ស្ថានទូត​ជប៉ុន​រៀបចំ​ពិធីបុណ្យ​ផ្កាយ​ឆ្នាំ​២០១៩

489
ចែករម្លែក

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​ស្ថានទូត​ជប៉ុន រួមសហការ​ជាមួយ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន (CJCC) និង​ម​ជ្ឈ មណ្ឌល​អាស៊ី​នៃ​មូលនិធិ​ជប៉ុន (JFAC) នឹង​រៀបចំ​នូវ​ព្រឹត្តិការណ៍​ពិធីបុណ្យ​ផ្កាយ​ឆ្នាំ​២០១៩ ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៤​ខែកក្កដា​នៅ​CJCC​។​នេះ​ប់​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​៩​ខែកក្កដា​នេះ​។​
​ប្រភព​ដដែល​បន្តថា ពិធីបុណ្យ​ផ្កាយ​ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ​ចាប់តាំងពី​ឆ្នាំ​២០០៤​មក ក្នុង​គោលបំណង​បន្ត​ជំរុញ​ការផ្លាស់ប្តូរ​វប្បធម៌​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា​បន្ថែមទៀត​។​
ស្ថានទូត​ជប៉ុន សូម​គោរព​អញ្ជើញ​អ្នកសារព័ត៌មាន​ទាំងអស់​ដែល​ចាប់អារម្មណ៍ ចូលរួម​យក​ព័ត៌មាន​ក្នុង​ពិធី​បើក​នៅ​ថ្ងៃ​សៅរ៍ ទី​១៣ ខែកក្កដា ចាប់ពី​ម៉ោង ២:៣០​រសៀល ដល់​ម៉ោង​៤​រសៀល នៅ​សាល​អង្គរ​-​គី​ហ្សូ​ណា CJCC​។​ពិធី​បើក​រួមមាន ការ​ថ្លែង​សុន្ទរកថា​របស់​ឯកអគ្គ​រាជទូត​ជប៉ុន និង​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា ការសម្តែង​សិល្បៈ​វប្បធម៌​កម្ពុជា និង​ជប៉ុន​។​
​កម្មវិធី​សំខាន់ៗ​ក្នុង​ពិធីបុណ្យ​ផ្កាយ​នៅ​សាល​អង្គរ​-​គី​ហ្សូ​ណា CJCC​រួមមានៈ​ការប្រឡង​ចម្រៀង​ណូ​ដូ​ជី​ម៉ាន់​ឆ្នាំ​២០១៩៖ ថ្ងៃអាទិត្យ ទី​១៤ ខែកក្កដា ម៉ោង​៩:៣០-១២​។​ ​ការប្រគំ​ត​ន្រី្ត​មេ​ឡូ​ឌី​ខ្មែរ​៖ ថ្ងៃអាទិត្យ ទី​១៤ ខែកក្កដា ម៉ោង​២:៣០​រសៀល​ដល់​ម៉ោង​៤​រសៀល​។​ការសម្តែង​ដោយ​ក្រុម​TEPURA KIDZ៖ ថ្ងៃអាទិត្យ ទី​១៤ ខែកក្កដា ម៉ោង​៦-៧​ល្ងាច​។
​ពិធីបុណ្យ​ផ្កាយ គឺជា​កម្មវិធី​បុណ្យប្រពៃណី​ជប៉ុន ដែល​តែងតែ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​៧ ខែកក្កដា ជា​រៀងរាល់ឆ្នាំ​នៅ​ប្រទេស​ជប៉ុន ដើម្បី​រំ​ឮ​ក​ដល់​ដំណើររឿង​របស់​គូស្នេហ៍​នៅលើ​ឋានសួគ៌​មួយគូ គឺ​នារី​តម្បាញ និង​បុរស​គង្វាលគោ​។ តាម​តំណាល​រឿង គូស្នេហ៍​មួយគូ​នេះ ត្រូវបាន​បំបែក​ដោយ​ទន្លេ​អា​មា​ណុ​ហ្កា​វ៉ា ហើយ​អាច​ជួបគ្នា​បានតែ​ម្តងគត់​ក្នុង​មួយឆ្នាំ គឺ​នៅ​ថ្ងៃទី​៧ ខែកក្កដា​។ ដូច្នេះ​នៅក្នុង​ថ្ងៃនោះ ប្រជាជន​ជប៉ុន​នាំគ្នា​សរសេរ​បំណងប្រាថ្នា​របស់ខ្លួន​ហើយ​ចង​ព្យួរ​ទៅនឹង​មែក​ឬ​ស្សី​ដើម្បី​បួងសួង​ឲ្យ​បានសម្រេច​តាម​អ្វីដែល​ខ្លួន​ប៉ងប្រាថ្នា​។​
