ស្ត្រី​អាយុ ៦០ ឆ្នាំ​មហា​សំណាង​អាច​នៅរស់ បន្ទាប់ពី​វេជ្ជបណ្ឌិត​វះកាត់​យក​ដុំ​សាច់​ទម្ងន់ ៣៥ គីឡូក្រាម​ចេញពី​អូវែ​

1133
ចែករម្លែក

​ស្ត្រី​អាយុ ៦០ ឆ្នាំ​ម្នាក់ មានសំណាង​អាច​នៅរស់ បន្ទាប់ពី​វេជ្ជបណ្ឌិត​បាន​វះកាត់​ចេញ​នូវ​ដុំ​សាច់​អូវែ​២​ដុំ ទម្ងន់​រហូតដល់ ៣៥ គីឡូក្រាម ដែល​គ្របដណ្តប់​លើ​ពោះ​របស់គាត់​ចំនួន ៨០ ភាគរយ​។​

​លោកស្រី អា​រ៉ា​ទី អា​ឌី​ការី ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កាលពី ១០ ថ្ងៃមុន ជាមួយ​អាកា​រៈ​ហើមពោះ​ខ្លាំង និង ឈឺពោះ​ធ្ងន់ធ្ងរ នៅពេល​វេជ្ជបណ្ឌិត​រកឃើញ​ដុំ​សាច់​ទាំង​២​នៅលើ​អូវែ​។​

​ដុំ​សាច់​ដ៏​ធំ​នេះ​ត្រូវការ​ការវះកាត់​យកចេញ​ដោយ​ចំណាយពេល​ជាច្រើន​ម៉ោង​។​

​លោកស្រី អា​ឌី​ការី ជួប​ការពិបាក​ក្នុង​ការដើរ​ដោយសារតែ​ដុំ​សាច់​ដ៏​ធំ​សម្បើម​បាន​លូតលាស់​ឆ្ងាយ​ពី​អូវែ​របស់គាត់​រហូត​កៀប​នឹង​ថ្លើម​របស់គាត់​។​

​ក្រុមគ្រូពេទ្យ​វះកាត់​ដែល​បានធ្វើការ​វះកាត់​បាន​និយាយថា​គាត់​មិន​ធ្លាប់បាន​វះកាត់​លើ​ដុំ​សាច់​ធំ​បែបនេះ​នៅក្នុង​ប្រវត្តិសាស្ត្រ​ថ្មីៗ​របស់​ឥណ្ឌា​នោះទេ​។​

​ការធ្វើ​តេស្ត​មិនទាន់បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ជំងឺ​របស់លោក​ស្រី​អា​ឌី​ការី​នោះទេ ដោយ​មិនដឹងថា​តើ​វា​ជា​ដុំ​សាច់​ធម្មតា ឬ ដុំ​សាច់​មហារីក​។​

​បច្ចុប្បន្ន លោកស្រី​អា​ឌី​ការី​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ បន្ទាប់ពី​ការវះកាត់​កាលពី​ថ្ងៃ​សៅរ៍​ទី​២៨​កក្កដា និង​ត្រូវគេ​រំពឹងថា​នឹង​ចេញពី​មន្ទីរពេទ្យ​នៅ​សប្តាហ៍​ក្រោយ​៕ ដោយ៖ កញ្ញាដាលីស

លោកស្រី អា​រ៉ា​ទី អា​ឌី​ការី បានទទួល​ការវះកាត់​យក​ដុំ​សាច់​ចេញពី​អូវែ ទម្ងន់​ដល់​ទៅ ៣៥ គីឡូក្រាម​កាលពី​ថ្ងៃ​សៅរ៍