ស្ត្រី​សាក់​រូប​ចម្លែក​ខុសគេ​លើ​ផ្ទៃមុខ ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ជា​លើក​ទី​បី​ក្នុង​រយៈពេល​ត្រឹម​ប្រាំ​មួយខែ​

304
ចែករម្លែក

​ស្ត្រី​ម្នាក់ ដែលមាន​ស្នាម​សាក់​ខុសគេ​នៅលើ​ផ្ទៃមុខ ត្រូវបាន​ចាប់ខ្លួន​ជា​លើក​ទី​បី​ក្នុង​រយៈពេល​ត្រឹមតែ ៦ ខែ​ប៉ុណ្ណោះ​។​

​នាង អា​លី​ស​សា ហ្សេ​ប្រា​ស្គី (Alyssa Zebrasky) អាយុ ២៧ ឆ្នាំ​ត្រូវបាន​ថតរូប​នៅ​ប៉ុស្តិ៍​ប៉ូលិស​ជា​លើក​ទី​បី​កាលពី​ថ្ងៃ​អង្គារ​ទី​២៣​មេសា បន្ទាប់ពី​នាង​ត្រូវបាន​ចាប់ខ្លួន​នៅ​តំបន់​ម៉ុង​ហ្គោ​មឺ​រី​ខោ​ន​ធី រដ្ឋ​អូ​ហៃ​យ៉ូ​។​

​នាង​ត្រូវបាន​ចាប់ខ្លួន​ពីបទ​ចោទប្រកាន់​មួយ​នៅក្បែរ​តំបន់​ម៉ា​ហូ​នី​ង​ខោ​ន​ធី​។​

​រូបថត​នៅ​ប៉ុស្តិ៍​បានបង្ហាញ​យ៉ាងច្បាស់​ពី​ការចាក់​សាក់​រូប​សំណាញ់​ពីងពាង​នៅលើ​ថ្ងាស​របស់​នាង​និង​រូប​លលាដ៍ក្បាល​ខ្មោច​នៅ​ជុំវិញ​រង្វង់​ភ្នែក​ថ្ពាល់​ច្រមុះ​និង​បបូរមាត់​របស់​នាង​។​

​ការចាប់ខ្លួន​ថ្មីៗ​នេះ​របស់​នាង (​លើក​ទី​ពីរ​) នៅមុន​ការឃាត់ខ្លួន​នៅ​សប្តាហ៍​នេះ​គឺ​បាន​កើតឡើង​កាលពី​ខែធ្នូ​ពីបទ​ចោរកម្ម​និង​សេព​គ្រឿងញៀន​។​

​នាង​ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​ព្យាយាម​លួច​កាបូប​ពី​ហាង Walmart នៅក្នុង​ទីក្រុង​បូត​មែន (Boardman)​។​

​អំឡុងពេល​ឆែកឆេរ ប៉ូលិស​បាន​និយាយថា​ពួកគេ​បាន​រកឃើញ​ម្ជុលចាក់​ថ្នាំញៀន​មួយ “​សារធាតុ​ពណ៌​សរឹង​ដូច​ដុំថ្ម​” និង “​ថ្នាំ​គ្រាប់​ពណ៌​ទឹកក្រូច​” នៅក្នុង​ប្រអប់​មួយ​នៅក្នុង​កាបូប​របស់​នាង​។​

​នាង​ហ្សេ​ប្រា​ស្គី​បាន​សារភាព​ប្រាប់​ប៉ូលិស​ថា ថ្នាំ​ទាំងនេះ​គឺជា​មេ​តំ​ហ្វេ​តា​មីន និង​ជា​ថ្នាំ​គ្រាប់ Suboxone ។​

​នាង​ត្រូវបាន​ចាប់ខ្លួន​ផងដែរ​កាលពី​ខែវិច្ឆិកា បន្ទាប់ពី​ការតាមប្រមាញ់​របស់​ប៉ូលិស​នៅ​ទីក្រុង​អូ​ស្ទី​ន​ថោ​ន (Austintown) ។​

​បន្ទាប់ពី​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន នាង​ហ្សេ​ប្រា​ស្គី​បាន​ដើរ​តម្រង់​ទៅ​មន្ត្រីប៉ូលិស ដោយ​និយាយថា “​ខ្ញុំ​មានកាំបិត​មួយ​តាម​ខ្លួន តើ​លោក​ឯង​នឹងធ្វើ​អ្វី​ជាមួយ​វា​?”​។​

​ក្នុង​ហេតុការណ៍​នោះ នាង​ត្រូវបាន​ចោទប្រកាន់​ពីបទ​រំខាន​កិច្ចការ​របស់​ប៉ូលិស​៕ ដោយ៖ កញ្ញាដាលីស

នាង អា​លី​ស​សា ហ្សេ​ប្រា​ស្គី ត្រូវបាន​ចាប់ខ្លួន​ជា​លើក​ទី​បី​កាលពី​ថ្ងៃ​អង្គារ