ស្ត្រី​ស៊ុយអែត ៤០០ នាក់​ឈ្នះក្តី​និង​ទទួលបាន​ប្រាក់​សំណង ជុំវិញ​ការប្រើ​សុដន់​ស៊ី​លី​កូន​ខូចគុណភាព​របស់​បារាំង​

579
ចែករម្លែក
  • 12
    Shares

​តុលាការ​បារាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩​វិច្ឆិកា​បាន​បង្គាប់​ឱ្យ​ក្រុមហ៊ុន​ចេញ​វិញ្ញាបនបត្រ​សុវត្ថិភាព​របស់​អាល្លឺម៉ង់ (TUV) ដែល​បានអនុម័ត​ឱ្យប្រើ​សុដន់​ស៊ី​លី​កូន​ខូច​គ្មាន​គុណភាព ទូទាត់​សង​ដល់​ស្ត្រី​ជនជាតិ​ស៊ុយអែត​ចំនួន ៤០០ នាក់ ដែល​ទទួល​ការពង្រីក​ដោះ​ពី​ស៊ី​លី​កូន​ទាំងនោះ​បន្ទាប់ពី​មានការ​ភ័យខ្លាច​ជាស​កល​។​

​តុលាការ​នៅ​សង្កាត់​ណង់​ទែ​រ​ជាយក្រុង​ប៉ារីស​បាន​បង្គា​ប់​ឱ្យ​ក្រុមហ៊ុន TUV បង់ប្រាក់​ចំនួន ៤.៦០០ អឺរ៉ូ (៥.២៤៣ ដុល្លារ​) ដល់​ភាគី​ដើមចោទ​ស៊ុយអែត​នីមួយៗ​សម្រាប់​ផលវិបាក​ដែល​បង្កឡើង​ដោយ​ការអនុញ្ញាត​ឱ្យប្រើ​សុដន់​ស៊ី​លី​កូន​ផលិត​ដោយ​ក្រុមហ៊ុន​បារាំង Poly Implant Prothese (PIP)​។​

​តុលាការ​ក៏បាន​បង្គាប់​ឱ្យ​ក្រុមហ៊ុន​សង​ថ្លៃដើម​ក្នុងការ​វះកាត់​យកចេញ​នូវ​ស៊ី​លី​កូន​តម្លៃថោក​គ្មាន​គុណភាព​ទាំងនោះ​ផងដែរ​។​

​ការបង្គាប់​នេះ​កើតឡើង​មួយខែ បន្ទាប់ពី​តុលាការ​ឧទ្ធរណ៍​ជាន់ខ្ពស់​បំផុត​របស់​ប្រទេស​បារាំង​បាន​បង្គាប់​ឱ្យ​កាត់ក្តី​ឡើងវិញ​អំពី​ករណី​ក្រុមហ៊ុន TUV ធ្វេសប្រហែស​ក្នុងតួនាទី​របស់ខ្លួន​ក្នុង​ការចេញ​លិខិតអនុញ្ញាត បន្ទាប់ពី​ត្រូវបាន​ជម្រះ​ឱ្យ​រួចខ្លួន​ពី​ការទទួលខុសត្រូវ​ដោយ​តុលាការ​ជាន់​ទាប​។​

​បន្ទាប់ពី​ការកាត់ក្តី​ដាច់ដោយឡែក​មួយ ក្រុមហ៊ុន TUV ត្រូវបាន​បង្គាប់​ឱ្យ​បង់ប្រាក់ ៦០ លាន​អឺរ៉ូ (​ជាង​៦៨​លាន​ដុល្លារ​) ជា​ប្រាក់​តម្កល់​សម្រាប់​លទ្ធភាព​ទូទាត់​សង​ដល់​ស្ត្រី​ចំនួន ២០.០០០ នាក់ ដែល​ទទួល​ការវះកាត់​សុដន់​ស៊ី​លី​កូន​គ្មាន​គុណភាព​នេះ​។​

​រឿងអាស្រូវ​សុដន់​ស៊ី​លី​កូន​របស់​ក្រុមហ៊ុន PIP បាន​ល្បី​លើ​សារព័ត៌មាន​ទូទាំង​ពិភពលោក​ក្នុង​ឆ្នាំ ២០១១ បន្ទាប់ពី​គ្រូពេទ្យ​បានកត់សម្គាល់​ឃើញ​អត្រា​ខ្ពស់​នៃ​ការផ្ទុះ​បែក​មិនធម្មតា​។​

​មនុស្ស​ប្រហែល ៤០០.០០០ នាក់​នៅ​ទូទាំង​ពិភពលោក​ភាគច្រើន​នៅ​អាមេរិក​ឡាទីន​ត្រូវបាន​គេ​ជឿថា បានទទួល​វះកាត់​ពង្រីក​ដោះ​។

​មនុស្ស​រាប់ពាន់នាក់​បាន​វះកាត់​យក​វា​ចេញ​វិញ ទោះបីជា​អាជ្ញាធរ​សុខាភិបាល​នៅក្នុង​ប្រទេស​មួយចំនួន​បានប្រកាសថា សុដន់​ស៊ី​លី​កូន​ទាំងនោះ​មិនមាន​ផ្ទុក​ជាតិពុល​ក៏ដោយ​។​

​ស្ថាបនិក​របស់​ក្រុមហ៊ុន PIP លោក ហ្ស​ង់​ក្លោដ ម៉ាស ត្រូវបាន​ផ្តន្ទាទោស​ពីបទ​ឆបោក និង ត្រូវ​ជាប់គុក ៤ ឆ្នាំ​។ ក្រុមហ៊ុន​របស់គាត់​បា​ន​បិទទ្វារ​ក្នុង​ឆ្នាំ ២០១០៕ ដោយ៖ កញ្ញាដាលីស

អ្នកជំនាញកំពុងពិនិត្យសុដន់ស៊ីលីកូន