ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា រៀបចំ​ព្រះ​រាជពិធី​បុណ្យចំរើនព្រះជន្ម​អធិរាជ​ជប៉ុន ៨៤​ឈានចូល​៨៥​ព្រះវស្សា​

702
ចែករម្លែក
  • 17
    Shares

ដោយ​: សុផល / ភ្នំពេញ​: ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នា​យប់​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​បានរៀបចំ​ពិធី​អបអរ​សា​រទ ព្រះ​រាជពិធី​បុណ្យចំរើនព្រះជន្ម ព្រះករុណា ព្រះ​ចៅ​អធិរាជ​ជប៉ុន អាគី​ហ៊ី​តូ ៨៤ ឈានចូល​៨៥​ព្រះវស្សា ជា​ខួប​អនុស្សាវរីយ៍​៣០​ឆ្នាំ នៃ​ការឡើង​គ្រង​រាជសម្បត្តិ និង​ជា​ឱកាស​នៃ​ការបំពេញ​ព្រះរាជតួនាទី ជា​ព្រះ​ចៅ​អធិរាជ​ប៉ុន​ផងដែរ​។​

ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា រៀបចំ ព្រះ​រាជពិធី​បុណ្យចំរើនព្រះជន្ម​អធិរាជ​ជប៉ុន ៨៤​ឈានចូល​៨៥​ព្រះវស្សា​(​រូបៈ​សុផល​)

​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​, ឯ​អគ្គរាជទូត​, ឯកអគ្គរដ្ឋទូត​បណ្តា​ប្រទេស​ជា​មិត្ត និង​តំណាង​ថ្នាក់ដឹកនាំ​ស្ថាប័ន​រាជរដ្ឋាភិបាល​កម្ពុជា​ជាច្រើន បាន​អញ្ជើញ​ចូលរួម​ក្នុង​ព្រះ​រាជពិធី​បុណ្យចំរើនព្រះជន្ម ព្រះករុណា ព្រះ​ចៅ​អធិរាជ​ជប៉ុន​។​

​នៅក្នុង​ឱកាស​នេះដែរ លោក ហូ​រិ​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា​បាន​ថ្លែងថា ព្រះករុណា ព្រះ​ចៅ​អធិរាជ​ជប៉ុន អាគី​ហ៊ី​តូ នឹងដាក់​រាជ​នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំក្រោយ ហើយ​ព្រះអង្គម្ចាស់ ណា​រុ​ហ៊ី​តូ ព្រះរាជ​ទាយាទ នេ​ង​បន្ត​ឡើង​គ្រង​រាជសម្បត្តិ​នៅ​ថ្ងៃទី​១ ខែឧសភា ឆ្នាំក្រោយ​ផងដែរ​។​

​លោក​ឯកអគ្គរាជទូត​ជប៉ុន បាន​បន្តថា រយៈពេល​៣០​ឆ្នាំ នៃ​ការឡើង​គ្រង​រាជសម្បត្តិ​របស់​ព្រះ​ចៅ​ង​ធិ​រាជ អាគី​ហ៊ី​តូ គឺ​អំឡុងពេល​ដំណើរការ​ស្វែងរក​សន្តិ​ភាព រហូតដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា នាពេល​បច្ចុប្បន្ននេះ ព្រមទាំង​ជា​ពេលវេលា​នៃ​ការពង្រឹង និង​ពង្រីក​ចំណងមិត្តភាព​រវាង​ជប៉ុន និង​កម្ពុជា ដ៏​គួរឱ្យគត់សម្គាល់​។​

​ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បាន​ថ្លែងថា ទន្ទឹមនឹង​ការ​ប្រារព្ធ​ពិធី​នា​រាត្រី​នេះ យើងទាំងអស់គ្នា​ក៏បាន​រំឭក អំពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ជប៉ុន នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​១៩៥៣ តាមរយៈ​ការទូត​នេះ​យើង​បាន​បំពេញ​សកម្មភាព​មួយចំនួន​ក្នុង​ឆ្នាំ​២០១៨​នេះ​។ ចាប់តាំងពី​បាន​ភ្ជាប់ ទំនាក់ទំនង​ការទូត​ឡើងវិញ ក្នុង​ឆ្នាំ​១៩៩២​មក កម្ពុជា​-​ជប៉ុន បាន​បង្កើត​ទំនាក់​ទំនងជា​មិត្ត​ដ៏​ស្មោះត្រង់ ជិតស្និត និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នយោបាយ វិស័យសេដ្ឋកិច្ច វិស័យ​សង្គមកិច្ច និង​វប្បធម៌​។​

​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បាន​គូសបញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ​១៩៩០ ប្រទេស​ជប៉ុន បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ដំណើរការ​សន្តិភាព និង​ការកសាង​សន្តិភាព​បន្តទៀត​របស់​កម្ពុជា​។ ជាមួយគ្នានេះដែរ ប្រទេស​ជប៉ុន បាន​ចូលរួមចំណែក​យ៉ាង​ធំធេង​ក្នុងការ​ស្តារ​ប្រទេស​កម្ពុជា​ឡើងវិញ​ក្រោយ​សង្គ្រាម និង​បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា​។​

​លោក​ឧបនាយករដ្ឋមន្ត្រី បាន​បន្តថា កម្មវិធី​អភិវឌ្ឍន៍​ជា​ផ្លូវការ​របស់​ប្រទេស​ជប៉ុន ក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម និង​សេដ្ឋកិច្ចកម្ពុជា រួមមាន​៖ វិស័យ​គមនាគមន៍ វិស័យ​សុខាភិបាល​, វិស័យ​អប់រំ និង​បណ្តុះបណ្តាល វិស័យ​ទឹកស្អាត ប្រព័ន្ធគ្រប់គ្រង​គ្រោះទឹកជំនន់​តាម​តំបន់​ជនបទ ការដោះមីន គឺ​មិន​ត្រឹក​តែ​បាន​ជួយ​លើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជាជន​កម្ពុជា​នោះទេ ថែមទាំង​បាន​ចូលរួមចំណែក​លើក​កំណើនសេដ្ឋកិច្ច​កម្ពុជា​ផងដែរ​៕ ល​