ស្ថានទូត​កម្ពុជា​នៅ​ជប៉ុន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន​ចៀស​ឱ្យ​ឆ្ងាយ​ពី​តំបន់​រញ្ជួយ​ដី​

696
ចែករម្លែក

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ សិស្ស និស្សិត និង​សិក្ខាកាម​ខ្មែរ​ទាំងអស់​ដែល​កំពុង​តែមាន​វត្តមាន​នៅ​ប្រទេស​ជប៉ុន មេត្តា​ស្ថិតនៅ​ឱ្យ​ឆ្ងាយ​ពី​តំបន់​មាត់សមុទ្រ​នៃ​ខេត្ត Yamagata, Niigata និង Ishikawa ដែល​រងគ្រោះ​រញ្ជួយ​ដី​អាច​បង្កឱ្យមាន​រលក​យក្ស ស៊ូណាមិ​នៅតាម​តំបន់​ទាំងនេះ​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ស្ថាន​អគ្គរាជទូត នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ជប៉ុន កាលពី​យប់​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៩​។​

រូប​ថ​តៈ គ្រោះ​រញ្ជួយ​ដី​នៅ​ខេត្ត​យ៉ាម៉ា​ហ្គា​តា​


​ស្ថាន​អគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ជប៉ុន បាន​ជូនដំណឹង​ទៅ ដល់​ប្រជាពលរដ្ឋ សិស្ស និស្សិត និង​សិក្ខា​កម្ម​ខ្មែរ ដែល​កំពុង​តែមាន​វត្ត​មាននៅ​ប្រទេស​ជប៉ុន ឲ្យ​បាន​ជ្រាបថា នៅវេលា​ម៉ោង ១០:២០​នាទី​យប់ ថ្ងៃទី​១៨ ខែមិថុនា មាន​គ្រោះ​រញ្ជួយ ដី​ក្នុង​កម្រិត​ខ្ពស់​រហូតដល់ ៦,៨ រិ​កទ័រ បានចាប់ផ្ដើម​នៅ​ខេត្ត​យ៉ាម៉ា​ហ្គា​តា អាជ្ញាធរ​ជប៉ុន​បានប្រកាស ថា​គ្រោះ​រញ្ជួយ ដី​អាច​បង្ក​ឲ្យ​មាន​រលក​យក្ស​ស៊ូណាមិ​នៅតាម​តំបន់ឆ្នេរ​នៃ​ខេត្ត Yamagata , niigata និង​ខេត្ត Ishikawa​។


​ជាមួយគ្នានេះ​ស្ថាន​អគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ជប៉ុន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​សិស្ស និស្សិត​និង​សេវាកម្ម​ខ្មែរ​ទាំងអស់​មេត្តា​ស្ថិតនៅ​ឆ្ងាយ​ពី​តំបន់​មាត់សមុទ្រ​នៃ​ខេត្ត​ទាំងបី​ខាងលើនេះ​។​
​សូមជម្រាបថា គ្រោះ​រញ្ជួយ​ដី​មួយ​បាន​កើតឡើង​នៅ​ប្រទេស​ជប៉ុន​ភាគ​ពាយព្យ ដោយ​បណ្តាលឱ្យ​មនុស្ស​ចំនួន ២១​នាក់ រងរបួស​និង​មានការ​ជម្លៀស​មនុស្ស​ភ្លាមៗ​ចេញពី​តំបន់​ឆ្នេរសមុទ្រ​នៅមុន​ពេល​មាន​ហានិភ័យ​នៃ​រលក​ស៊ូ​ណា​មី​។​


​ស្ថានភាព​បាន​វិលត្រឡប់​ទៅរក​ភាពប្រក្រតី​វិញ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ទី​១៩ ខែមិថុនា បន្ទាប់ពី​ការរញ្ជួយ​ដី​កម្លាំង ៦,៧​រិ​កទ័រ ដោយ​រថភ្លើង​ភាគច្រើន​ដំណើរការ​ជាធម្មតា​និង​អគ្គិសនី​ត្រូវបាន​ដាក់ឱ្យ​ដំណើរ​ឡើងវិញ​សម្រាប់​ផ្ទះ​រាប់ពាន់​ខ្នង​បន្ទាប់ពី​រញ្ជួយ​ដី​បានធ្វើ​ឱ្យដាច់​ចរន្តអគ្គិសនី​។ មិនមាន​របាយការណ៍​អំពី​ការខូចខាត​ធ្ងន់ធ្ងរ​ពី​ការរញ្ជួយ​ដី​នេះ​ទេ​ហើយ​ការព្រមាន​អំពី​ស៊ូ​ណា​មី​ក៏បាន​ដកចេញ​។ ការផ្លាស់ប្តូរ​កម្រិត​ទឹកសមុទ្រ​តិចតួច​ត្រូវបាន​រកឃើញ​នៅ​ទីក្រុង​ជាច្រើន​ដែល​នៅជាប់​ឆ្នេរសមុទ្រ​ប៉ុន្ដែ​ការព្រមាន​អំពី​រលក​ស៊ូ​ណា​មី​ត្រូវបាន​លុបចោល បន្ទាប់ពី​២​ម៉ោង​កន្លះ​ក្រោយ​រញ្ជួយ​ដី​នោះ​។​


​ភ្នាក់ងារ​ឧតុនិយម​របស់​ជប៉ុន​បាន​និយាយថា​រញ្ជួយ​ដី​បានកើត​ឡើង​នៅឯ​នាយ​ឆ្នេរសមុទ្រ​នៃ​ទីក្រុង​Yamagata នៅ​ចម្ងាយ​ប្រហែល​៤៨​គីឡូម៉ែត្រ​ភាគ​និរតី​នៃ​ទីក្រុង​Sakata៕សរន