ស្ត្រី​ឥណ្ឌា​កើតកូន​បន្ទាប់ពី​ឧទ្ធម្ភាគចក្រ​សង្គ្រោះ​ចេញពី​ទឹកជំនន់​

801
ចែករម្លែក

ស្រ្តីមានផ្ទៃពោះគ្រប់ខែម្នាក់ដែលជាប់ក្នុងទឹកជំនន់នៅក្នុងកេរ៉ាឡារបស់ឥណ្ឌា បានកើតកូនបន្ទាប់ពីត្រូវបានឧទ្ធម្ភាគចក្រស្ទូចចេញពីទឹកជំនន់ ខណៈដែលយោធាឥណ្ឌាបង្កើនកិច្ចខិតខំជួយសង្រ្គោះកាលពីថ្ងៃសៅរិ៍ទី​១៨សីហា។

ឧទ្ធម្ភាគចក្ររាប់សិបគ្រឿងរបស់កងទ័ពជើងទឹកបានចូលរួមក្នុងបេសកកម្មជួយសង្រ្គោះប្រជាជនពីដំបូលផ្ទះនិងលើដីទួលដាច់សង្វែងខណៈរដ្ឋឥណ្ឌាភាគខាងត្បូងមួយនេះកំពុងតស៊ូជម្នះនឹងទឹកជំនន់ដ៏អាក្រក់មិនដែលធ្លាប់ជួបកាលពីមុន ដែលរហូតមកទល់ថ្ងៃអាទិត្យនេះបានសម្លាប់មនុស្សយ៉ាងតិច៣៥៧នាក់។

សាហ្ស៊ីតា ចាប៊ីល អាយុ២៥ឆ្នាំ ត្រូវបានជួយសង្រ្គោះដោយឧទ្ធម្ភាគចក្រខណៈនាងឈឺពោះចង់កើតកូនក្រោយពីក្រុមជួយសង្រ្គោះបានទទួលការហៅគ្រាអាសន្នមួយ។នាងបានកើតបានទារកមានសុខភាពមួយក្រោយពីត្រូវបានប្រញាប់បញ្ជូនទៅកាន់មន្ទីរពេទ្យ។

កេរ៉ាឡា ដែលពេញនិយមសម្រាប់ទេសចរបរទេសដោយសារតែកូនភ្នំនិងឆ្នេរខ្សាច់ត្រូពិករបស់វា រងការធ្លាក់ភ្លៀងខ្លាំងឯតទគ្គកម្មនៅឆ្នាំនេះ។ឧទ្ធម្ភាគចក្រយោធានិងកងឆ្មាំឆ្នេរសមុទ្រប្រមាណ៦០និងទូករាប់រយកំពុងចុះទៅតំបន់ជន់លិចនៅទូទាំងរដ្ឋដើម្បីស្វែងរកជនរងគ្រោះ។

យោធាឥណ្ឌាបាននិយាយថា មនុស្សរាប់ម៉ឺននាក់ត្រូវបានជួយសង្រ្គោះនៅមួយសប្តាហ៍មកនេះ តែរាប់ពាន់នាក់ទៀតអាចនៅជាប់ក្នុងទឹកជំនន់នៅឡើយ៕ដោយ៖វាសនា