​សម្រាប់​ឆ្នាំនេះ ក៏​នឹង​រួមមាន​កម្មវិធី​ជាច្រើន​ផ្សេងទៀត ដូចជា​សិក្ខាសាលា និង​បទ​បង្ហាញ​ដែល​ទាក់ ទង​នឹង អា​នី​មេ ខូ​ស​ផ្លេ ការប្រកួត​ភាពយន្ត​ខ្លី កម្មវិធី​JENESYS ការ​បញ្ចាំង​ខ្សែភាពយន្ត​ជប៉ុន ថ្នាក់រៀន​ចម្អិនម្ហូប​ជប៉ុន សិល្បៈ​បត់ក្រដាស​«​អូ​រី​ហ្គា​មី​» សិល្បៈ​កាត់​ក្រដាស​«​គី​រី​ហ្គា​មី​» ការសរសេរ​អក្សរ​ផ្ចង់​«​ស្យូ​ដូ​» ការសាកល្បង​ស្លៀក​សំលៀកបំពាក់​ប្រពៃណី​«​ក្បិន​ខ្មែរ​» និង​«​យូ​កាតា​ជប៉ុន​» ការសាកល្បង​ស្លៀក​សំលៀកបំពាក់ និង អនុវត្តន៍​កីឡា «​កេ​ន​ដូ​» និង​«​អ៊ី​អៃ​ដូ​» ថ្នាក់រៀន​បាញ់​ធ្នូ​មរតក​ខ្មែរ ព្រមទាំង​ការតាំងពិព័រណ៍​ផ្សេងៗ នៅក្នុង​ពិធីបុណ្យ​នេះ​។ មានភ្ជាប់​ជូន​ខិតប័ណ្ណ​ដែលមាន​កម្មវិធី​លម្អិត​។
​ ​
​ ​ពិធីបុណ្យ​ផ្កាយ​ឆ្នាំនេះ ក៏​នឹង​ផ្តោត​ជាពិសេស​លើ​ការ​សន្សំសំចៃ​បរិស្ថាន​។ ចាប់ពី​ឆ្នាំនេះ​តទៅ ស្ថាប័ន ដៃគូ​រៀបចំ​ពិធីបុណ្យ​នេះ នឹង​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​ការរៀបចំ និង​ការកាត់បន្ថយ​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ជាពិសេស​គឺ​សំណល់​ប្លា​ស្ទិ​ក​។ កំឡុង​ព្រឹត្តិការណ៍​ពិធីបុណ្យ​ផ្កាយ យើង​នឹង​លើកទឹកចិត្ត​អ្នកចូលរួម​ទាំងអស់ ត្រូវ​ចោល​សម្រាម​ឲ្យ​បាន​ត្រឹមត្រូវ​ទៅក្នុង​ធុងសំរាម​ដែល​បាន​បែងចែក​រួចជាស្រេច ជៀសវាង​ការ​ចោល សំរាម​ទៅលើ​ដី និង​ការកាត់បន្ថយ​សំរាម​ដោយ​ការប្រើប្រាស់​សាជាថ្មី​។ ឧទាហរណ៍​ជាក់ស្តែង​ដូចជា ការប្រើ ប្រាស់​ដប​ទឹក និង​ថង់​បរិស្ថាន ដែល​អាច​ប្រើប្រាស់​បាន​ម្តង​ហើយ​ម្តងទៀត​។ ការលើកទឹកចិត្ត​នេះ នឹងត្រូវ​បាន ធ្វើឡើង​តាមរយៈ ការណែនាំ​របស់​និស្សិត​ស្ម័គ្រចិត្ត សិក្ខាសាលា​ផ្សេងៗ ការសហការ​ពី​ម្ចាស់​ស្តង់​លក់​ផលិត ផល ដូចជា​ការលក់​បញ្ចុះ​តំលៃ ប្រសិនបើ​ប្រើប្រាស់​ដប​ទឹក​ដែល​អាច​ប្រើប្រាស់​ឡើងវិញ​យកមក​ដោយ​ខ្លួនឯង ឬ​ការមិន​ផ្តល់​ឲ្យ​នូវ​ថង់ ឬ​ទុយោ​ប្លា​ស្ទិ​ក​៕សរន