ស្ត្រី​អាម៉េរិក​ចេញពី​កម្ពុជា​ពេលនេះ​ម៉ាឡេស៊ី​ប្រកាសថា​មិនមាន​វីរុស​កូ​រ៉ូ​ណា​

233
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រី Wan Azizah Wan Ismail បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២១​ខែកុម្ភៈ​នេះ ថា ស្ត្រី​ជនជាតិ​អាម៉េរិក​អាយុ​៨៣​ឆ្នាំ ដែល​បច្ចុប្បន្នកំពុង​ស​ម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ Sungai Buloh ត្រូវបាន​ធ្វើតេស្ត​ម្តង​ហើយ​ម្តងទៀត ហើយ​លទ្ធផល​បាន​បង្ហាញថា លោកស្រី​មិនមាន​ផ្ទុក​វីរុស​នេះ​ទៀត​ទេ​។ នេះ​បើ​យោងតាម​ការផ្សាយ​លើ​គេហទំព័រ The Straits Times ។​

​លោក​បានឱ្យដឹងថា «​ការធ្វើ​តេស្ត​របស់លោក​ស្រី​បានទទួល​លទ្ធផល​អវិជ្ជមាន​។ ទោះយ៉ាងណា លោកស្រី​នៅតែ​ត្រូវបាន​គេ​រក្សាទុក​ឲ្យ​នៅ​មន្ទីរពេទ្យ ពីព្រោះ​លោកស្រី​មិនមាន​សុខភាព​ល្អ​នៅឡើយ​ទេ ហើយ​នៅតែមានរោគសញ្ញា​ផ្សេង​។​នៅពេលដែល​ណា​ដែល​លោកស្រី​លែងមាន​រោគសញ្ញា​ហើយ​នោះ​ លោកស្រី​អាច​ចេញពី​មន្ទី​រពេទ្យ​បាន​ហើយ​។​»

ស្ត្រី​រូបនេះ និង​ប្តី​អាយុ​៨៥ ឆ្នាំ​របស់គាត់​បាន​ស្ថិតនៅលើ​នាវា MS Westerdam ដែល​បានចូល​ចត​នៅ​ក្រុងព្រះសីហនុ​ប្រទេស​កម្ពុជា កាលពី​សប្តាហ៍​មុន​។ ប្តី​ប្រពន្ធ​មួយ​នេះ​បាន​ហោះហើរ​ក្នុង​ជើងហោះហើរ​ពិសេសមួយ​ទៅកាន់​ទីក្រុង​គូ​ឡា​ឡាំ​ពួ ដែលមាន​ផ្ទុក​ដឹក​អ្នកដំណើរ​១៤៥​នាក់ ដោយ​មានតែ​ពួកគេ​ពីរនាក់ប៉ុណ្ណោះ​ដែលមានរោគសញ្ញា​សង្ស័យ​។​ដំបូង​ការធ្វើ​តេស្ត​ចំនួន​ពីរ លើ​ស្ត្រី​រូបនេះ​បាន បង្ហាញថា​លោកស្រី​មាន​តេស្ត​វិជ្ជមាន​ចំពោះ​វីរុស Covid-19 ហើយ​បន្ទាប់មក​លោកស្រី​ត្រូវបាន​គេ​ដាក់​នៅក្នុង​បន្ទប់​ដាច់​ឆ្ងាយ​មួយ​នៅឯមន្ទីរពេទ្យ Sungai Buloh ។ ប្តី​របស់​លោកស្រី​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន​។​ប៉ុន្តែ​គាត់​បានជ្រើសរើស​ស្នាក់នៅ​និង​រួម​ដំណើរ​ជាមួយ​ប្រពន្ធ​របស់គាត់​នៅ​មន្ទីរពេទ្យ​៕សរន/Ha