ស្ត្រី​អ្នកកាសែត​ដែល​រិះគន់​ប្រធានាធិបតី​ហ្វីលីពីន ត្រូវបាន​ចាប់ខ្លួន​ជាថ្មី​

351
ចែករម្លែក
  • 5
    Shares

​លោកស្រី ម៉ា​រៀ រ៉េ​ស្សា (Maria Ressa ) អ្នកកាសែត​ហ្វីលីពីន​ដ៏​លេធធ្លោ​នេះ ត្រូវបាន​ចាប់ខ្លួន​ជា​ថ្មី​នៅ​អាកាសយានដ្ឋាន​ក្រុង​ម៉ានីល នៅ​ថ្ងៃ​សុក្រ​ទី​២៩​ខែ​មីនា តាម​ការ​ចោទ​​ប្រកាន់​ពី​បទ​បាន​រំលោភ​ច្បាប់​ដែល​ហាមឃាត់​ភាពជា​ម្ចាស់​ជា​ជនបរទេស​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​

​លោកស្រី ម៉ា​រៀ រ៉េ​ស្សា ដែល​ជា​ស្ថាបនិក​នៃ​វេប​សាយព័ត៌មាន​Rappler ត្រូវបាន​ចាប់ខ្លួន​ម្តង​រួច​ហើយ​កាលពី​ខែ​មុន​ជុំវិញ​រឿងក្តី​ដែល​ចោទប្រកាន់​អំពី​ករណី​សរសេ​បង្ខូច​​ឈ្មោះ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​។​

​ក្រុម​អ្នកតស៊ូ​មតិ​សេរីភាព​សារព័ត៌មាន​និយាយថា អ្នកកាសែត​ជើងចាស់​នេះ កំពុង​ត្រូវបាន​តម្រង់​គោលដៅ​ដោយ​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត​ ដោយសារតែ​សេចក្តីរាយការណ៍​រិះគន់​របស់​លោកស្រី ម៉ា​រៀ រ៉េ​ស្សា ប្រឆាំង​រដ្ឋាភិបាល​នេះ​។​

​ករណី​ចោទប្រកាន់​ចំនួន​១១​ករណី ត្រូវបាន​ធ្វើ​ឡើង​ប្រឆាំង លោកស្រី ម៉ា​រៀ រ៉េ​ស្សា ចាប់តាំងពី​ខែ​មករា​ឆ្នាំ​២០១៨​មក​។

​លោកស្រី ម៉ា​រៀ រ៉េ​ស្សា បាន​កំពុងនិយាយ​ទៅកាន់​ក្រុម​អ្នកយកព័ត៌មាន​នៅ​ពេល​លោក​ស្រី ត្រូវបាន​ចាប់ខ្លួន​។​តែ​ទោះជា​យ៉ាងណា​លោក​ស្រី​ត្រូវបាន​ដោះលែង​នៅ​ក្រៅ​ឃុំ​ក្រោយ​​បង់ប្រាក់​ធានា​ខ្លួន​កាលពី​ថ្ងៃ​សុក្រ​ទី​២៩​មីនា​។​

​លោកស្រី បាន​និយាយថា ” ជា​ការពិត នេះ​ជា​ករណី​រំលោភបំពាន​មួយទៀត​លើ​សិទ្ធិ​របស់​ខ្ញុំ​។​ខ្ញុំ​ត្រូវ​បាន​ប្រព្រឹត្ត​មកលើ​ដូច​ជា​ឧក្រិដ្ឋជន នៅពេល​ដែល​បទឧក្រិដ្ឋ​របស់​ខ្ញុំ​គឺ​គ្រាន់តែ​​ជា​អ្នកសារព័ត៌មាន​ឯករាជ្យ​ប៉ុណ្ណោះ​។​

​បន្ទាប់​ពី​ការចាប់ខ្លួន​កាលពី​ពេលមុន គឺ​កាលពី​ខែ​មុន​នោះ លោកស្រី​បាន​ចំណាយ​ពេល​មួយ​យប់​នៅ​ក្នុង​គុក​នៅ​មុនពេល​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​។​

​សារព័ត៌មាន​ABS-CBN បាន​រាយការណ៍​ថា លោកស្រី ម៉ា​រៀ រ៉េ​ស្សា ត្រូវបាន​ចាប់ខ្លួន​ភ្លាម បន្ទាប់​ពី បាន​ចុះ​ពី​យន្តហោះ​មួយ​បន្ទាប់​ពី​វិលត្រឡប់​មក​វិញ​ពី​ទីក្រុង​San Francisco ​សហរដ្ឋអាមេរិក ។​

​រដ្ឋាភិបាល​នេះ បាន​ចោទប្រកាន់​លោកស្រី ម៉ា​រៀ រ៉េ​ស្សា ដែល​មាន​សញ្ជាតិ​ទាំង​ហ្វីលីពីន​និង​អាមេរិក​នេះ ថា​បាន​រំលោភបំពាន​ច្បាប់​ម្ចាស់​ជនបរទេស​និង​បាន​ក្លែងបន្លំ​ពន្ធ​។​​តាម​ច្បាប់​ហ្វីលីពីន អង្គការ​សារព័ត៌មាន​ទាំងឡាយ ត្រូវតែ​ជា​ម្ចាស់​ជា​ជនជាតិ​ហ្វីលីពីន​ទាំងស្រុង​។​

​វេប​សាយព័ត៌មាន Rappler បាន​បដិសេធ​ការចោទប្រកាន់​របស់​រដ្ឋាភិបាល​ដែល​ថា វេប​សាយនេះ​កំពុង​ត្រូវបាន​គ្រប់គ្រង​ដោយ​អង្គការ​មួយ​នៅ​ក្រៅ​ប្រទេស​ហ្វីលីពីន ​ហើយ​ក្រុម​អង្គការ​សេរីភាព​សារព័ត៌មាន​និយាយថា ការចោទប្រកាន់​ទាំងនេះ ត្រូវបាន​ប្រឌិត​ឡើង​ដើម្បី​បំភិតបំភ័យ​ក្រុមអ្នកកាសែត​ឯករាជ្យ​៕ដោយ៖សុខា/sn

សារព័ត៌មាន​ABS-CBN បាន​រាយការណ៍​ថា លោកស្រី ម៉ា​រៀ រ៉េ​ស្សា ត្រូវបាន​ចាប់ខ្លួន​ភ្លាម បន្ទាប់​ពី បាន​ចុះ​ពី​យន្តហោះ​មួយ​បន្ទាប់​ពី​វិលត្រឡប់​មក​វិញ​ពី​ទីក្រុង​San Francisco សហរដ្ឋអាមេរិក