ស្ថានទូត​កម្ពុជា​នៅ​ថៃ ប្រកាស​ពី​ជន​ឱកាសនិយម​យក​វីដេអូ​ចាស់ៗ​បំពុល​ក្នុងហ្វេសប៊ុក

244

ដោយ​: ដេប៉ូ / ភ្នំពេញ​: ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បានចេញ​សេចក្ដីប្រកាស​មួយ​ពាក់ព័ន្ធ​ទៅនឹង​ក្រុម​ឆ្លៀតឱកាស​និយម​បាន​យក​ឃ្លី​ប​វីដេអូ​ចាស់ៗ អំពី​ការចុះ​ត្រួតពិនិត្យ​ពលករ​បរទេស​ពី​សំណាក់​អាជ្ញាធរ​ថៃ មក​ផ្សព្វផ្សាយ​ឡើងវិញ​តាម​បណ្ដាញ​សង្គមហ្វេសប៊ុក( Facebook) ក្នុង​គោលបំណង​បំពុលសង្គម បង្ក​ការភ្ញាក់​ផ្អើល ពី​ពលករ​ខ្មែរ​ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បានឱ្យដឹងថា ដើម្បី​ឆ្លើយតប​នឹង​ជន​ឆ្លៀត​ឱកាស​និយម​ចង់​បំពុលបរិយាកាស​សង្គម​នោះ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​​បានធ្វើការ​អំពាវនាវ​​​​ដល់​ពលករ​ខ្មែរ​ដែលមាន​ឯកសារ​សម្រាប់​ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ ឱ្យ​រក្សា​ភាព​ស្ងៀមស្ងាត់ និង​បន្ត​អនុវត្ត​ការងារ​តាម​ធម្មតា​។​

​ក្នុង​សេចក្តីជូនដំណឹង​ដដែល​នេះ​បានបញ្ជាក់​ដល់​ពលករ​ខ្មែរ​ដែល​មិនទាន់មាន​ឯកសារ​ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ ត្រូវ​ប្រញាប់​រួសរាន់​ទំនាក់ទំនង​ជាមួយ​ស្ថានទូត​ខ្មែរ​នៅ​ថៃ ដើម្បី​ដាក់ពាក្យ​ស្នើសុំ​លិខិត​ធ្វើដំណើរ​បណ្ដោះអាសន្ន មុន​ធ្វើដំណើរ​ត្រឡប់មក​កម្ពុជា​ដើម្បី​រៀបចំ​ឯកសារ​ស្របច្បាប់ និង​ត្រឡប់​ទៅ​ធ្វើការ​ក្នុង​ប្រទេស​​វិញ តាមរយៈ​ប្រព័ន្ធអនុស្សរណៈ។​

​ជាមួយគ្នានេះ​ស្ថានទូត​ខ្មែរ​នៅ​ថៃ​ក៏បាន​បញ្ជាក់​ពី​លេខ​ទូរស័ព្ទ​មន្ត្រី​របស់ខ្លួន​ផងដែរ ដើម្បីឱ្យ​ពលករ​ខ្មែរ​ដែល​មិនទាន់មាន​ឯកសារ​ស្នាក់នៅ និង​ធ្វើការ​នៅ​ថៃ អាច​ទំនាក់ទំនង​សាកសួរ​ព័ត៌មាន​លម្អិត​បន្ថែម ក្នុងនោះ​ដូចជា​៖ ០២ ៩៥៧ ៥៨៥១/ ០៩២ ៨០៥ ០៥៦១/ ០៩៤ ០៩២ ៥៩០៥/ ០៨៦ ៧៩៩ ៩៩៥៧/ ០៦៤ ៧៥៥ ៧៤០១​។​

​គួរ​បញ្ជាក់ថា​កម្ពុជា​និង​ថៃ​ទើបតែ បញ្ចប់​យុទ្ធនា​ការផ្តល់​ភាពស្របច្បាប់​ដល់​ពលក​ម្ពុ​ជា ដែល​កំពុង​បំពេញ​ការងារ​នៅ​ប្រទេស​ថៃ កាលពី​ទី​១​ខែកក្កដា​ឆ្នាំ​២១០៨ បន្ទាប់ពី​ប្រទេស​ទាំងពីរ​បានផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា ចំនួន​ជាង​១​លា​នាក់​រួចមក​។​

​ដោយឡែក​ក្នុង​កិច្ចសហប្រតិបត្តិការ​ក​ន្ល​ង​មក​ប្រទេស​ទាំងពីរ​បានបញ្ជាក់​អត្តសញ្ញាណ​ថ្មី​ជូន​ពលករ​កម្ពុជា​ដែល​មាន​ប័ណ្ណ​ស៊ី​ជំ​ពូ​(​ប័ណ្ណ​មិនមែន​សញ្ចា​តិ​ថៃ​)​ដែល​ចេញ​ដោយ​ភាគី​ថៃ​ដើម្បី​យកទៅ​សុំ​ភាពស្របច្បាប់​ពី​ភាគី​ថៃ​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន​កម្ពុជា​បាន​បញ្ជូន​ពលករ​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​មាន​ចំនួន ៦​ប្រទេស​ក្នុងនេះ​រួមមាន ថៃ កូរ៉េ ជប៉ុន សិង្ហ​បុរី ម៉ាឡេស៊ី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ហុងកុង ដែល​រួមមាន​ពលករ​សរុប​ប្រមាណ​ជាង​១​លាន​២​សែន​នាក់​។ ក្នុងចំណោម​នេះ ជា​រៀងរាល់ឆ្នាំ​ពួកគាត់​តែង​បាន​ផ្ញើ​ថវិការ​មកកាន់​ក្រុមគ្រួសារ នៅ​ប្រទេស​ខ្មែរ​វិញ ដើម្បី​ជួយ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប្រមាណ​ជាង​២​ពាន់​លាន​ក្នុង​មួយឆ្នាំ​។ ក្រៅពីនេះ ក្រសួង​ការងារ​ក៏បាន​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ចំនួន​៧៩​ក្រុមហ៊ុន ដែល​បានទទួល​អាជ្ញាប័ណ្ណ​ស្របច្បាប់​ពី​ក្រសួង​ផងដែរ​៕ ល/មន