ស្ថានទូត​អាមេរិក​នឹង​ផ្តល់​ថវិកា​២​លាន​ដុល្លារ សម្រាប់​ការសិក្សា​អង្កេត​និង​ដោះ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ តាមរយៈ​ការប្រកួត​លក្ខណសម្បត្តិ​

210

(​ភ្នំពេញ​)៖​ស្ថានទូត​អាមេរិក​នៅ​ភ្នំពេញ នា​រសៀល​ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ​២០១៧​បានប្រកាស​ទទួល​ការដាក់​ពាក្យសុំ​ថវិកា​ចំនួន ២ លាន​ដុល្លារ ជា​អំណោយ​ថវិកា​រយៈពេល​មួយឆ្នាំ សម្រាប់​ការសិក្សា​អង្កេត និង​ដោះ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ នៅ​ភាគ​ខាងកើត​នៃ​​ប្រទេស​កម្ពុជា សម្រាប់​ឆ្នាំសារពើពន្ធ ២០១៨-២០១៩ ជាមួយនឹង​លទ្ធភាព​បន្ត​ផ្តល់​ថវិកា​នេះ សំរាប់​ឆ្នាំ​ទី​២​ទៀត​។ សេចក្តីប្រកាស​ពត៌មាន​​បញ្ជាក់ថា ដៃគូ​ដែលមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ត្រូវ​ប្រើ​បច្ចេកវិជ្ជា​ទំនើប​បំផុត​សម្រាប់​ដោះ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​ភាគ​ខាងកើត​នៃ​​ប្រទេស​កម្ពុជា ដើម្បី​ធ្វើឱ្យ​ផ្ទៃដី​មាន​សុវត្ថិភាព​សម្រាប់​ការធ្វើ​ស្រែ ចំការ ធ្វើ​ផ្លូវ ធ្វើ​ពាណិជ្ជកម្ម និង​សង់ផ្ទះ​ជាដើម​។
​ ​
​នៅក្នុង​សេចក្តីប្រកាស​ពត៌មានរ​បស់​ស្ថានទូត​អាមេរិក លោក​ឯកអគ្គរដ្ឋទូត​អាមេរិក វីលៀម អ៊ី​ហៃ​ត៍ បាន​មានប្រសាសន៍ថា “​សហរដ្ឋអាមេរិក​បាន​ជួយ​ដល់​ការដោះមីន មនុស្សធម៌​នៅ​កម្ពុជា អស់​រយៈពេល​ជាង​២០​ឆ្នាំ​មកហើយ​ហើយ​មានការ​ប្តេជ្ញាចិត្ត​​ក្នុងការ​ដោះស្រាយ​កេរ្តិ៍ ដំណែល​នៃ​សម័យ​សង្គ្រាម​។ ការផ្តល់​ថវិកា​ថ្មី​នេះ​គឺជា​ការបន្ត​នៃ​ការប្តេជ្ញាចិត្ត ពីព្រោះ​វា​នឹង​ជួយ​ក្នុងការ បោស សំអាត​កាកសំណល់​នៃ​សង្គ្រាម​។​យើង​កំពុង​រកមើល​ក្រុម​អ្នកឯកទេស​ខ្មែរ និង​ក្រុម​អ្នកឯកទេស​អន្តរជាតិ​ដើម្បីឱ្យ​មកជួយ​ដោះ​​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​កម្ពុជា​”​។

​សូមបញ្ជាក់ថា​កាលបរិច្ឆេទ​នៃ​ការទទួល​ពាក្យសុំ​គឺ​ថ្ងៃទី ១៦​ខែមករា​ឆ្នាំ​២០១៨​។ ចំពោះ​ព័ត៌មាន​បន្ថែម​ស្តីពី​ការ ការផ្តល់​ថវិកា​នេះ សូម​ចូល​មើល​គេហទំព័រ​នេះ https://www.grants.gov/web/grants/view-opportunity.html?oppId=298764 ៕​ដោយៈ​សុផល​/sn
​ ​
​ស្ថានទូត​អះអាងថា សហរដ្ឋអាមេរិក​បាន​ចំណាយ​ថវិកា​ចំនួន​ជាង​១៣១ លាន​ដុល្លារ​មកហើយ​នៅក្នុង​រយៈពេល ២​ទសវត្សរ៍​កន្លងទៅនេះ ដើម្បី​រកមើល​និង​ដោះចេញ មិន​ត្រឹមតែ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​របស់​អាមេរិក​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ​តែ​ថែម​​ទាំង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​របស់​ប្រទេស​ចិន វៀតណាម និង​អតីត​សហភាពសូវៀត​ផងដែរ នៅតាម​តំបន់​ដទៃទៀត​នៃ​ប្រទេស​កម្ពុជា