ស្ត្រី​សញ្ជាតិ​អាម៉េរិក​ម្នាក់​ស្លាប់​បន្ទាប់ពី​វះកាត់​កែ​សម្ផស្ស​នៅ​មន្ទីរពេទ្យក្រុង​ហូជីមិញ​

944
ចែករម្លែក

​ប៉ូលិស​ក្រុង​ហូជីមិញ​កំពុង​ស៊ើបអង្កេត​ការស្លាប់​របស់​ស្ត្រី​អាម៉េរិកាំង​វៀតណាម​ម្នាក់ ដែល​បាន​ស្លាប់ បន្ទាប់ពី​ទទួល​ការវះកាត់​កែ​សម្ផស្ស​នៅឯ​មន្ទីរពេទ្យ​ក្នុងស្រុក​មួយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៤​តុលា​។​

​ស្ត្រី​អាយុ ៥៩ ឆ្នាំ​ដែល​គេ​មិន​បញ្ចេញ​ឈ្មោះ​នេះ បាន​ចុះឈ្មោះ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​សម្រាប់​ការវះកាត់​លើក​ផ្ទៃមុខ​នៅ​មន្ទីរ​ពេទ្យវះកាត់ Kangnam Plastic Surgery Hospital របស់​កូរ៉េខាងត្បូង​នៅ​សង្កាត់​លេខ ៣​។​

​លទ្ធផល​នៃ​ការពិនិត្យ​បានបង្ហាញ​ថា អ្នកជំងឺ​មាន​សុខភាព​ល្អ​និង​មាន​ប្រវត្តិ​វះកាត់​ដាក់​ស៊ី​លី​កូន​បូម​លើ​ថ្ពាល់​។ នេះ​យោងតាម​របាយការណ៍​ប​ឋ​ម​ពី​មន្ទីរពេទ្យ​វះកាត់​នេះ បញ្ជូនទៅ​មន្ទីរ​សុខាភិបាល​ក្រុង​។​

​ស្ត្រី​នោះ​ត្រូវបាន​ចាក់​ថ្នាំ​សន្លប់ និង​ត្រូវបាន​វះកាត់​នៅ​មួយថ្ងៃ​ក្រោយមក​។ នៅ​យប់​ដដែល​នោះ ស្ត្រី​នេះ​បង្ហាញ​សញ្ញា​នៃ​ដង្ហើម​ខ្លីៗ​និង​សម្ពាធ​ឈាម​ទាប​។​

​គ្រូពេទ្យ​បាន​ព្យាយាម​សង្គ្រោះ​ឱ្យ​ស្ត្រី​នោះ​ដឹងខ្លួន​ឡើងវិញ ប៉ុន្តែ​មិនបាន​សម្រេច​។ អ្នកជំងឺ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ជោ​រៃ​ក្នុងស្ថានភាព​អាសន្ន​។ ទោះយ៉ាងណា ស្ត្រី​នោះបាន​ស្លាប់​បន្ទាប់ពី​សម្រាក​ព្យាបាល​បាន ២ ថ្ងៃ​នៅ​ទីនោះ​។​

​របាយការណ៍​ពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​ស្រង់​សម្តី​វេជ្ជបណ្ឌិត​មកពី​មន្ទីរពេទ្យ​ជោ​រៃ​ថា អ្នកជំងឺ​ត្រូវគេ​ជឿថា​ទទួលរង​នូវ​អាកា​រៈ Shock ពី​ថ្នាំស្ពឹក​។​

​មន្ត្រីប៉ូលិស​កំពុង​ស្វែងរក​ការអនុញ្ញាត​ពី​ស្ថាន​កុងស៊ុល​សហរដ្ឋ​អាម៉េរិក​នៅ​ក្រុង​ហូជីមិញ​ដើម្បី​ធ្វើ​កោសល្យវិច័យ​ដើម្បី​កំណត់​ពី​មូលហេតុ​នៃ​ការស្លាប់​នេះ​៕ ដោយ៖ កញ្ញាដាលីស

ស្ត្រី​អា​មេ​រិ​កាំ​ដើមកំណើត​វៀតណាម​ស្លាប់​ក្រោយ​វះកាត់​កែ​សម្ផស្ស​នៅ​មន្ទីរពេទ្យ Kangnam Plastic Surgery Hospital កាលពី​ថ្ងៃ​ចន្ទ