ស្ថានទូត​កូរ៉េ​នឹង​រៀបចំ​កម្មវិធី​ប្រកួត​K-POP World Festival វគ្គ​ដំបូង​នៅ​កម្ពុជា​ ​

355
ចែករម្លែក

ដោយៈ ពិស្តារ​/​ភ្នំពេញៈ នា​ថ្ងៃ​សុក្រ ទី​៧ ខែមិថុនា ឆ្នាំ​២០១៩ សប្តាហ៍​នេះ ស្ថានទូត​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា នឹង​រៀបចំ កម្មវិធី​ប្រកួត K-POP World Festival វគ្គ​ដំបូង​នៅក្នុង​ប្រទេស​កម្ពុជា រួម​ជាមួយនឹង​កម្មវិធី​មហោស្រព​វប្បធម៌​កូរ៉េ​ប្រចាំឆ្នាំ​២០១៩ ក្នុង​បរិវេណ​មជ្ឍមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​កូរ៉េ (CKCC) នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។​

​តាម​ការគ្រោងទុក ម្ម​វិធី​ប្រកួត K-POP World Festival​នេះ ជា​កម្មវិធី​សម្រាប់​ប្រិយមិត្ត​គាំទ្រ​វិស័យ K-POP ទូទាំង​ពិភពលោក ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​ស្ថានីយ៍ទូរទស្សន៍ KBS ក្រសួង​ការ​បរ​-​ទេស​ប្រទេស​កូរ៉េ និង​មជ្ឈមណ្ឌល​ផ្សព្វផ្សាយ​វប្បធម៌​បរទេស ដោយ​កម្មវិធី​វគ្គ​ដំបូង​ត្រូវបាន​ប្រារព្ធ​ឡើង​នៅតាម​ប្រទេស​នីមួយៗ ហើយ​ធ្វើការ​ជ្រើសរើស​អ្នកតំណាង​របស់​ប្រទេស​នោះ​ពី​ក្នុងចំណោម​ម្ចាស់​ជ័យលាភី​ក្នុង​វគ្គ​ដំបូង ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​ទូទាំង​ពិភពលោក​ដែល​នឹង​ប្រារព្ធ​ឡើង​នា​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៩ នៅ​ទីក្រុង ចាង​វុន (Changwon) នៃ​ប្រទេស​កូរ៉េ​។​

​យោងទៅតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​កូរ៉េ បាន​ឲ្យ​ដឹងថា សម្រាប់​កម្មវិធី​នៅ​កម្ពុជា​ឆ្នាំនេះ មាន​ប្រិយមិត្ត​គាំទ្រ​វិស័យ​K-POP ប្រមាណ​ជាង​១០០​នាក់ បានធ្វើការ​ចុះឈ្មោះ​ចូលរួម​ប្រកួត ហើយ​ក្រោយ​ឆ្លងកាត់​តាមរយៈ​ការវាយតម្លៃ​តាម​វីដេអូ យើង​បានធ្វើ​ការជ្រើសរើស​បេក្ខជន​និង​បេ​ក្ខ​នារី ចំនួន​១២​ក្រុម​(​រាំ​៧​ក្រុម និង ច្រៀង​៥​ក្រុម​) សរុប​មាន​ចំនួន​៥១​នាក់​។​

​ប្រភព​ដដែល​បាន​បន្តថា នៅ​ថ្ងៃ​សុក្រ ខាងមុខនេះ បេក្ខជន​និង បេ​ក្ខ​នារី ដែល​ត្រូវបាន​ជ្រើសរើស នឹងចូលរួម​ប្រកួត​នៅក្នុង​កម្មវិធី​វគ្គ​ដំបូង ដើម្បី​ដណ្តើម​តំណែង​ជា​អ្នកតំណាង​ឲ្យ​វិស័យ K-POP របស់​ប្រទេស​កម្ពុជា​។​

​ប្រភព​ដដែល​បាន​បន្តថា ក្នុងឆ្នាំនេះ ក្រុម​ថត​របស់​ស្ថានីយ៍ទូរទស្សន៍​KBS(Korean Broadcast System) នឹងធ្វើ​ការចុះ​មក​ថត​ផ្តិត​យក​ទិដ្ឋភាព​នៃ​ការប្រកួត​កម្មវិធី​វគ្គ​ដំបូង​នៅក្នុង​ប្រទេស​កម្ពុជា រួច​នឹង​ចាក់ផ្សាយ​ទៅ​ប្រមាណ​ជា​១២០​ប្រទេស​ទូទាំង​ពិភពលោក ហើយ​ក្រុម​ចម្រៀង N-tic របស់​កូរ៉េ នឹងធ្វើ​ដំណើរ​មកកាន់​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើការ​សម្តែង​អបអរ​ក្នុង​កម្មវិធី​នេះ​ផងដែរ​។​

