ស្ថានទូត​កម្ពុជា​នៅ​ម៉ាឡេស៊ី​អន្តរា​គម​ន៍ជួយ​ពលករ​-​ពល​ការិនី​ខ្មែរ​

1235
ចែករម្លែក

(​ភ្នំពេញ​)៖ លោក​ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹងថា​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រ​​ចាំ​ប្រទេស​ម៉ាឡេស៊ី បាន​អន្តរាគមន៍​ជួយ​រៀបចំ​មាតុភូមិនិវត្តន៍​របស់​ពល​ការិនី​ខ្មែរ​ឈ្មោះ តាំ ស៊ី​ម៉ាស អាយុ​៤០​ឆ្នាំ​ដែល​បានធ្វើ​ដំណើរ​​ដោយ​ខុសច្បាប់​តាមរយៈ​មេខ្យល់ ទៅធ្វើ​ការ​ក្នុង​ហាង​លក់ទំនិញ នៅ​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៥​។ នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៧ ពល​ការិនី​បាន​ទៅ​ស្ថានទូត​ដើម្បី​ស្នើសុំ​ជួយ​ទាមទារ​ប្រាក់ខែ​ដែល​នៅ​ខ្វះ​ពី​និយោជក និង​ជួយ​ឲ្យ​បាន​ត្រឡប់មក​កម្ពុជា​វិញ​។​
​ ​
​លោក​បន្តថា ក្រោម​កិច្ច​អន្ត​រាមន៍​របស់​ស្ថានទូត និយោជក​របស់​ពលកា​រិ​នី បានប្រគល់​ប្រាក់ខែ​ដែល​នៅ​ខ្វះ និង​លិខិតឆ្លងដែន​ព្រម​​ទាំង​ទិញ​សំបុត្រ​យន្តហោះ និង​បង់​ផាកពិន័យ​ជូន​នាង នៅ​ថ្ងៃ​២៧ ខែកក្កដា ឆ្នាំ​២០១៧ ។​
​ ​
​ស្ថានទូត​បាន​សម្របសម្រួល​ជាមួយ​ការិយាល័យ​អន្តោប្រវេសន៍​ម៉ាឡេស៊ី ហើយ​ពល​ការិនី តាំ ស៊ី​ម៉ាស​បានមក​ដល់​អាកាសយានដ្ឋាន​​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៧ វេលា​ម៉ោង​០៧:៣៥ នាទី ព្រឹក តាម​ជើងយន្តហោះ AK536 ។
​ ​
​អ្នកនាំពាក្យ​បាន​បន្តថា ថ្មីៗ​នេះ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​ក៏បាន​អន្តរា​គម​ជួយ​រៀបចំ​មាតុភូមិនិវត្តន៍​​របស់​ពលករ​-​ពល​ការិនី​ខ្មែរ​ចំនួន​១២​នាក់ ផងដែរ​ដែល​បានធ្វើ​ដំណើរ​តាម​រថយន្ត​ឆ្លងកាត់​ប្រទេស​ថៃ​ទៅធ្វើ​ការ​នៅ​ម៉ាឡេស៊ី​ដោយ​​ខុសច្បាប់​តាមរយៈ​មេខ្យល់ កាលពី​ឆ្នាំ​២០១៦ តែ​នៅ​ដើមខែ​កក្កដា ឆ្នាំ​២០១៧ បាន​លាក់ខ្លួន​នៅក្នុង​ព្រៃ​ដើម្បី​គេច​ពី​ប្រតិបត្តិការ​​ឃាត់ខ្លួន​ជនអន្តោប្រវេសន៍​ខុសច្បាប់​របស់​អាជ្ញាធរ​ម៉ាឡេស៊ី ហើយ​ត្រូវបាន​ស្ថានទូត​ទទួល​មក​ស្នាក់​នៅក្នុង​ស្ថានទូត នៅ​ថ្ងៃទី​០៤ កក្កដា ២០១៧៕​ដោយ​៖​មុនី​រ័ត្ន​/sn

លោក​ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​