ស្ថានទូត​កម្ពុជា​នៅ​ម៉ាឡេស៊ី​ជួយ​ពលករ​-​ពល​ការិនី​ខ្មែរ​៥​នាក់​

194

(​ភ្នំពេញ​) ៖ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​អន្តរាគមន៍​ជួយ​រៀបចំ មាតុភូមិនិវត្តន៍​រប​ស់ព​លករ​-​ពល​ការិនី​ខ្មែរ​​ចំនួន​៥​នាក់ ឲ្យ​ត្រឡប់មក​ប្រទេស​កំណើត​វិញ ។​
​ ​
​ពលករ​ទាំង​៥​នាក់​នេះ បានធ្វើ​ដំណើរ​តាម​រថយន្ត ឆ្លងកាត់​ប្រទេស​ថៃ ទៅធ្វើ​ការ​នៅ​ម៉ាឡេស៊ី​ដោយ​ខុសច្បាប់​តាមរយៈ​មេខ្យល់​កាល​​ពី​ឆ្នាំ​២០១៦ ហើយ​បាន​ទៅ​ស្ថានទូត នៅ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៧ ដើម្បី​គេច​ពី​ប្រតិបត្តិការ ឃាត់ខ្លួន​ជនអន្តោប្រវេសន៍​ខុសច្បាប់ របស់​អាជ្ញាធរ​ម៉ាឡេស៊ី ។​
​ ​
​ពលករ​ទាំងនោះ​មានឈ្មោះ​៖១. ប៊ុត ភាព ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មកពី​ស្រុក​ក្រូចឆ្មារ ខេត្តកំពង់ចាម​, ២.​ប៉េវ សុ​វ៉ាត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មកពី​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​, ៣.​ឡាយ បូរ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មកពី​ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​, ៤.​ធៀ​វ ភាព ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មកពី​ស្រុកស្រែ​បេង ខេត្តស្ទឹងត្រែង​, ៥.​ហួន ជា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មកពី​ស្រុក​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។​
​ ​
​យោងតាម​សេចក្តី ប្រកាស​ព័ត៌មាន របស់​ក្រសួងការបរទេស​ខ្មែរ បាន​ឲ្យ​ដឹងថា ស្ថានទូត​បាន​សម្របសម្រួល​ជាមួយ​ការិយាល័យ​អន្តោ​​ប្រវេសន៍​ម៉ាឡេស៊ី ដោយ​ពលករ​៣​នាក់ (​ឡាយ បូរ៉ា​, ធៀ​វ ភាព និង​ហួន ជា​) បាន​បង់​ផាកពិន័យ​ដោយ​ខ្លួនឯង ចំណែកឯ​ពល​ការិនី ប៊ុត ភាព និង​ស្វាមី​ឈ្មោះ ប៉េវ សុ​វ៉ាត ស្ថានទូត​បាន​ឧបត្ថម្ភ​ថ្លៃ​បង់ពិន័យ​ជូន ដោយសារ​ពល​ការិនី​មាន​ផ្ទៃពោះ ហើយ​អ្នក​ទាំងពីរ​មាន​ជីវភាព​​ខ្វះខាត ។ ក្រៅពីនេះ ស្ថានទូត​ក៏បាន​ជូន​ពល​ការិនី ប៊ុត ភាព ដែលមាន បញ្ហា​សុខភាព​ទៅកាន់​មន្ទីរពេទ្យ និង​បង់ថ្លៃ​ព្យាបាល​ផងដែរ​។​
​ ​
​តាម​ការស្នើសុំ​របស់​ស្ថានទូត អង្គការ​អន្តរជាតិ​ទេស​ន្ត​ប្រវេសន៍​(IOM) បាន​ឧបត្ថម្ភ​សំបុត្រ​យន្តហោះ ជូន​ពលករ​-​ពល​ការិនី​ទាំង​៥​នាក់ ហើយ​ពួកគេ​បានមក​ដល់ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​១០:០០​នាទី​ព្រឹក​តាម​ជើង​​យន្តហោះ MH754​។ អំឡុងពេល​រង់ចាំ​ត្រឡប់មក​កម្ពុជា​វិញ ស្ថានទូត​បានផ្តល់​កន្លែង ស្នាក់នៅ​និង​អាហារ​បរិ​ភាគ​ជូន​ពលករ​-​ពល​​ការិនី ទាំង​៥​នាក់ ផងដែរ ៕​ដោយ​៖​វិបុល​