង​