ស្ត្រី​អូស្ត្រាលី​ធ្វើការ​តវ៉ា​ដោយ​ដោះអាវ​ចេញ​ដើម្បី​បង្ហាញ​ការគាំទ្រ​ដល់​ស្ត្រី​អា​រ៉ា​ប៊ី​សា​អូឌីត​ដែល​សុំ​សិទ្ធិ​ជ្រកកោន​

414
ចែករម្លែក

​ស្ត្រី​៤​នាក់​បានធ្វើ​ការតវ៉ា​ដ៏​ធំ​មួយ​នៅ​ទីក្រុង​ស៊ីដនី​ប្រទេស​អូស្ត្រាលី​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១០​ដើម្បី​ជួយ​គាំទ្រ​ដល់​ស្ត្រី​ជនជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត នាង រ៉ា​ហា​ហ្វ ម៉ូ​ហា​ម៉េ​ត ​អាល់​គូ​នុ​ន (Rahaf Mohammed Alqunun)​ខណៈដែល​អូស្ត្រាលី​បាន ចាប់ផ្តើម​ពិចារណា​លើ​ការសុំ​សិទ្ធិ​ជ្រកកោន​របស់​នាង​នៅ​ប្រទេស​អូស្ត្រាលី​ក្នុងនាម​ជា​ជន​ភៀស​​ខ្លួន​។​

​នាង រ៉ា​ហា​ហ្វ ម៉ូ​ហា​ម៉េ​ត អាល់​គូ​នុ​ន ត្រូវបាន​ចាត់ទុកថា​ជា​ជនភៀសខ្លួន​ដោយ​ឧ​ត្ត​ម​ស្នងការ​ជាន់ខ្ពស់​ទទួល​បន្ទុក​ជនភៀសខ្លួន​អង្គការសហប្រជាជាតិ បន្ទាប់ពី​ត្រូវបាន​​ឃាត់ខ្លួន​នៅ​ទីក្រុង​បាងកក​នោះ​ក្នុងពេល​កំពុងធ្វើដំណើរ​ទៅកាន់​ប្រទេស​អូស្ត្រាលី​។ ស្ត្រី​អាយុ​១៨​ឆ្នាំ​រូបនេះ​បាន​ចុះ​ផ្សព្វផ្សាយ​ករណី​របស់​នា​ង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​​សង្គម​បន្ទាប់ពី​នាង​បាន​បង្ខាំង​ខ្លួនឯង​នៅក្នុង​បន្ទប់​សណ្ឋាគារ​មួយ​នៅ​ទីក្រុង​បាងកក​ដោយនិយាយ​ថា​នាង​ភ័យខ្លាច​សុវត្ថិភាព​របស់​នាង​ប្រសិនបើ​ត្រូវបញ្ជូន​ត្រឡប់​ទៅ​​គ្រួសារ​របស់​នាង​វិញ​នៅក្នុង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។​

​នៅ​ទីប្រជុំជន​ទីក្រុង​ស៊ីដនី កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ស្ត្រី​៤​ដែល​ដោះអាវ​ចេញ​ដោយ​ស្លៀក​តែ​ខោ​ខូវប៊យ ហើយ​ហៅ​ខ្លួនឯង​ថា​ជា​”​អ្នកមាន​ភាតរ​ភាពជា​បងប្អូន​​ស្រី​ដ៏​អាថ៌កំបាំង​” នោះ​បានធ្វើ​ការតវ៉ា​ដើម្បី​បង្ហាញ​ការគាំទ្រ​ដល់​ស្ត្រី​នេះ នៅ​ខាងក្រៅ​អាគារ​ស្ថាន​កុងស៊ុល​អា​រ៉ា​ប៊ី​សា​អូឌីត ដោយ​អំពាវនាវ​ឱ្យ​ប្រទេស​អូស្ត្រាលី​ផ្តល់​​សិទ្ធិ​ជ្រកកោន​ដល់​នាង ។​

​ស្ត្រី​ទាំងនេះ បានធ្វើ​ការតវ៉ា​ដោយ​កាន់​បដា​ជាច្រើន​ដែល​សរស​រថា ” ត្រូវ​អនុ​ញ្ញា​ឱ្យ​នាង​ចូលមក​” និង​” ស្ត្រី​ទាំងអស់ ត្រូវ​ទទួលបាន​សេរីភាព​និង​សុវត្ថិភាព​”​។​

​លោកស្រី ចាក់​គី​អេ ឡូ​វ (Jacquie Love )​ស្ថាបនិក​នៃ​អង្គការ​ភាតរ​ភាពជា​បងប្អូន​ស្រី​ដ៏​អាថ៌កំបាំង​”Secret Sisterhood ” នេះ បាន​និយាយថា ការតវ៉ា​នេះ ត្រូវបាន​​ធ្វើឡើង​ដើម្បី​ជំរុញ​រដ្ឋាភិបាល​អូស្ត្រាលី​ទទួលស្គាល់​ស្ថានភាព​លំបាក​ទុក្ខសោក​របស់​នាង រ៉ា​ហា​ហ្វ ម៉ូ​ហា​ម៉េ​ត អាល់​គូ​នុ​ន​និង អនុញ្ញាតឱ្យ​នាង​ចូលមក​ប្រទេស​អូស្ត្រាលី​ និង​ទទួលស្គាល់​ស្ថានភាព​លំបាក​របស់​ស្ត្រី ទាំងឡាយ​ដែល​ត្រូវបាន​រំលោភបំពាន​នៅ​គ្រប់​ទីកន្លែង​៕ដោយ៖សុខា/sn

​ស្រ្តីអ្នកតវ៉ា កាន់​បដា​ដែល​សរស​រថា ” អនុញ្ញាតិ​ឱ្យ​នាង​ចូលមក​” នៅ​ខាងក្រៅ​អគារស្ថាន​កុងស៊ុល​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​ទីក្រុង​ស៊ីដនី នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១០

មេ​ប៉ូលិសអន្តោប្រវេសន៍​ថៃ​( រូប​ស្តាំ​) ដើរ​ជាមួយ​នាង រ៉ា​ហា​ហ្វ ម៉ូ​ហា​ម៉េ​ត អាល់​គូ​នុ​ន​នៅពេល​ចាក​ចេញពី​អាកាសយានដ្ឋាន​Suvarnabhumi នៅ​ទីក្រុង​បាងកក​