ស្ត្រី​ឥណ្ឌា​អាយុ​៧៤​ឆ្នាំ​ក្លាយជា​ម្តាយ​ចាស់​ជាងគេ​លើ​ពិភពលោក បន្ទាប់ពី​សម្រាល​បានកូន​ភ្លោះ ដើម្បី​បញ្ចប់​ការរង់ចាំ​ធ្វើជា​ម្តាយ​គេ​៦​ទសវត្សរ៍​

298
ចែករម្លែក

​ស្ត្រី​អាយុ ៧៤ ឆ្នាំ​ម្នាក់​ត្រូវគេ​គិតថា​បាន​ក្លាយជា​ម្តាយ​ចាស់​ជាងគេ​នៅលើ​ពិភពលោក បន្ទាប់ពី​ផ្តល់កំណើត​ដល់​កូនភ្លោះ​តាមរយៈ​ការបង្ក​កំណើត​តាម​បច្ចេកទេស IVF (​ការ​បន្សាំ​មេជី​វិត​ពី​ខាងក្រៅ​)​។​

​លោកយាយ អឺ​រ៉ា​ម៉ា​តទី ម៉ាន់​ហ្គា​យ៉ា​ម​ម៉ា មកពី​ប្រទេស​ឥណ្ឌា​បាន​ផ្តល់កំណើត​ឱ្យ​កូនស្រី​មាន​សុខ​ភាពល្អ​ចំនួន ២ នាក់​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​៥​កញ្ញា ជាមួយ​ប្តី​ការ​ជាមួយគ្នា​អស់​៥៧​ឆ្នាំ ឈ្មោះ រ៉ា​ចា រ៉ៅ អាយុ ៧៨ ឆ្នាំ​នៅក្បែរ​គាត់​។​

​និវត្តជន​មកពី​រដ្ឋ​អាន់​ស្រា​ប្រា​ដេ​សរូប​នេះ​បាន​លាតត្រដាង​ថា លោកយាយ​ត្រូវបាន​បំផុសគំនិត​ឱ្យ​ព្យាយាម​យក​កូន បន្ទាប់ពី​អ្នកជិតខាង​អាយុ ៥៥ ឆ្នាំមាន​ផ្ទៃពោះ​។​

​ខណៈដែល​អាយុ​របស់​លោកយាយ​មិនទាន់​ត្រូវបាន​បញ្ជាក់​នៅឡើយ ប្រសិនបើ​លោកយាយ​ម៉ាន់​ហ្គា​យ៉ា​ម​ម៉ា​មាន​អាយុ​ចាស់​ដូច​អ្វីដែល​លោកយាយ​បាន​អះអាង​មែន វា​នឹង​ធ្វើឱ្យ​លោកយាយ​មាន​អាយុ​ចាស់​ជាង​អ្នក​កាន់​កំណត់ត្រា​បច្ចុប្បន្ន ៨ ឆ្នាំ គឺ លោកយាយ​ជនជាតិ​អេ​ស្ប៉ា​ញ​ឈ្មោះ ម៉ា​រី​យ៉ា ឌែ​ល ខា​មិន ប៊ូ​សា​ដា ដេ ឡា​រ៉ា ។​

​គេ​ជឿថា​គ្លីនិក Ahalya IVF នៅក្នុង​ទីក្រុង​ហ្គា​ន់​តួ​បាន​ចំណាយ​ប្រាក់​ភាគច្រើន​សម្រាប់​ការវះកាត់​នេះ ព្រោះ​មន្ទីរពេទ្យ​ដឹងថា​វា​នឹង​ជា​សមិទ្ធិផល​ជា​ប្រវត្តិសាស្ត្រ​។​

​លោកយាយ​ម៉ាន់​ហ្គា​យ៉ា​ម​ម៉ា​គ្មាន​កូន​ឯទៀត​នោះទេ ហើយ​បាន​អស់​រដូវ ៣០ ឆ្នាំ​មកហើយ​។​

​លោកយាយ​និយាយថា “​ខ្ញុំ​មិនអាច​រក​ពាក្យ​ណា​មក​ថ្លែង​អំពី​អារម្មណ៍​របស់ខ្ញុំ​បានទេ​។ កូន​ទាំងពីរ​ធ្វើ​ជីវិត​ខ្ញុំ​ពេញលេញ​។ ការរង់ចាំ​រយៈពេល​៦​ទសវត្សរ៍​របស់ខ្ញុំ​នៅ​ទីបំផុត​បានមក​ដល់ទី​បញ្ចប់​ហើយ​។ ឥឡូវ លែងមាន​នរណា​ហៅ​ខ្ញុំ​ថា​ស្រី​គ្មាន​កូន​ទៀត​ទេ​។ ខ្ញុំ​បានគិត​គូរ​អំពី​ការយក​បច្ចេកទេស IVF មកជួយ បន្ទាប់ពី​អ្នកជិតខាង​មាន​ផ្ទៃពោះ​នៅ​អាយុ ៥៥ ឆ្នាំ​”​។

​អ្នក​កាន់​កំណត់ត្រា​បច្ចុប្បន្ន​ក្នុងនាម​ជា​ម្តាយ​ចាស់​បំផុត​លើ​ពិភពលោក គឺ​លោកយាយ​ម៉ា​រី​យ៉ា នៅពេល​ប្រសូត​កូនប្រុស​ភ្លោះ​នៅ​អាយុ ៦៦ ឆ្នាំ និង​៣៥៨ ថ្ងៃ កាលពី​ខែធ្នូ ឆ្នាំ​២០០៦៕ ដោយ៖ កញ្ញាដាលីស

លោកយាយ អឺ​រ៉ា​ម៉ា​តទី ម៉ាន់​ហ្គា​យ៉ា​ម​ម៉ា អាយុ ៧៤ ឆ្នាំ សម្រាល​បានកូន​ស្រី​ភ្លោះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