ស្ត្រី​អាមេរិក​ផ្តល់កំណើត​ដល់​ទារិកា ចេញពី​អំប្រ៊ីយ៉ុង​ដែល​បង្កក​ទុក​តាំងពី​ឆ្នាំ ១៩៩២

1172

​នៅពេល​នាង​ទីណា ហ្គី​ប​សុន (Tina Gibson) រៀបការ​កាលពី ៧ ឆ្នាំមុន ស្ត្រី​វ័យ ២៦ ឆ្នាំ​រូបនេះ​បានដឹងថា នាង​ទំនង​មិនអាច​មានកូន​ដោយ​ធម្មជាតិ​បានទេ​។ ស្វាមី​របស់​នាង​ឈ្មោះ បេន​ចា​មីន ហ្គី​ប​សុន (Benjamin Gibson) អាយុ ៣៣ ឆ្នាំ មាន​ជំងឺ​រលាក​ផ្លោក​នោម ដែលជា​ជំងឺ​មួយ​អាចធ្វើឱ្យ​បុរស​មិនអាច​មានកូន​បានទេ​។ នេះ​បើតាម​សម្តី​ប្តី​ប្រពន្ធ​នេះ​ប្រាប់​ទៅ​ទូរទស្សន៍​ស៊ី​អ៊ិន​អ៊ិន​។​

​ប្តី​ប្រពន្ធ​មកពី​រដ្ឋ​ថេ​ណេ​ស​ស៊ី​ភាគ​ខាងកើត​នេះ​បាន​សម្រេចចិត្តថា ពួកគេ​នឹង​យក​កូន​គេ​មក​ចិញ្ចឹម​ជំនួស​វិញ ហើយ​ពួកគេ​នឹង​ចិញ្ចឹម​កូន​គេ​ឱ្យបាន​ច្រើន រហូតដល់​ពេលណា​មួយ​ដែល​ពួកគេ​បាន​ត្រៀមខ្លួន​មានកូន​ដោយ​ខ្លួនឯង​។​

​យោងតាម​ស៊ី​អ៊ិន​អ៊ិន កាលពី​ឆ្នាំមុន​ក្នុងអំឡុងពេល​សម្រាកលំហែ​កាយ​ពី​កូនចិញ្ចឹម​របស់​ពួកគេ​នោះ ឪពុក​របស់​នាង​បាន​ប្រាប់​ប្តី​ប្រពន្ធ​នេះ​អំពី​អ្វីដែល​គាត់​បានឮ​នៅលើ​ព័ត៌មាន គឺ​ការសុំ​កូនចិញ្ចឹម​ជា​អំប្រ៊ីយ៉ុង​។ ពេលនោះ នាង​ហ្គី​ប​សុន មិន​យល់​ទេ​ថា​ស្អី​ទៅជា​កូនចិញ្ចឹម​អំប្រ៊ីយ៉ុង​។ នាង​បានដាក់​ពា​ក្ស​សុំ​កូនចិញ្ចឹម​ជា​អំប្រ៊ីយ៉ុង​នៅ​ខែសីហា ឆ្នាំ ២០១៦ និង នៅត្រឹម​និ​ទាឃ​រដូវ មាន​អំប្រ៊ីយ៉ុង​ចំនួន ៣ ពី​អ្នក​បរិច្ចាគ​អនាមិក​ដូចគ្នា ទុក​សម្រាប់​ផ្ទេរ​ចូលក្នុង​ស្បូន​របស់​នាង​។​

​នាង​បាន​ប្រាប់​ទូរទស្សន៍​ស៊ី​អ៊ិន​អ៊ិន​ថា ទាល់តែ​ពេលដែល​នាង​ត្រៀម​សម្រាប់​ការផ្ទេរ​យក​អំប្រ៊ីយ៉ុង ទើប​វេជ្ជបណ្ឌិត​និង​នាយក​មន្ទីរពិសោធន៍​បាន​ពន្យល់ថា អំប្រ៊ីយ៉ុង ដែល​ហ្គី​ប​សុន​បានជ្រើសរើស អាច​នាំឱ្យមាន “​កំណត់ត្រា​ពិភពលោក​”​។​

​នៅ​ថ្ងៃទី ២៥ វិច្ឆិកា ២០១៧ នាង​ហ្គី​ប​សុន​បានផ្តល់​កំណើត​ដល់​កូនស្រី​ម្នាក់​ដែលមាន​សុខភាព​ល្អ​ឈ្មោះ អេ​ម​ម៉ា រិ​ន ហ្គី​ប​សុន (Emma Wren Gibson)​។ នាង​ហ្គី​ប​សុន​បាន​ប្រាប់​ទូរទស្សន៍ NBC ថា “​មនុស្ស​និយាយថា អូ វា​ជា​វិទ្យាសាស្ត្រ ប៉ុន្តែ​មិនមែន​ទេ ខ្ញុំ​គិតថា វា​ជា​អំណោយ​ពី​ព្រះ​ជា​ម្ចាស់​។ វា​ជា​អំណោយ​ពី​ព្រះ​ជា​ម្ចាស់ ពិតប្រាកដ​ណាស់​”​។​

​មជ្ឈមណ្ឌល​បរិច្ចាគ​អំប្រ៊ីយ៉ុង​ជាតិ (NEDC) ក្នុង​ទីក្រុង​ណុ​ច​វី​ល (Knoxville) រដ្ឋ​ថេ​ណេ​ស​ស៊ី ដែលជា​កម្មវិធី​កូនចិញ្ចឹម​ជា​អំប្រ៊ីយ៉ុង ដែល​ជួយ​ឱ្យ​នាង​ហ្គី​ប​សុន​មាន​ផ្ទៃពោះ បាន​និយាយថា ទារក​ឈ្មោះ អេ​ម​ម៉ា បាន​កាន់​កំណត់ត្រា​នៃ​អំប្រ៊ីយ៉ុង ដែល​គេ​បង្កក​ទុក​យូរ​បំផុត ដែល​បានចាប់កំណើត​។​

​មន្ដ្រី​របស់ NEDC បាន​និយាយ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃ​អង្គា​រថា អំប្រ៊ីយ៉ុង​នេះ​ត្រូវបាន​គេ​បង្កក​ទុក​នៅ​ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ១៩៩២ នៅពេលដែល​នាង​ហ្គី​ប​សុន ទើបតែ​មាន​អាយុ​ប្រហែល ១៨ ខែ ហើយ​ត្រូវបាន​រំលាយ​កុំឱ្យ​កក​នៅ​ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០១៧ ដោយ​នាយក​មន្ទីរពិសោធន៍​អំប្រ៊ីយ៉ុង លោក ខា​រ៉ូ​ល សំ​មឺ​ហ្វែ​ល (Carol Sommerfelt) ដូច្នេះ​មានន័យថា អំប្រ៊ីយ៉ុង​នេះ​មាន​អាយុ ២៤ ឆ្នាំ​៕ ដោយ៖ កញ្ញាដាលីស

នាង ហ្គី​ប​សុន ប្រសូត​បានកូន​ស្រី ពី​អំប្រ៊ីយ៉ុង​ដែល​បង្កក​ទុក​តាំងពី​ឆ្នាំ ១៩៩២