​ដោយឡែក​ក្រៅពី​ព្រឹត្តិការណ៍​កំសាន្ត​នេះ ប្រភព​ដដែល​ក៏បាន​បង្ហាញ​នូវ​កម្មវិធី​មួយទៀត​នៅ មជ្ឍមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​កូរ៉េ​ដដែល គឺ​ការ​ប្រារព្ធ​កម្មវិធី​មហោស្រព​វប្បធម៌​កូរ៉េ ដែលជា​ព្រឹត្តិការណ៍​ដែល​បានរៀបចំ​ជា​រៀងរាល់ឆ្នាំ បន្ទាប់ពី​មជ្ឈមណ្ឌល​នេះ​ត្រូវបាន​សាងសង់​តាមរយៈ​ជំនួយ​របស់​អង្គការ​KOICA នៅក្នុង​ឆ្នាំ​២០១៤​។ សម្រាប់​មហោស្រព​វប្ប​ម៌​កូរ៉េ​ឆ្នាំនេះ មានកម្ម​វិធី​លាយ​ចម្រុះ​ជាច្រើន​ដូចជា ការសាកល្បង​ស្លៀក​សម្លៀកបំពាក់​ប្រពៃណី​កូរ៉េ​( ហាន់​ប៊ុ​គ – HAN BOK) ការលេង​ល្បែង​ប្រជាប្រិយ​កូរ៉េ ការប្រកួត​ឆ្លើយ​សំនួរ​ខ្លីៗ​ពាក់ព័ន្ធ​ជាមួយនឹង​ប្រទេស​-​កូរ៉េ និង​ការប្រកួត​ចម្អិន​អាហារ​កូរ៉េ​ជាដើម​។​

​ប្រភព​ដដែល​បាន​បន្តថា តាម​ការគ្រោងទុក លោក អូ ណាក់​យ៉ុង ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង លោក ជេ​ត ជាលី សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នឹងចូលរួម​ជា​គណអធិបតី ព្រមទាំង​ធ្វើ​ការចែក​រង្វាន់​ដោយផ្ទាល់ ជូន​ក្រុម​ម្ចាស់​ជ័យលាភី​ឆ្នើម​ក្នុង​កម្មវិធី​ប្រកួត​K-POP World Festival​។​

​ក្រុម​ម្ចាស់​ជ័យលាភី​ឆ្នើម​លេខ​១ នឹង​ទទួលបាន​ប្រាក់រង្វាន់ ១.០០០​ដុល្លា និង​ពានរង្វាន់ ព្រមទាំង​ទទួលបាន​ឱកាស​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​ធំ​ទូទាំង​ពិភពលោក ចំណែក​ក្រុម​ជ័យ​-​លា​ភី​ឆ្នើម​លេខ​២ ចំនួន​២​ក្រុម ក្នុង​១​ក្រុមៗ​នឹង​ទទួលបាន​ប្រាក់រង្វាន់ ៥០០​ដុល្លា និង​ពានរង្វាន់ ហើយ​ក្រុម​ជ័យលាភី​ឆ្នើម​លេខ​៣ ចំនួន​២​ក្រុម ក្នុង​១​ក្រុមៗ​នឹង​ទទួលបាន​ប្រាក់រង្វាន់​ចំនួន ៣០០​ដុល្លា និង​លិខិត​សរសើរ​។​

​លោក អូ ណាក់​យ៉ុង បាន​ថ្លែង​សារ​ជា​កិច្ច​ស្វាគមន៍ ដោយមាន​ប្រសាសន៍ថា “​សូម​ថ្លែងអំណរគុណ​ជូន​ចំពោះ​ប្រិយមិត្ត អ្នកគាំទ្រ​ទាំងឡាយ ដែល​តែងតែ​ផ្តល់នូវ​ក្តី​ស្រលាញ់​គាំទ្រ​ចំពោះ​វិស័យ​K-POP និង​រីករាយ​កម្សាន្ត​ជាមួយនឹង​វប្បធម៌​កូរ៉េ ខ្ញុំ​សង្ឃឹមថា​កម្មវិធី ប្រកួត​K-POP World Festival ដែល​ត្រូវបាន​ប្រារព្ធ​ឡើងជា​រៀងរាល់​ឆ្នាំនេះ នឹង​ជួយ​ជា​ចំណែក​ក្នុងការ​ជម្រុញ​ការផ្លាស់ប្តូរ​វប្បធម៌​រវាង​ប្រទេស​ទាំង​២ ហើយ​ព្រមទាំង​ក្លាយទៅជា​ឱកាស​ក្នុងការ​លើកកម្ពស់​ការ​ស្វែងយល់​ពីគ្នា​ទៅវិញទៅមក​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​២”​។​p