ស្ថានទូត​បារាំង​នឹង​ស្វាគមន៍​សាធារណជន​ចូល​ទស្សនា​ឧទ្យាន​ដោយ​សេរី​ក្នុង​ទិវា​បេតិកភណ្ឌ

240
ចែករម្លែក
ស្ថានទូត​បារាំង​នឹង​ស្វាគមន៍​សាធារណជន​ចូល​ទស្សនា​ឧទ្យាន​ដោយ​សេរី​ក្នុង​ទិវា​បេតិកភណ្ឌ

ដោយ​: វិវឌ្ឍន៍​/​ភ្នំពេញៈ​ក្នុងឱកាស​នៃ​ទិវា​បេតិកភណ្ឌ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​នឹង​បើកទ្វារ​ស្វាគមន៍​សាធារណជន​ចូល​ទស្សនា​ដោយ​សេរី នៅ​ថ្ងៃ​សៅរ៍ ទី​២១ ខែកញ្ញា​ខាងមុខ ។ ព្រឹត្តិការណ៍​ពិសេស​ឆ្នាំនេះ​នឹង​ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ «​ដំណើរ​កម្សាន្ត​តាម​ព្រៃព្រឹក្សា​»​ដោយ​អនុញ្ញាតឱ្យ​អ្នកទស្សនា​អាច​គយគន់​និង​ស្វែងយល់​ពី​ឧទ្យាន​ដ៏​ស្រស់ស្អាត​របស់​ស្ថានទូត ដែលជា​សួន​ដ៏​ធំ​មួយ​នៅ​រាជធានី​ភ្នំពេញ​ដែលមាន​ដើមឈើ ផ្កា​និង​រុក្ខជាតិ​នានា​ចម្រុះ​ជាច្រើន​ប្រភេទ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​។​


​ប្រភព​ដដែល​បន្តថា​ទិវា​បេតិកភណ្ឌ​នេះ​ស្ថានទូត​នឹង​បើកទ្វារ​ពេញ​មួយថ្ងៃ ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​៤​រសៀល (​រួមទាំង​ពេល​ថ្ងៃត្រង់​ពី​ម៉ោង​១២​ដល់​ម៉ោង​២​រសៀល​ផងដែរ​)​។ សាធារណជន​អាច​ចូល​ទស្សនា​ដោយ​សេរី ដោយ​មិនចាំបាច់​ចុះឈ្មោះ​ជាមុន ប៉ុន្តែ​មិន​អនុញ្ញាតឱ្យ​យក​ចំណីអាហារ ភេសជ្ជៈ​(​លើកលែង​ទឹក​) និង​កាបូប​ធំៗ​ចូល​នោះទេ​។​
​យោងតាម​ការចុះបញ្ជី​រុក្ខជាតិ ធ្វើឡើង​ដោយ​អ្នកជំនាញ​ផ្នែក​ក្សេត្រសាស្ត្រ​បារាំង និង​មន្ត្រី​ជំនាញ​ព្រៃឈើ​ខ្មែរ ស្ថានទូត​បារាំង​មាន​ដើមឈើ​ជាង​២០០​ដើម ត្រូវ​ជាជាង​៥០​ប្រភេទ​ផ្សេងៗ​គ្នា ដែល​កំពុង​ដុះ​ត្រឈឹងត្រឈៃ​ក្នុង​ឧទ្យាន​ទំហំ​៤,៥​ហិកតា​។ បន្ថែម​ពីលើ​នេះ មាន​ដើមឈើ​ជាង​៥០​ដើម​ផ្សេងទៀត ដែល​ក្រសួងបរិស្ថាន​កម្ពុជា​បានផ្តល់​ឲ្យ​ស្ថានទូត ដើម្បី​ដាំ​បំពេញបន្ថែម​ក្នុង​ក្របខ័ណ្ឌ​នៃ​គម្រោង​លើកស្ទួយ​តម្លៃ​រុក្ខជាតិ​ចម្រុះ​នៅក្នុង​ឧទ្យាន​ស្ថានទូត ជាមួយនឹង​ស្លាក​ពន្យល់ បង្ហាញ​ពី​ប្រភេទ​ដើមឈើ​គួរឱ្យកត់សម្គាល់​មួយចំនួន ។

ភ្ញៀវ​ទស្សនា​ឧទ្យាន​នាពេល​កន្លងទៅ​(​រូបថត​ស្ថានទូត​)


​ដំណើរ​កម្សាន្ត​ក្នុង​ឧទ្យាន​ក៏​ជា​ឱកាស​មួយ សម្រាប់​សាធារណជន​គយគន់​ស្នាដៃ​គំនូរ​រុក្ខជាតិ​លើ​ជញ្ជាំង​របស់​សិល្ប​ករបា​រាំង​នូ​ប្លា (Nuublaa) និង​វត្ថុ​សិល្ប​:​មួយចំនួន​ដែល​រចនា​ដោយ​សិល្បករ​កម្ពុជា អ៊ូ វណ្ណឌី​។
​គួរ​បញ្ជាក់ថា ឧទ្យាន​ស្ថានទូត​បារាំង​គឺជា​លំហ​បៃតង​ដ៏​ធំ​មួយ​នៅ​រាជធានី​ភ្នំពេញ ដែល​បើក​ជូន​សាធារណជន​ចូល​ទស្សនា​ជាច្រើនលើក​ក្នុង​មួយឆ្នាំៗ​ក្នុងឱកាស​ផ្សេងៗ​គ្នា​។​
​ដោយមាន​ការផ្តួចផ្តើម​ឡើង​ពី​ប្រទេស​បារាំង ទិវា​បេតិកភណ្ឌ​បច្ចុប្បន្ន​ត្រូវបាន​ប្រារព្ធ​ធ្វើ​នៅតាម​បណ្តា​ប្រទេស​នានា​ជាង​៥០​ប្រទេស​។ ដោយឡែក​នៅ​កម្ពុជា អគារ​ដ៏​ស្រស់ស្អាត​ផ្សេងទៀត​ក៏​នឹង​បើកទ្វារ​ទទួល​សាធារណជន​ចូល​ទស្សនា​ដោយ​សេរី​ផងដែរ ក្នុងនោះ​មាន សាលា​រាជធានី​ភ្នំពេញ និវេសនដ្ឋាន​ឯកអគ្គរាជទូត​អង់គ្លេស ការិយាល័យ​អង្គការ​យូណេស្កូ ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង សាលា​បារាំង​ដេ​កាត សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​,​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់​នៅ​ភ្នំពេញ​និង​អភិរក្ស​អង្គរ​នៅ​សៀមរាប​។ ចំណែក​ម៉ោង​ពេល​និង​បែបបទ​នៃ​ការ​ទស្សនា​ត្រូវបាន​កំណត់ដោយ​ស្ថាប័ន​នីមួយៗ​។ លោកអ្នក​អាច​ស្វែងយល់​ព័ត៌មាន​បន្ថែម​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ស្ថាប័ន​ចូលរួម ឬ​នៅលើ​ទំព័រ www.facebook.com/HeritageDayKH ៕srn

​ឧទ្យាន​ក្នុងស្ថានទូត​(​រូបថត​ស្ថានទូត​)